Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​រថយន្ត BENTLEY ភ្នំពេញ អបអរ​ពិធី​បើកសម្ពោធ​សាល​តាំង​លក់​ប្រចាំ​ប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រុមហ៊ុន អេច​ជី​ប៊ី គ្រុប (HGB Group) បានប្រកាស​សម្ពោធ​ជា​ផ្លូវការ នូវ​សាល​តាំង​លក់​ថ្មី របស់​ក្រុមហ៊ុន​រថយន្ត Bentley ភ្នំពេញ ដែលជា​ក្រុមហ៊ុន​លក់​ផ្ដាច់មុខ សម្រាប់​ម៉ាក​យីហោ​រថយន្ត​ប្រណីត​របស់​អង់គ្លេស​នេះ ដោយ​សាល​តាំង​លក់​នេះ ស្ថិត​នៅក្នុង​រាជធានី ដ៏​កុះករ​របស់​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន Bentley ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​ដង​មហាវិថី​ព្រះ​មុន្នី​រ៉េត ហើយ​មាន​លក់​គ្រប់​ម៉ូ​ដែល​ទាំងអស់ របស់​រថយន្ត Bentley ក៏ដូចជា ឈុត​សម្ភារៈ​ប្រណីត ដែល​សុទ្ធសឹង​ធ្វើឡើង​ដោយ​ដៃ​ផ្ទាល់​។ សាល​តាំង​លក់​ថ្មី​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​អត្តសញ្ញាណ សកល របស់​ក្រុមហ៊ុន Bentley ហើយ​បង្ហាញ​ពី​ប្រវត្តិ​ដ៏​ត្រចះត្រចង់ របស់​ម៉ាក​យីហោ​នេះ នៅក្នុង​លំហ​អគារ​ស្រស់ស្អាត និង​ទំនើប​ទាន់សម័យ ដោយ​មាន​បំពាក់​នូវ​ឧបករណ៍ និង​សង្ហារិម ដែល​ត្រូវបាន​ជ្រើសរើស​យ៉ាង​ប្រុងប្រយ័ត្ន និង​មាន​គុណភាព​ខ្ពស់ ដែល​ទាំងអស់​នេះ ពិត​ជា​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ ពី​លក្ខណៈ​សម្គាល់ របស់​រថយន្ត Bentley ពិតៗ​។​

​លោក ដេវីដ ជេ​កសុន (David Jackson) នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ ក្រុមហ៊ុន​រថយន្ត Bentley Motors បាន​មានប្រសាសន៍ថា​៖ “​សាល​តាំង​លក់​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង ដើម្បី​ជួយ​ឲ្យ​អតិថិជន របស់​យើង មាន​ចក្ខុវិស័យ​រឹងមាំ ភ្លឺ​ថ្លា និង​ទាន់សម័យ បាន​យល់​ពី​ម៉ាក​យីហោ​រថយន្ត Bentley ហើយ​សាល​នេះ ត្រូវបាន​តុបតែង នូវ​ភាព​ប្រណីត​ក្នុង​កម្រិត​ស្មើគ្នា នឹង​ភាព​ប្រណីត​ដ៏​ល្បីល្បាញ របស់​រថយន្ត​យើងខ្ញុំ​ផងដែរ​។ ការសម្ពោធ​សាល​តាំង​លក់​រថយន្ត Bentley ប្រចាំ​ទីក្រុង​ភ្នំពេញ នៃ​ព្រះរាជា ណាចក្រ​កម្ពុជា គឺជា​ការចាប់ផ្ដើម​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី និង​សបញ្ជាក់​ឲ្យឃើញ ពី​ការកើនឡើង​នូវ​វត្តមាន ដ៏​រឹងមាំ​របស់​រថយន្ត Bentley នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក ហ៊ឺ​ហ្វ្រី​ដ ហា​សេន​ហ៊​ល (Herfried Hasenoehrl) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អេច​ជី​ប៊ី គ្រុប បានប្រកាសថា​៖ “​យើង​មាន​សេចក្តី​រីករាយ ដែល​ក្រុមហ៊ុន HGB Group ត្រូវបានតែងតាំង ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ម៉ាក​យីហោ​រថយន្ត Bentley ដែល​ជា​ម៉ាក​យីហោ​រថយន្ត​ពិសេស និង​ទទួលបាន​ការគោរព​កោតសរសើរ​យ៉ាង​ខ្លាំង​។ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​និរន្តរភាព ក៏ដូចជា​ស្ថិរភាព​នយោបាយ​។ សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ជោគជ័យ កំពុង​តែ​បង្កើត​ភាពជោគជ័យ នៅក្នុង​សហគមន៍​ពាណិជ្ជកម្ម​។ ដូច្នេះ គ្មាន​អ្វី​ដែល​គួរ​ភ្ញាក់ផ្អើល​ទេ នៅពេល​ដែល​មើលឃើញថា នៅ​កម្ពុជា​កំពុង​មាន​ការកើនឡើង​នូវ​ការ​ឲ្យ​តម្លៃ​ចំពោះ​ហត្ថកម្ម​ដែល​មាន​គុណភាព​ខ្ពស់ ការច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា និង​ភាព​ឥតខ្ចោះ​នៃ​ដំណើរការ សម្រាប់​ផលិតផល​ផ្សេងៗ​។ យើង​នឹង​ធ្វើការ​បម្រើ​សេវាកម្ម ដល់​អតិថិជន​របស់​យើង នៅ​ក្នុង​សាល​តាំង​លក់​ថ្មី​នេះ ក៏ដូចជា នៅឯ​ទីតាំង​ផ្ដល់​សេវាកម្ម​ថែទាំ ដែល​បច្ចុប្បន្ន​នេះ​ក៏​កំពុង​បើក​ទ្វារ ដើម្បី​ស្វាគមន៍​ដល់​ម្ចាស់​រថយន្ត Bentley ផងដែរ​។​

