ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីជូនដំណឹងស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៨ ដែលចាប់ផ្តើមប្រមូលចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
នេះបើយោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី១ ខែមិថុនានេះ បានបញ្ជាក់ថា សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០១៨នេះ ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា នៅធនាគារអេស៊ីលីដា នៅធនាគារកម្ពុជាសាធារណៈ នៅធនាគារវឌ្ឍនៈ នៅធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅពេលដាក់លិខិតប្រកាស និងបង់ពន្ធ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ថតចម្លង រួមមាន ប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត (សម្រាប់យានយន្តក្រៅពីប្រភេទ Pick up) ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឬបង្កាន់ដៃបង់ពន្ធនាំចូល ឬលិខិតបញ្ជាក់ការប្រើប្រាស់យានយន្តចេញដោយ ឃុំ-សង្កាត់ ចំពោះយានយន្តកែច្នៃក្នុងស្រុក និងច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្តចេញ ដោយមន្ត្រីអត្រានុកូលដ្ឋាន។ ចំពោះយានយន្តដែលទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទហើយនោះ គឺពុំចាំបាច់បំពេញលិខិតប្រកាសបង់ពន្ធទៀតទេ។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៩ តទៅ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងឡាយណា ដែលមិនទានបានបង់ពន្ធក្នុងឆ្នាំកន្លងមក នឹងត្រូវបង់ប្រាក់ពន្ធ និងបង់ប្រាក់ពិន័យ១០០ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់៕ ដោយ៖បញ្ញាស័ក្តិ