អតីតប្រធានាធិបតីអាមេរិក Donald Trump និងកូនបីនាក់របស់គាត់ ត្រូវបានប្តឹងដោយអគ្គមេធាវីរដ្ឋញូវយ៉កពីបទក្លែងបន្លំផ្សេងៗ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
ពាក្យបណ្តឹងដែលមានកម្រាស់ ២១៤ ទំព័រ ត្រូវបានដាក់នៅតុលាការរដ្ឋញូវយ៉ក ក្នុងទីក្រុង Manhattan – សហរដ្ឋអាមេរិក ដោយចោទប្រកាន់អង្គការ Trump ពីបទក្លែងបន្លំក្នុងដំណើរការធ្វើរបាយការណ៍ប្រចាំឆ្នាំសម្រាប់រយៈពេលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២១។
ក្រៅពីលោក Trump បណ្ដឹងនេះ ក៏បានដាក់ឈ្មោះកូន៣នាក់របស់គាត់អតីតក្នុងនោះរួមមាន៖ Trump Jr., Eric Trump និង Ivanka Trump និងព្រមទាំងអតីត CFO Allen Weisselberg ផងដែរ។
អគ្គមេធាវីនៃទីក្រុងញូវយ៉ក លោកស្រី Letitia James បានចោទប្រកាន់ថា Trump និងអង្គការ Trump បាននិយាយពន្លើសតម្លៃ នៃអចលនទ្រព្យ ដើម្បីទទួលបានប្រាក់កម្ចីសម្បទាន និងអត្ថប្រយោជន៍ពន្ធ។
អង្គការ Trump គ្រប់គ្រងសណ្ឋាគារ ទីលានវាយកូនហ្គោល និងអចលនទ្រព្យជុំវិញពិភពលោក។ ហើយសាជីវកម្មនេះត្រូវបានស៊ើបអង្កេតដោយលោកស្រី Letitia James អស់រយៈពេលជាង ៣ ឆ្នាំ មកហើយ។
អគ្គមេធាវីក្រុងញូវយ៉ក បានកំណត់ថា ទ្រព្យសម្បត្តិ ២៣ របស់លោក Trump ត្រូវបាន “បំប៉ោងតម្លៃ” ហើយការិយាល័យរបស់លោកស្រី James បានរកឃើញករណីខុសតម្លៃរហូតជាង ២០០ ករណី។
អចលនទ្រព្យទាំងនោះរួមមានអចលនទ្រព្យសម្រាប់លក់ដូចជា Mar-a-Lago ក្នុងរដ្ឋ Florida និង penthouse របស់លោក Trump នៅលើ Trump Tower ក្នុង Manhattan ។
លោកស្រី Letitia James ត្រូវបានដកស្រង់សម្តីដោយនិយាយថា លោក Trump បាននិយាយពន្លើសផ្ទៃដីនៃផ្ទះល្វែង Trump Tower ជិត ៣ លើក ដោយតម្លៃរបស់វាដល់ទៅ ៣២៧ លានដុល្លារ ក្នុងឆ្នាំ២០១៥ ។ លោកស្រី James បានពន្យល់ថា៖ «វាពិតជាមិនសមហេតុផលទេ ព្រោះគ្មានផ្ទះល្វែងនៅទីក្រុងញូវយ៉កលក់ក្នុងតម្លៃ ៣២៧ លានដុល្លារនោះទេ ខណៈមានតែតម្លៃ ១០០ លានដុល្លារ ប៉ុណ្ណោះនៅពេលនោះ»។
លោក Letitia James បាននិយាយថា ពាក្យបណ្តឹងនេះមានគោលបំណង ដើម្បីទាញយកប្រាក់ចំណេញខុសច្បាប់យ៉ាងហោចណាស់ ២៥០ លានដុល្លារ និងបានបន្ថែមថា ការចោទប្រកាន់នេះ ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញាសហព័ន្ធនៅ Manhattan និងសេវាចំណូលផ្ទៃក្នុងរួចហើយ។
លោកស្រី James បានបន្តថា ដោយមានជំនួយពីកូនៗរបស់គាត់ និងនាយកប្រតិបត្តិនៅអង្គការ Trump លោក Donald Trump បានបំប៉ោងទ្រព្យសម្បត្តិរបស់គាត់រាប់ពាន់លានដុល្លារ ដើម្បីពង្រឹង និងបញ្ឆោតរដ្ឋ ដោយខុសច្បាប់។
បណ្តឹងនេះក៏ស្វែងរកការរារាំងអង្គការ Trump និង Trump ពីការទិញអចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក ឬខ្ចីប្រាក់ពីធនាគារគ្រប់គ្រងដោយរដ្ឋ រយៈពេល៥ឆ្នាំ។
តែទោះជាយ៉ាងណា ជាការឆ្លើយតប ភាគីខាងលោក Trump បានបដិសេធរាល់ការប្រព្រឹត្តខុស ហើយបានរិះគន់ការស៊ើបអង្កេតរបស់លោកស្រី James ថាជា «ហេតុផលនយោបាយ»។ លើសពីនេះ អង្គការ Trump ក៏បានហៅការចោទប្រកាន់របស់លោកស្រី James ថា «គ្មានមូលដ្ឋាន» ផងដែរ។
គួរបញ្ជាក់ថា បណ្ដឹងនេះគឺជាការប៉ះទង្គិចផ្លូវច្បាប់ដ៏ធំបំផុតមួយ ចំពោះលោក Trump ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិករូបនេះ បានចាកចេញពីតំណែងក្នុងខែមករា ឆ្នាំ ២០២១។ ហើយការកាត់ក្តីរំពឹងថា នឹងបើកនៅថ្ងៃទី២៤ ខែតុលា ខាងមុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




