Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យគណៈប្រតិភូកម្ពុជា ច្រានចោលទាំងស្រុងនូវរបាយការណ៍មិនពិត និងបំភាន់ដែលផ្សាយដោយកាសែត The Nation ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមចំណងជើងថា «ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងរបាយការណ៍មិនពិតដែលផ្សាយ ដោយកាសែត The Nation ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមចំណងជើងថា «ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»។

ឆ្លើយតបទៅនឹងរបាយការណ៍មិនពិតដែលផ្សាយ ដោយកាសែត The Nation ចុះថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៥ អ្នកនាំពាក្យនៃគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៥១ នៅទីក្រុងហ្សឺណែវ សូមច្រានចោលទាំងស្រុងនូវរបាយការណ៍មិនពិត និងបំភាន់ ដែលបានផ្សព្វផ្សាយដោយសារពត៌មានថៃ The Nation នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោម ចំណងជើងថា “ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»។

របាយការណ៍នេះបានបំភ្លៃការពិតទាំងស្រុង ដោយបានពណ៌នាខុសថា កម្ពុជាបាន «វាយ ប្រហារប្រទេសថៃនៅគ្រប់វេទិកា» និង «ប្រើប្រាស់វេទិកា IPU ដើម្បីរិះគន់ប្រទេសថៃ»។ ផ្ទុយទៅវិញ ក្នុងអំឡុងកិច្ចប្រជុំ ASEAN+3 ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងមហាសន្និបាតសភាអាស៊ី (APA) គណៈ ប្រតិភូកម្ពុជាតែងតែបានប្រកាន់ខ្ជាប់ជានិច្ចនូវឥរិយាបថប្រកបដោយកិត្តិយស ភាពអត់ធ្មត់ និងការ គោរពចំពោះគ្រប់សមាជិកសភាទាំងអស់ ដោយអនុលោមយ៉ាងពេញលេញតាមគោលការណ៍របស់ IPU អាស៊ាន និងការទូតសភានៅលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត កម្ពុជាពុំបានប្រើពាក្យពេចន៍ ណាមួយនៅក្នុងបទអន្តរាគមន៍ផ្លូវការរបស់គណៈប្រតិភូកម្ពុជា ដែលបង្ហាញថា កម្ពុជាជំទាស់នឹង សំណើរបស់ថៃនោះទេ កម្ពុជាគ្រាន់តែបានស្នើសុំឱ្យសេចក្តីព្រាងសេចក្តីសម្រេចដែលបានស្នើឡើង ដោយគណៈប្រតិភូថៃ ត្រូវបានពិនិត្យ និងកែលម្អឡើងវិញ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវគោល ការណ៍គ្រឹះរបស់ IPU គឺភាពមិនលម្អៀង អព្យាក្រឹត និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយស្ថាបនា។
ជាការសោកស្ដាយយ៉ាងខ្លាំងដែលសារពត៌មាន The Nation បានជ្រើសរើសផ្សព្វផ្សាយរឿងរ៉ាវ បំផ្លើស និងគ្មានមូលដ្ឋាន ដែលស្វែងរកការបង្កហេតុអរិភាព និងបំភាន់មតិសាធារណៈ។ របាយការណ៍ ដែលមិនទទួលខុសត្រូវបែបនេះ មិនបានបម្រើដល់សន្តិភាព និងការយោគយល់គ្នា ហើយក៏មិនឆ្លុះ បញ្ចាំងពីស្មារតីពិតនៃមិត្តភាពរវាងប្រជាជនថៃ និងកម្ពុជា នោះទេ។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា សេចក្តីពិត និងយុត្តិធម៌ត្រូវតែមានជ័យជំនះ។ គណៈប្រតិភូ របស់យើងតែងតែប្រព្រឹត្តដោយសុច្ចរិត ដឹកនាំដោយភាពស្មោះត្រង់ តម្លាភាព និងតម្លៃរួមនៃកិច្ចសហ ប្រតិបត្តិការអាស៊ាន។

ផ្ទុយទៅវិញ ការបំភ្លៃព្រឹត្តិការណ៍ដោយចេតនាពីសំណាក់ភាគីមួយចំនួន បានបង្ហាញពីកង្វះ ទំនុកចិត្ត និងការខ្វះការទទួលខុសត្រូវពីសំណាក់អ្នកដែលជ្រើសរើសការស្តីបន្ទោសជាជាងកិច្ចសហ ប្រតិបត្តិការ។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការគោរពឥតងាកររបស់ខ្លួនចំពោះសហភាពអន្តរសភា និងសម្ដែងការជឿ ជាក់យ៉ាងពេញលេញលើសមត្ថភាពរបស់មហាសន្និបាតក្នុងការបែងចែករវាងការពិត និងការប្រឌិត។ យើងនៅតែ ប្ដេជ្ញាធ្វើការប្រកបដោយស្ថាបនាជាមួយគណៈប្រតិភូទាំងអស់ រួមទាំងគណៈប្រតិភូថៃ ផងដែរ ដើម្បីជំរុញរបៀបវារៈរួមក្នុងតំបន់ និងសកលលោក ស្ដីពីសន្តិភាព ការសន្ទនា និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

អាស្រ័យហេតុនេះ គណៈប្រតិភូកម្ពុជាសូមទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ ចៀសវាងធ្វើការ ផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃវិជ្ជាជីវៈ យុត្តិធម៌ និងការគោរពគ្នាទៅវិញ ទៅមក ដែលបង្កើតបានជាមូលដ្ឋានគ្រឹះនៃការទូតសភា។ សច្ចៈភាពមិនខ្លាចការធ្វើអធិការកិច្ចឡើយ ហើយជំហររបស់កម្ពុជាគឺឈរលើភាពស្មោះត្រង់ និងតម្លាភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×