គ្រុឌគឺជាសត្វអច្ឆរិយៈ ដែលមានលក្ខណៈសំយោគ ពោលគឺពាក់កណ្តាល នៃ ដងខ្លួនជាមនុស្ស និងពាក់កណ្តាលទៀតគឺជាបក្សី ។ សត្វសិប្បនិមិត្តនេះ ត្រូវបានខ្មែរចាត់ទុកថា ជាស្តេច នៃ បក្សីទាំងពួង ។ទន្ទឹមនឹងនេះ តាមរយៈទេវកថា សត្វគ្រុឌជាសត្រូវនឹងពស់ ឬ នាគ ។ លើសពីនេះទៀត គ្រុឌក៏ជាយានជំនិះរបស់ព្រះវិស្ណុដែរ ដូចករណីចម្លាក់លើប្រាសាទអង្គរវត្តជាឧទាហរណ៍ស្រាប់ ។ ដោយហេតុផលថា សត្វនេះតំណាងឲ្យភាពលំហ ឬ អវកាស ។
ម្កុដ្ឋក្បាលគ្រុឌក្នុងល្ខោនខ្មែរមុនឆ្នាំ១៩៦០(Cf.Poree-Maspero), ទម្រសិវៈលិង្គ កោះកេរ (សារមន្ទីរជាតិភ្នំពេញ) – បង្កាន់ដៃជណ្តើរ (អភិរក្សដ្ឋានអង្គរ – សៀមរាប) ថត ២០០៣ – និងបង្កាន់ដៃជណ្តើរលំអរដោយគ្រុឌផ្នែកខាងក្រោយ សម័យបាយ័ន (ឯកសាររបស់សារមន្ទីរហ្គីមេ)
ដោយសារនិមិត្តរូបទាំងប៉ុន្មានខាងលើនោះហើយ បានជាក្នុងវិស័យលិស្បៈស្ថាបត្យកម្មខ្មែរ សត្វគ្រុឌបានដើរតួនាទីយ៉ាងសំខាន់ជាទីបំផុតមួយ ។ តែទោះបីជាមានការសិក្សាយ៉ាងច្រើន ស្តីអំពីនិមិត្តរូបរបស់បក្សីសួគ៌នេះក្តី ក៏នៅតែមានចំណុចវិជ្ជមានមួយចំនួនទៀត ដែលមិនទាន់មានការវិភាគស៊ីជម្រៅនៅឡើយដែរ ។ ជាឧទាហរណ៍ជាក់ស្តែង លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់យើងរវាងឆ្នាំ១៩៩២ និង ២០១០ បានឲ្យដឹងថា ស្ថាបត្យករនាសម័យបុរេអង្គរ ជាពិសេសក្រុមប្រាសាទសម្បូរព្រៃគុក បានដាក់ទម្ងន់យ៉ាងខ្លាំងទៅលើភាពលំហ បានឆ្លាក់សត្វគ្រុឌទ្រខឿនប្រាសាទនៅផ្នែកខាងក្រោមតំណាងឲ្យភ្នំសុមេរុ ។ នេះជាប្រពៃណីមួយ ដែលត្រូវបន្តនៅប្រាសាទអង្គរវត្ត ហើយទង្វើនេះគឺជាការបង្ហាញថា ប្រាសាទសម្បូរព្រៃគុក និងប្រាសាទអង្គរវត្ត គឺជាទេវស្ថានដែលស្ថិតនៅលើស្ថានសួគ៌យ៉ាងប្រាកដ ។
សន្លឹកមាសអូរកែវ ស.វ.ទី ២-៤ (ឯកសារវៀតណាម) – គ្រុឌទ្របាតប្រាសាទអង្គរវត្ត និង ទ្រដំបូលវិហារ (ថត ២០០០-២០០៥)
រួមសេចក្តីមក សម្រាប់វិចិត្រករនាសម័យបុរាណ រាល់ប្រាសាទខ្មែរដែលមានវត្តមានរបស់សត្វគ្រុឌទ្របាតប្រាសាទ សុទ្ធសឹងតែមានលក្ខណៈអវកាសទាំងអស់ ។ ជួនកាលមានស្លាបក្តី ជួនកាលឥតមានស្លាបក្តី សត្វអច្ឆរិយៈនេះ តំណាងឲ្យស្ថានសួគ៌ ដែលស្ថិតនៅលើអវកាស គួរឲ្យចាប់អារម្មណ៍ ។
