Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋរិះគន់ថា គោលការណ៍មិនច្បាស់លាស់របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើឱ្យរថយន្តរាប់ពាន់គ្រឿងជាប់គាំងត្រង់ច្រកទី ៤ ត្រែងត្រយឹង

spot_img

ព្រះសីហនុ ៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលចាកចេញពីរាជធានីភ្នំពេញ ទៅសម្រាកជួបជុំសាច់ញាតិក្រុមគ្រួសារ និងខ្លះទៅលំហែកាយនៅខេត្តព្រះសីហនុក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ លុះពេលដល់ថ្ងៃបិទបញ្ចប់ ក៏នាំគ្នាសម្រុកធ្វើដំណើរចូលមកកាន់រាជធានីភ្នំពេញវិញ តាមផ្លូវជាតិលេខ ៤ ហើយគ្រួសារខ្លះបានបត់ចូលមកកាន់ផ្លូវល្បឿនលឿនតាមច្រកត្រែងត្រយឹងខេត្តកំពង់ស្ពឺ (ច្រកល្បឿនលឿនទី ៤) ស្រាប់តែស្ទះចរាចរណ៍កកកុញទៅមុខលែងរួច ត្រឡប់ក្រោយលែងកើត និងថែមទាំងត្រូវបានសន្តិសុខច្រកទី ៤ នេះ ទារលុយពីម្ចាស់រថយន្តក្នុង១រថយន្ត ២ម៉ឺនរៀលទៀត។

សូមបញ្ជាក់ថា ការកកស្ទះចរាចរណ៍កកកុញនៅលើកំណាត់ផ្លូវល្បឿនលឿននេះ បានកើតឡើងចាប់ពីវេលាម៉ោង ៣:០០ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់យប់ ម៉ោង ៩:០០ ទៅម៉ោង ១០:០០ ថ្ងៃដដែល ទើបចរាចរណ៍ត្រូវបានសម្រួលស្រួលបួលឡើងវិញ, ការកកស្ទះនេះ គឺនៅត្រង់ចន្លោះច្រកត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ជាច្រកទី៤។

ការដែលក្រុមគ្រួសារប្រជាពលរដ្ឋសម្រុកចេញពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ គឺពួកគេត្រៀមចូលធ្វើការ ឬប្រកបអាជីវកម្មឡើងវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃក្រុមហ៊ុនអាជីវកម្មឯកជនតម្រូវឲ្យចូលធ្វើការវិញ, ម្យ៉ាង ពួកគេចាកចេញពីខេត្តព្រះសីហនុក្នុងវេលាម៉ោង និងថ្ងៃតែមួយស្រុះគ្នា ទើបធ្វើឲ្យចរាចរណ៍ណែនណាន់តាន់តាប់លើកំណាត់ប្រជាលេខ ៤ និងអ្នកខ្លះចង់រំដោះចរាចរណ៍ ក៏បត់ចូលតាមផ្លូវល្បឿនលឿនត្រង់ច្រកត្រែងត្រយឹង ខេត្តកំពង់ស្ពឺ (ច្រកទី ៤) ហើយស្របពេលដែលផ្លូវនេះរៀបចំគោលការណ៍ និងសណ្ដាប់ធ្នាប់មិនច្បាស់លាស់ ក៏ត្រូវជាប់គាំងដូច្នេះទៅ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរជាប់គាំងត្រង់កំណាត់ផ្លូវល្បឿនលឿនច្រកត្រែងត្រយឹងបាននិយាយថា ការកកស្ទះចរាចរណ៍ ឬជាប់គាំងនេះ គឺដោយសារតែដំបូងឡើយខាងសន្តិសុខនៃបញ្ជរបង់ប្រាក់ច្រកទី ៤ បានបើកឱ្យរថយន្តដែលចេញពីផ្លូវជាតិលេខ ៤ ចូលទៅផ្លូវល្បឿនលឿន ប៉ុន្តែនៅបញ្ជរបង់ប្រាក់មួយគន្លាក់ទៀត ស្រាប់តែគេបិទបារ៉ាស់ហាមមិនឲ្យឆ្លងកាត់ទៅវិញ។

