Tuesday, October 3, 2023

តុលាការជំនុំជម្រះលោក សុន ឆ័យ ពីពាក់ព័ន្ធការ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

spot_img

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានចាប់ផ្តើមជំនុំជម្រះ លើសំណុំរឿងក្តី របស់លោក សុន ឆ័យ ជាប់ពាក់ព័ន្ធការ«បរិហារកេរ្តិ៍ជាសាធារណៈ» ទៅលើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈការផ្តល់ព័ត៌មាន និង សម្ភាស្សជាមួយ អ្នកកាសែត Cambodia Daily កាលពីខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ថា៖« ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់២០២២ មាន ភាពមិនប្រក្រតី មានការលួចសន្លឹកឆ្នោត និង មិនបានឆ្លុះបញ្ចាំងពី ឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ»។

សវនាការនេះ ត្រូវបានធ្វើដោយ លោកហម ម៉េងសែ ជាចៅក្រមជំនុំជម្រះ និង មានលោកប្លង់ សុផល និង សឿង ឡង់ឌី គឺ ជាតំណាងអយ្យការ ព្រមទាំងមានវត្តមានលោកសុន ឆ័យ និង លោក ជូង ជូងី ជាមេធាវីការពារក្តីឱ្យលោក សុន ឆ័យ ព្រមទាំងតំណាងស្ថានទូតអន្តរជាតិ និង តំណាងអង្គការ សង្គមស៊ីវិលជាតិ និង អន្តរជាតិ ចូលស្តាប់ និង អង្កេតការណ៍ផងដែរ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្ដឹងគណបក្សប្រជាជនកម្ពុជា និងតាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្នុងដីកា ២ ដាច់ដោយឡែកពីគ្នា ចេញដោយតំណាងអយ្យការអមសាលាដំបូរាជធានីភ្នំពេញលោក ប្លង់ សុផល ចុះថ្ងៃថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថា តុលាការមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើលោក សុន ឆ័យ ទើបតំណាងអយ្យការសម្រេចចោទប្រកាន់លោកពី «បរិហារកេរ្តិ៍ជាសាធារណៈ»នោះ។

ចំណែកដីកាមួយទៀតដែលចេញដោយតំណាងអយ្យការលោក ប្លង់ សុផលចុះថ្ងៃទី៩ ខែសីហា ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជានោះ ក៏ត្រូវបានចោទប្រកាន់លើលោក សុន ឆ័យ ពីបទ« បរិហារកេរ្តិ៍ជាសាធារណៈ» ដែរ។

គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ប្រឆាំងនឹងលោក សុន ឆ័យ ដោយចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។

ក្នុងពាក្យបណ្ដឹងនោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាផង បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លានដុល្លារអាមេរិក។

បណ្តឹងព្រហ្មទណ្ឌប្រឆាំងលោក សុន ឆ័យ ពីសំណាក់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី គ.ជ.ប បានប្តឹងក្នុងបទចោទដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ជុំវិញបណ្តឹងរបស់ គ.ជ.ប នេះ លោក សុន ឆ័យ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី១២ ខែកក្កដា៕រក្សាសិទ្ធិដោយ ចន្ទា ភា

spot_img