ជឿថា មហាជនជាច្រើន ធ្លាប់បានភ្ញាក់ផ្អើលរួចមកហើយ ទាក់ទងរូបភាពដែលត្រូវបានគេបង្ហោះឲ្យឃើញនៅលើបណ្តាញសង្គម ជាមួយចំណងជើង «ស្រុកខ្មែរ ផ្លូវលាបកៅស៊ូ» ដែលមើលទៅដូចចាក់ក្រាលកៅស៊ូពិតៗអុីចឹង ប៉ុន្តែ វាគ្រាន់តែជា «សិប្បនិម្មិត» ប៉ុណ្ណោះ ដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តយ៉ាងខ្លាំង និងរហូតមានការចំអកថា «ចាក់ស្តើង សុីក្រាស់»។
តែដោយឡែក ផ្លូវមួយនេះ នៅឯស្រុកថៃវិញ បានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលដូចគ្នា ដោយមនុស្សជាច្រើន គ្រាន់តែបានឃើញហើយ គិតថាប្រហែលអាច «ចាក់ស្តើង សុីក្រាស់» ដូចស្រុកខ្មែរដែរហើយ។ តែទោះជាយ៉ាងណា បើតាមប្រភពបានឲ្យដឹងថា «ផ្លូវខ្មៅ» ដូចក្រាលកៅស៊ូនេះ គឺជាលទ្ធផល ឡានបូមបង្គន់ បង្ហូរទឹកសំអុយដាក់លើផ្លូវប៉ុណ្ណោះ។
រូបភាពនេះ បានបង្ហឲ្យមានការរិះគន់យ៉ាងខ្លាំង បន្ទាប់លេចធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ការបង្ហោះនោះ បានឲ្យដឹងថា ផ្លូវក្រួសមួយកន្លែង ស្ថិតក្នុងតំបន់ Ban Huai Hai ឃុំ Fai Kaew ស្រុក Phu Pieng ខេត្ត Nan ត្រូវបានគ្របដណ្តប់ដោយស្នាមប្រឡាក់ខ្មៅ អស់រយៈពេលជាយូរមកហើយ។ វាមើលទៅដូចផ្លូវកៅស៊ូ ប៉ុន្តែ ធាតុពិត វាមិនមែនដូចអ្វីដែលយើងគិតទេ គឺវាជាស្នាដសរបស់ឡានបូមលូបង្គន់តែម្តង។
ទំព័រហ្វេសប៊ុកនោះ ក៏បានបញ្ជាក់ថា ឡានបូមលូមួយបានចូល Huai Hai ហើយមិនដឹងយ៉ាងម៉េចបានចាក់ទឹកស្អុយពេញផ្លូវ ធ្វើឲ្យអ្នកភូមិនៅតំបន់នោះ ជួបការលំបាកមិនអាចប្រើផ្លូវបាន សូមមេត្តាទទួលខុសត្រូវចំពោះទង្វើដែលខ្លួនធ្វើនេះផង។ តើវាជាកន្លែងចាក់សំរាមនៅទីនេះមែនទេ?។
ជាមួយរូបភាពនេះ អ្នកនិយមលេងអ៊ីនធឺណិតបានចូលមកខមិនរិះគន់យ៉ាងខ្លាំង។ ហើយក្នុងនោះ មនុស្សភាគច្រើនបាននិយាយលេងសើចថា យ៉ាប់ណាស់ធ្វើឱ្យគេគិតថា ផ្លូវទើបធ្វើថ្មី!។ រីឯអ្នកខ្លះទៀត ក៏បានចែករំលែករូបភាព ជាមួយអារម្មណ៍ថា ធុំក្លិនស្អុយខ្លាំងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