នៅក្នុងវប្បធម៌បាយ័ន គ្រុឌមិនត្រឹមតែជានិមិត្តរូប នៃ ជ័យជំនះលើពួកចាមឈ្លានពានតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជានិមិត្តរូបរបស់ឥទ្ធិពល ឬ កម្លាំងយោធារបស់ព្រះរាជាណាចក្រកម្ពុជាថែមទៀតផង ដូចករណីគ្រុឌជាន់នាគ ឆ្លាក់នៅលើកំពែងហ៊ុមព័ទ្ធប្រាសាទព្រះខ័នជាសក្ខីកម្មស្រាប់ ។ អត្ថន័យដដែលក៏ត្រូវបានបន្តរហូតដល់ចុងសម័យអង្គរដែរ តែក្នុងន័យជំនឿសាសនាទៅវិញ ក្នុងខណៈដែលសត្វគ្រុឌត្រូវបានចាត់ទុកថា ជារូបភាពនៃកម្លាំងឬការតស៊ូរបស់កងទ័ពខ្មែរ ពោលគឺមិនមែនគ្រាន់តែជាសត្វបក្សីអច្ឆរិយៈតែប៉ុណ្ណោះឡើយ ។
នៅទីនេះ យើងចង់និយាយពីស្ពាននាគ ឬជណ្តើរដែលមានបង្កាន់ដៃ នៅផ្នែកខាងចុងលំអដោយ ចម្លាក់គ្រុឌបង្ក្រាបនាគ ។ តាមពិតទៅ រូបភាពគ្រុឌបង្ក្រាបនាគបែបនេះ គឺការតំណាងឲ្យជ័យជំនះរបស់សភាវៈល្អ លើសភាវៈអាក្រក់តែប៉ុណ្ណោះ ពោលគឺជាវិជ្ជា ឬ ពុទ្ធិ លើ អវិជ្ជា ។ ហើយមួយវិញទៀត ស្ពាននាគនេះក៏ជាស្ពានចម្លង ដ៏ស័ក្តិសិទ្ធិមួយផងដែរ សម្រាប់ចម្លងមនុស្សពីស្ថានមនុស្ស ទៅទេវស្ថាន ។ ក្នុងប្រព័ន្ធមនោគមវិជ្ជាសាសនា ស្ពាននាគនេះ ត្រូវបានប្រៀបផ្ទឹមទៅនឹងឥន្ធនូ ។
ជារួមសូមជម្រាបបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូងនៃប្រវត្តិសិល្បៈខ្មែរ សត្វគ្រុឌបានបង្ហាញពី សមត្ថភាពដ៏មហិមារបស់ខ្លួន ក្នុងឋានៈជាយានជំនិះរបស់ព្រះវិស្ណុតែប៉ុណ្ណោះ បើយោងតាមទេវកថា ។ តែនៅក្នុងសម័យវប្បធម៌បាយ័ន ដែលមានសង្គ្រាមញឹកញាប់ ជាមួយប្រទេសចម្ប៉ា សត្វគ្រុឌក៏បានក្លាយទៅជានិមិត្តរូបយោធាយ៉ាងជាក់ច្បាស់ ។ ជ័យជំនះរបស់កងទ័ពខ្មែរ លើកងទ័ពចាមឈ្លានពាន ត្រូវបានតំណាងដោយរូបគ្រុឌបង្ក្រាបនាគ ។ ប្រការនេះជាការបដិវត្តន៍មួយ ខាងវិស័យសិល្បៈយ៉ាងសំខាន់បំផុត ដែលបានបន្សល់កេរ្តិ៍ដំណែលរហូតដល់សព្វថ្ងៃ ក្នុងវិស័យសិល្បៈស្ថាបត្យកម្មនាសម័យទំនើប ៕ (ម.ត្រាណេ)