លុះពេលរថយន្តមួយចំនួនបានបត់ត្រឡប់ក្រោយវិញ ស្រាប់តែនៅច្រកទី៤ ត្រែងត្រយឹងនេះ ត្រូវបានគេយករថយន្តពន្លត់អគ្គិភ័យពីរគ្រឿងមកដាក់ពាំងផ្លូវ ក្នុងបំណងមិនឲ្យរថយន្តដែលចេញពីផ្លូវជាតិលេខ ៤ ចូលមកកំណាត់ផ្លូវល្បឿនលឿននេះបន្ថែមទៀត ទើបធ្វើឱ្យរថយន្តរាប់ពាន់គ្រឿង ជាប់គាំងនៅចន្លោះនេះ ទៅមុខមិនរួច ត្រឡប់ក្រោយក៏មិនកើត, បញ្ហាទាំងនេះ គឺបណ្ដាលមកពីក្រុមការងារលើកំណាត់ផ្លូវល្បឿនលឿន ដាក់កំណត់គោលការណ៍មិនច្បាស់លាស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះត្រង់ថា ” បើបិទ គឺបិទ , បើថា បើក គឺបើក , បើថា ហ្វ្រី គឺហ្វ្រី ” ហេត្តម្ដេច ក៏បើកកន្លែងនេះ បិទកន្លែងនោះទៅវិញ ហើយថែមទាំងទារលុយទៀត។

តាមប្រជាពលរដ្ឋអ្នកធ្វើដំណើរលើដងផ្លូវល្បឿនលឿននេះ បាននិយាយរិះគន់ថា បានជាធ្វើឲ្យរថយន្តរាប់ពាន់គ្រឿងជាប់គាំងនៅលើកំណាត់ផ្លូវល្បឿនលឿនត្រង់ចន្លោះ ច្រកទី ៤ ត្រែងត្រយឹងនេះ គឺបណ្ដាលមកក្រុមអ្នកចាត់ចែងការងារលើកំណាត់ផ្លូវល្បឿនលឿន ជាពិសេស ក្រុមការងារប្រចាំការនៅចំណុចបញ្ជរបង់ប្រាក់តាមច្រកនីមួយៗ មិនមានចំណាត់ការ ឬគោលការណ៍ច្បាស់លាស់ ហើយថែមទាំងឆ្លៀតពុករលួយប្រមូលលុយពីប្រជាពលរដ្ឋក្នុងរថយន្តមួយគ្រឿង ២ម៉ឺនរៀលថែមទៀត។

គួរបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសរួចហើយថា ផ្លូវល្បឿនលឿននេះ ត្រូវហ្វ្រីឲ្យប្រជាពលរដ្ឋបើកបរធ្វើដំណើរដោយឥតគិតថ្លៃរយៈពេលមួយខែ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២, ហើយបន្ទាប់មកនឹងត្រូវបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបចាប់ផ្ដើមគិតប្រាក់។

នៅពេលដែលប្រជាពលរដ្ឋសួរថា ហេតុម៉េចបានជាយកលុយថ្លៃរថយន្តទៅវិញ ក្រែងរដ្ឋ និងក្រុមហ៊ុន បានព្រមព្រៀងគ្នារួចហើយថា អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនេះឥតគិតថ្លៃសេវាផ្សេងៗរយៈពេលមួយខែ?! ក្រុមការងារប្រចាំច្រកទី ៤ ឆ្លើយថា ការសុំលុយនេះ ជាលុយបុណ្យភ្ជុំបិណ្ឌ, ហើយប្រជាពលរដ្ឋក៏យល់ព្រមឲ្យលុយ ២ម៉ឺនរៀលនោះ ដោយចាត់ទុកថា ជាលុយធ្វើបុណ្យទាន, ភាពមិនច្បាស់លាស់បែបនេះ នាំឲ្យប្រជាពលរដ្ឋខាតបង់ពេលវេលា និងជួបនូវបញ្ហាផ្សេងៗជាច្រើនក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនមួយនេះ ដូច្នេះសំណូមពរឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មេត្តាពិនិត្យលើគោលការណ៍ឲ្យបានច្បាស់លាស់ឡើងវិញ បើថា បើកឲ្យគ្នាធ្វើដំណើរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ក៏បើកទៅ , បើថា បិទក៏បិទទៅ , ប៉ុន្តែសុំឲ្យច្បាស់លាស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×