សាល​តាំង​លក់​ថ្មី​ដ៏​ទំនើប​ទាន់​សម័យនេះ គឺជា​សមិទ្ធផល​មួយ​ទៀត នៃ​ការបោះ​ជំហាន​របស់​ក្រុមហ៊ុន​រថយន្ត Bentley ក្នុង​ទីផ្សារ​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រុមហ៊ុន អេច​ជី​ប៊ី​គ្រុប គឺជា​ក្រុមហ៊ុន​លក់​ផ្ដាច់មុខ​សម្រាប់​រថយន្ត Bentley នៅ​រាជធានី​ភ្នំពេញ ហើយ​នឹង​មាន​លក់​គ្រប់​ម៉ូ​ដែល​ទាំងអស់ ដល់​អតិថិជន រួមមាន ម៉ូ​ដែល Mulsanne, Bentayga, Flying Spur និង​រថយន្ត Continental GT ស៊េរី​ថ្មី​។​

ក្រុមហ៊ុន Bentley ភ្នំពេញ ក៏​មាន​មោទនភាព​ក្នុង​ការបង្ហាញ​រថយន្ត Bentley Bentayga V8 ថ្មី ដែល​ជា​ម៉ូ​ដែល​ថ្មី​បំផុត បន្ថែម​លើ​សំណុំ​ម៉ូ​ដែល Bentayga ដែល​ជា​រថយន្ត​ឈ្នះ​ពានរង្វាន់​ផងដែរ​។ ផ្នែក​ស្នូល​នៃ​រថយន្ត​នេះ គឺ​ម៉ាស៊ីន​សាំង V8 ជំនាន់​ថ្មី ប្រើទែ​របូ​ភ្លោះ (twin-turbocharged) ចំណុះ 4 លីត្រ ដែល​មាន​កម្លាំង​ខ្លាំង ហើយ​សន្សំសំចៃ​ប្រេង​ច្រើន​។​

ការបំពាក់​នូវ​សំឡេង​ម៉ាស៊ីន 8 ដ៏​ឥតខ្ចោះ បំពង់​ស៊ី​ម៉ាង​ភ្លោះ​ដ៏​ស្រស់ស្អាត និង​ជម្រើស​ហ្វ្រាំង​កាបូន​សេ​រ៉ា​ម៉ិច បង្ហាញ​ឲ្យ​កាន់តែ​ឃើញ​ពី​លក្ខណៈ​បែប​ស្ព័​រនៃ​រថយន្ត SUV ដ៏​ប្រណីត​នេះ​។​

