កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គេបានប្រទះឃើញសពស្ត្រីម្នាក់ បានស្លាប់នៅក្នុងថយន្ត PRIUS ពណ៌ទឹកប្រាក់១គ្រឿង ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហើយបន្ទាប់សមត្ថកិច្ចធ្វើស្រាវជ្រាវរកអត្តសញ្ញាណ ស្រ្តីរងគ្រោះត្រូវបានដឹងថាមានឈ្មោះ ឌីម សោភា អាយុ ៣៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ខណៈបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស និងព្រមទាំងជាអ្នករកសុីលក់ដីឡូត៍ និងលក់អនឡាញផងដែរ។
ទោះជាយ៉ាងណា ក្រោមកិច្ចសហការរវាងនគរបាលខេត្តបាត់ដំបង និងនគរបាលថៃ បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ មាស ពេជ្របូរមី អាយុ ២៨ ឆ្នាំ ដែលជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់ស្រ្តីរងគ្រោះ ហើយទុកសាកសពរបស់នាងនៅក្នុងរថយន្ត Prius បើកយកទៅប្លុងចតចោលនៅជិតផ្សារភូពូយ មុនពេលរត់ភៀសខ្លួនចូលទៅក្នុងប្រទេសថៃ។
នៅចំពោះមុខសមត្ថកិច្ច ជនជាប់ចោទបានសារភាពថា មូលហេតុ ដែលនាំរូបគេសម្រេចចិត្តសម្លាប់ជនរងគ្រោះ គឺដោយសារតែខ្លួនកើតភ្លើងប្រច័ណ្ឌ និងខឹងនឹងជនរងគ្រោះដែលមានប្តី និងកូន ហើយនៅតែបន្តលួចលាក់មានទាក់ទងស្នេហាជាមួយនឹងមនុស្សប្រុសផ្សេងម្នាក់ទៀត និងបានជេរប្រមាថ និងគម្រាមប្តឹងខ្លួនទៅប៉ូលិស ដើម្បីចាប់ខ្លួនទៀតផង ក៏កើតការឈ្លោះប្រកែកគ្នានៅក្នុងរថយន្តរបស់ជនរងគ្រោះ នៅយប់កើតហេតុនោះ ធ្វើឲ្យរូបគេជ្រុលដៃសម្លាប់តែម្តង។
តាមចម្លើយសារភាពរបស់ជនដៃ បានឲ្យដឹងថា ចំណុចប្រព្រឹត្តិអំពើឃាតកម្មដ៏ព្រៃផ្សៃ គឺធ្វេីឡេីងនៅឯជាយក្រុងភ្នំពេញ ប៉ុន្តែ រូបគេបានបេីករថយន្តដឹកសពស្រ្តីជនរងគ្រោះ យកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបងនាអំឡុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ រួចគេចទៅប្រទេសថៃ មុនពេលសពជនរបស់រងគ្រោះត្រូវបានគេប្រទះឃើញរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយសារក្លិនស្អុយភាយចេញពីក្នុងរថយន្ត។
តែទន្ទឹមនឹងរឿងរ៉ាវនៃអំពើឃាតកម្មនេះ គឺនៅតែស្ថិតក្នុងចម្ងល់របស់មហាជនជាច្រើន គិតថាអាចជារឿងផ្សេង ខណៈអ្នកខ្លះ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ក៏បានជេរស្តីហាក់ធ្ងន់ៗ ទៅលើស្រ្តីជនរងគ្រោះថា ផិតក្បត់ប្តី ទៅមានសាហាយស្មន់មិនស្កប់ កម្មពៀរមានពិតមិនចាំជាតិក្រោយ នៅពេលនេះ ប្អូនស្រីជនងរងគ្រោះ បានចេញមុខឆ្លើយតបទៅអ្នកជេរបងស្រីរបស់ខ្លួន ដោយបានបញ្ជាក់ឲ្យដឹងបែបនេះថា៖ «ក្នុងនាមខ្ញុំជាប្អូនស្រីជនរងគ្រោះ ខ្ញុំសុំច្រានចោលនៃចម្លើយសារភាព របស់ជនដៃដល់ វាមិនមែនជាការពិតទេ ទំនាក់ទំនងរវាងឃាតករ និងជនរងគ្រោះ គឺត្រឹមតែជាអតិថិជន និងភ្នាក់ងាលក់ទេ វាប្លន់យកទ្រព្យជនរងគ្រោះ ខ្លាចជនរងគ្រោះប្ដឹងវា ព្រោះជនរងគ្រោះស្គាល់ផ្ទះវា ស្គាល់ម៉ែឪវាច្បាស់ ចឹងហើយបានវាសំលាប់បំបិទមាត់តែម្ដង អានរកហ្នឹងវាចេះនិយាយមួលបកាច់បងខ្ញុំ នេះជារូបថតវាបានទៅមើលដីឡូត៍ដែលបងស្រីខ្ញុំលក់ អាថោកទាបហ្នឹងវានិយាយចង់យករួចទោស កុំសង្ឃឹមអានរកអើយ ចឹងហើយក្នុងនាមខ្ញុំជាប្អូនស្រីជនរងគ្រោះ សូមសំណូមពរដល់អុំពូមីងបងប្អូនដែលមិនបានដឹងរឿងច្បាស់ កុំចេះតែជេរឬថាឲ្យមនុស្សដែលបានស្លាប់ទៅហើយមិនអាចងើបមកតវ៉ា រឺបកស្រាយអ្វីបានទេ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង កម្មពៀរមានពិតប្រយ័ត្នធ្លាក់លើដំបូលផ្ទះខ្លួនឯងវិញ ទើបដឹងថាឈឺប៉ុណ្ណាពេលជួបរឿងបែបនឹង»។
តែបើទោះជាបងស្រីជនរងគ្រោះបកស្រាយបញ្ជាក់យ៉ាងនេះក្តី ក៏មានមនុស្សមួយចំនួន នៅតែសម្តែងការហួសចិត្ត ដោយសួរថា «ហេតុអ្វីបានជាជនរងគ្រោះ និងឃាតករ រួមដំណេីរជាមួយគ្នា ហេីយឡានមួយជិះតែ២នាក់ទៀត???»។ តែទោះឃាតករ បានឆ្លើយបំភ្លៃជារឿងស្នេហា ឬ ជាអំពើប្លន់យ៉ាងណា គឺមានតែសមត្ថកិច្ចជំនាញទេ ដែលអាចស្រាវជ្រាវដឹងការពិតច្បាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












