Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន វ៉​ល​ម៉ាត់ របស់​អាមេរិក ចូលមក​បណ្តាក់ទុន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​

ភ្នំពេញ​៖ ក្នុងឱកាស​ឈាន​ជើង​ចូលមក​ស៊ី​នៅ​ស្រុក​ខ្មែរ អនុប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន វ៉​ល​ម៉ា​ត​អន្តរជាតិ របស់​អាមេរិក បាន​សម្តែង​ការ​ជឿជាក់ថា អតិថិជន​របស់​វ៉​ល​ម៉ា​ត នឹង​ពេញចិត្ត​នូវ​ប្រភព​ទំនិញ ដែល​វ៉​ល​ម៉ា​ត​បញ្ជា​ទិញ ពី​កម្ពុជា សម្រាប់​ចែកចាយ​តាម​ហាង​នានា នៅ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​នានា​ទូទាំង​ពិភពលោក​។

​នា​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុ​ញ្ញា​ត្ត​ឱ្យ​លោក Scott Price អនុប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន វ៉​ល​ម៉ា​ត​អន្តរជាតិ ដឹកនាំ​គណៈប្រតិភូ ចូលជួប​សំដែង ការគួរសម និង​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន វ៉​ល​ម៉ាត់ ក្នុងការ​ចូលមក​បណ្តា​ក់​ទុន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។

​នៅក្នុង​ជំនួប​នេះ គណៈប្រតិភូ​ក្រុមហ៊ុន វ៉​ល​ម៉ា​ត ចង់​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់ និង​បទដ្ឋាន​នានា​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ទៅលើ​កម្លាំង​ពលកម្ម ច្បាប់​ស្តីពី​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ ទំនាក់ទំនង​វិជ្ជាជីវៈ និង​បរិយាកាស​ការងារ​នៅ​កម្ពុជា​។

​ក្រោយពី​បានទទួល​បាន​នូវ​អនុសាសន៍ និង​ការចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​បើកទូលាយ​ក្នុងការ​ប្រកប​អាជីវកម្ម ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកវិនិយោគទុន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​ទទួលបាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ កំណើនសេដ្ឋកិច្ច​បន្តរ​ក្សា​កំណើន​បានជា​មធ្យម ៧​ភាគរយ​។ លទ្ធផល​ទាំងនេះ ក៏​ជាការ​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ​, គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​បាន​បង្កើន​ឱកាស​វិនិយោគ បង្កើន​ការងារ​សមរម្យ ជំរុញ​ការអភិវឌ្ឍ​ជំនាញ និង​ធនធានមនុស្ស ការលើកកម្ពស់​ជីវភាព និង​សុខុមាលភាពរ​បស់បង​ប្អូន​កម្មករនិយោជិត​។

​ក្រុមហ៊ុន វ៉​ល​ម៉ា​ត បាន​ថ្លែងអំណរគុណ ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​គាំពារ​ដល់​វិស័យ​ឯកជន ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលនយោបាយ​ដ៏​ល្អ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ជាពិសេស​ក្នុង​បន្ត​ធានា​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ដែលជា​ប្រភព​ទំនិញ​ស្អាតស្អំ គ្មាន​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​កម្មករនិយោជិត ហើយ​កម្មករនិយោជិត​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ល្អប្រសើរ​។ ទាំងនេះ​ជា​កត្តា​ដ៏​ចម្បង សម្រាប់​ក្រុមហ៊ុន​វ៉​ល​ម៉ា​ត រក្សា​នូវ​ស្តង់ដា​របស់ខ្លួន​។ លោក​ជឿជាក់ថា “​អតិថិជន​របស់​វ៉​ល​ម៉ា​ត នឹង​ពេញចិត្ត​នូវ​ប្រភព​ទំនិញ ដែល​វ៉​ល​ម៉ា​ត​បញ្ជា​ទិញ ពី​កម្ពុជា​សម្រាប់​ចែកចាយ​តាម​ហាង​នានា នៅ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​នានា​ទូទាំង​ពិភពលោក​”​។

​លោក Scott Price ក៏បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​សក្តានុពល​កម្ពុជា និង​ស្ថានភាព​វិវត្តន៍​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ធ្វើការ​ពិចារណា​ក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា​។ ក្រុមហ៊ុន​នឹង​បន្ត​បង្កើន​ការបញ្ជាទិញ​ទំនិញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា រួមទាំង​ទំនិញ​សម្ភារៈ​ធ្វើដំណើរ​ដែល​កម្ពុជា​ទើបតែ​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហរដ្ឋអាមេរិក​ផងដែរ​។

​សូមបញ្ជាក់ថា​ក្រុមហ៊ុន វ៉​ល​ម៉ា​ត ជា​ក្រុមហ៊ុន​អាមេរិក​ដ៏​ធំ​ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង Bentonville រដ្ឋ Arkansas វិនិយោគ​ទៅលើ​ផ្សារ​ទំនើប​ឈ្មោះថា វ៉​ល​ម៉ា​ត ហើយ​បច្ចុប្បន្ន​មាន ហាង​លក់ទំនិញ​យីហោ Walmart ជាង ៦២០០ ហាង​នៅ​សហរដ្ឋអាមេរិក និង​ជាង​៨៥០០០០ ហាង​ទៀត​នៅក្នុង​២៧​ប្រទេស​។ ក្រុមហ៊ុន វ៉​ល​ម៉ា​ត ជា​ក្រុមហ៊ុន ដែលមាន​ចំណូល​ធំជាងគេ​ក្នុង​ពិភពលោក ប្រហែល ៤៨០ ពាន់​លាន​ដុលារ​អាមេរិក ហើយក៏​ជា​ក្រុមហ៊ុន​ដែលមាន​កម្មករនិយោជិត​ច្រើនជាងគេ​នៅលើ​ពិភពលោក​ផងដែរ ប្រមាណ ២,៣ លាន​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×