ប្រព័ន្ធ​ឌី​ណាមិក​ជួយ​បង្កើត​កម្លាំងបាន 542 bhp (550 PS) និង​រង្វិល​ជុំ​ម៉ាស៊ីន (torgue) បាន 568 lb.ft (700 Nm) ដែល​ជួយ​ឲ្យ​រថយន្ត​មាន​ល្បឿន​លឿន​បំផុត 180 mph (290 km/h) និង​សន្ទុះ​ល្បឿន​ឡើង​ពី 0 ដល់ 60 mph ប្រើ​ពេល​តែ 4.4 វិនាទី (​សន្ទុះ​ល្បឿន​ឡើង ដល់ 100 km/h ប្រើ​ពេល​តែ 4.5 វិនាទី​)​។​

ដំណើរការ​លំដាប់​ឈានមុខ​គេ​របស់​ម៉ូ​ដែល Bentayga V8 ក៏​ត្រូវ​បាន​បង្ហាញ​បន្ថែម​តាមរយៈ ការបញ្ចេញ​ឧស្ម័ន​កាបូនិច​ត្រឹមតែ 260g/km នៅ​ក្នុង​ការធ្វើដំណើរ​ចម្ងាយ 464 ម៉ែ​ល (746 km) ។ សមត្ថភាព​សន្សំសំចៃ​ប្រេង ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើងវិញ (​ជារួម 24.8 mpg ឬ 11,4 លីត្រ​/100 km) មួយ​ផ្នែក​អាច​ធ្វើទៅបាន​ដោយសារ​សមត្ថភាព​របស់​ម៉ាស៊ីន​អាច​ផ្អាក​ដំណើរកា​រស៊ី​ឡាំង​ចំនួន​បួន​ក្នុង ចំណោម​ស៊ីឡាំង​ចំនួន 8 របស់​ម៉ាស៊ីនរថយន្ត​នេះ ប្រសិនបើ​រថយន្ត​ស្ថិតក្នុង​ស្ថានភាព​សមស្រប​ណាមួយ ហើយ​ការផ្អាក​ដំណើរការ​ស៊ីឡាំង នេះ​ពុំ​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បើកប​រឡើយ​។ ដំណើរការ​ផ្លាស់ប្ដូរ​ដ៏​រលូន​នេះ​គឺធ្វើឡើង​ក្នុង​រយៈពេល​ត្រឹមតែ 20 មី​ល្លី​វិនាទី​ប៉ុណ្ណោះ ដែល​មិន​អាច​ឲ្យ​អតិថិជន​ដឹងថា​មាន​ការប្រែប្រួល​ទាល់តែ​សោះ​ឡើយ​។​

ការច្របាច់បញ្ចូល​គ្នា​ជាពិសេស​នៃ​ភាព​ប្រណីត​យ៉ាង​ស្រស់ស្អាត ការបំពាក់​សម្រិតសម្រាំង ប្រៀប​បាន​នឹងរ​ថយ​ន្តលី​ម៉ូ​ស៊ីន ភាព​ធន​ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ ភាព​មាន​ដំណើរការ​ល្អ និង​ការ​រចនា​ដ៏​អស្ចារ្យ ធ្វើឲ្យ​រថយន្ត Bentayga V8 មាន​ចំណុច​ពិសេស​ប្លែក​គេ និង​មិន​អាច​ប្រៀបផ្ទឹម​បានឡើយ​នៅក្នុង​ទីផ្សារ​រថយន្ត SUV បែប​ប្រណីត​នេះ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថ​យន្ត Bentayga V8 ប្រភេទ​ថ្មី សូម​ចូល​មើល ឯកសារ​ព័ត៌មាន​របស់​រថយន្ត Bentley​។​

​ក្រុមហ៊ុន អេច​ជី​ប៊ី គ្រុប ខូ អិល​ធី​ឌី (HGB Group Co., Ltd.) គឺជា​ក្រុមហ៊ុន​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 2012 ហើយ​មាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ប្រទេស​សិង្ហ​បុរី​។ ក្រុមហ៊ុន ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​យានយន្ត ម្ហូបអាហារ និង​ភេសជ្ជៈ និង​ឧស្សាហកម្ម​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​។​

ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ជោគជ័យ ក្លាយទៅជា​ដៃគូ​ឈាន​មុខ​គេ​សម្រាប់​ម៉ាក​យីហោ​យានយន្ត​លំដាប់​អន្តរជាតិ ហើយក៏​បាន​កសាង​ខ្លួន​ឲ្យក្លាយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​យានយន្ត​នេះ ជាមួយនឹង​អាគារ​បម្រើ​សេវាកម្ម​ដែល​មាន​ភាពទំនើប​ប្រណីត ការយកចិត្តទុកដាក់​ចំពោះ​អតិថិជន និង​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការផ្ដល់​សេវា​ថែទាំ​រថយន្ត​ប្រកបដោយ​គុណភាព​ជាប់​ជានិច្ច​តាមរយៈ​បុគ្គលិក​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ពោរពេញ​ដោយ​វិជ្ជាជីវៈ​។​

សាល​តាំង​លក់​ថ្មី​របស់​ក្រុមហ៊ុន Bentley ភ្នំពេញ ស្ថិត​នៅ​អគារ​លេខ 37 មហាវិថី​ព្រះ​មុន្នី​រ៉េត សង្កាត់​វាលវង់ ខ័ណ្ឌ 7 មករា រាជធានី​ភ្នំពេញ (​លេខ​ប៉ុស្តិ៍​ប្រៃសណីយ៍ 12253) ព្រះរាជាណាចក្រ​កម្ពុជា​។ មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Bentley គឺ​ស្ថិតនៅ​អគារ​លេខ 379 មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​លេខ​ប៉ុស្តិ៍ ប្រៃសណីយ៍ 12406) ព្រះរាជា​ណាចក្រ​កម្ពុជា​។​

​ក្រុមហ៊ុន​រថយន្ត Bentley Motors គឺជា​ម៉ាក​យីហោ​រថយន្ត​ប្រណីត​ដែល​មាន​ភាព​ពេញនិយម​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​។ ទីស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ស្ថិត​នៅក្នុង​ទីក្រុង គ្រូ (Crewe) ជា​មូលដ្ឋាន​សម្រាប់​គ្រប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​រាប់បញ្ចូល​ទាំង​ផ្នែក​រចនា​ម៉ូត ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) ផ្នែក​វិស្វកម្ម និង​ផលិតកម្ម​សម្រាប់​សែស្រឡាយ​ម៉ូ​ដែល​រថយន្ត​ទាំង​បួន​របស់​ក្រុមហ៊ុន ដែល​មាន​ដូចជា Continental, Flying Spur, Bentayga និង Mulsanne​។ ការច្របាច់បញ្ចូលគ្នា​នូវ​ហត្ថកម្ម​ដ៏​ល្អឥតខ្ចោះ ដោយ​ប្រើ​ប្រាស់​ជំនាញ ដែល​បាន​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់ បូកផ្សំ​ជាមួយ​នឹង​ជំនាញ​ផ្នែក​វិស្វកម្ម និង​បច្ចេកវិទ្យា​ឈានមុខ គឺជា​គោលការណ៍​​ពិសេស​ខុសប្លែក​ពី​គេ សម្រាប់​ម៉ាក​យីហោ​រថយន្ត​ប្រណីត​នានា​របស់​ចក្រភព​អង់គ្លេស ដែល​មាន​ដូចជា​ម៉ាក Bentley នេះ​ជាដើម​។ ម៉ាក​យីហោ​រថយន្ត​នេះ​ក៏​ជា​តឹកតាង​គំរូ សម្រាប់​វិស័យ​ផលិតកម្ម ដែល​មាន​តម្លៃ​ខ្ពស់​របស់​អង់គ្លេស ។ ក្រុមហ៊ុន Bentley មាន​បុគ្គលិក​ប្រមាណ 4.000 នាក់​នៅ​ឯ​ទីក្រុង Crewe៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

       

spot_img
×