ភ្នំពេញៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ បានប្រកាសផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារជាបណ្តោះអាសន្ន ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបាន បន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលជាម្ចាស់ រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាជ្រាបថា៖ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបាន បន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ត ដឹកទំនិញធុនធ្ងន់បានទេ។
អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការ បិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ៩ (ចាប់ពីចំណុចគីឡូម៉ែត្រលេខ៥៦០ ដល់គីឡូម៉ែត្រលេខ៥៦១) ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។
ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួម ចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕ រក្សាសិទ្ធិដោយៈ ចេស្តារ



