Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ៥ ចំណុចបន្ថែមទៀត ពន្លឿនការអភិវឌ្ឍវិស័យទេសចរណ៍

spot_img

កម្ពុជា-ឥណ្ឌូនេស៊ី ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក សានឌីយ៉ាហ្កា សាឡាហ៊ូឌីន យូណូ (Sandiaga Salahudin Uno) រដ្ឋមន្ត្រីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញអំពីអាទិភាព ៥ ចំណុច របស់អាស៊ានក្នុងការស្ដារ និងអភិវឌ្ឍវិស័យទេសចរណ៍នាពេលអនាគត។

កិច្ចពិភាក្សាទ្វេនេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២។

ទាក់ទងនឹងវិស័យទេសចរណ៍នេះ ភាគីទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ៥ ចំណុចបន្ថែមទៀត រួមមានម៖

១. បង្កើតក្រុមការងាររួមដើម្បីអនុវត្តអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបានចុះហត្ថលេខានាអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ។

២. ជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ដូចជា Lion Air, City Link ជាដើម។

៣. ដោយកម្ពុជា និងឥណ្ឌូនេស៊ី ជាប្រទេសមានភាពជឿនលឿននាំមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ភាគីទាំងពីរនឹងជំរុញឲ្យមានការចែករំលែកបទពិសោធន៍ពីគ្នាបន្ថែមទៀត តាមរយៈចូលរួមទស្សនកិច្ចសិក្សា និងសិក្ខាសាលាជាដើម។

៤. ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍ និងគ្រប់គ្រងតំបន់ឆ្នេរជាដើម។

៥. ភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍តំបន់សៀមរាប។

ទាក់ទងទៅនឹងការវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-ឥណ្ឌូនេស៊ី នាពេលថ្មីៗនេះ ត្រូវបាន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនឥណ្ឌូនេស៊ី ដែលបានបណ្តាក់ទុននៅកម្ពុជានាពេលកន្លងមក និងបានបង្ហាញនូវសុទិដ្ឋិនិយមលើសក្តានុពលនៃការវិនិយោគមកពីប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន ស្របពេលនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបើកទីផ្សារដល់កម្ពុជាបន្ថែមទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×