Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជារៀបចំផែនទីទេសចរណ៍ ម្ហូបអាហារតាមតំបន់ ដើម្បីបង្កើនការទាក់ទាញទេសចរ

spot_img

ភ្នំពេញ៖ កម្ពុជាកំពុងរៀបចំនិងត្រៀមបោះពុម្ភផ្សាយ ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា ដែលមានបញ្ជាក់ពីម្ហូបអាហារនៅតាមខេត្ត និងតំបន់សម្រាប់បង្កើនការទាក់ទាញភ្ញៀវទេសចរដែលនិយមចូលចិត្តទទួលទានម្ហូបអាហារ និងឈ្វេងយល់/ស្វែងយល់ពីម្ហូបអាហារប្រចាំតំបន់។

ក្នុងសន្និសីទស្ដីពីសមិទ្ធផល និងវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំរបស់ក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម អាំង សុវណ្ណរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា នៅពេលឆាប់ខាងមុខនេះ ក្រសួងទេសចរណ៍នឹងបោះពុម្ភផ្សាយ ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា សម្រាប់បង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែម។

ឯកឧត្ដមអគ្គនាយករងថ្លែងថា នៅពេលឆាប់ខាងមុខនេះ យើងនឹងបោះពុម្ភផ្សាយជាផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា ថានៅស្រុកខ្មែរ ខេត្តណាខ្លះមានសក្ដានុពលម្ហូបអាហារ ឧទាហរណ៍ថានៅបាត់ដំបងមានមីកូឡាជាដើម។

ឯកឧត្ដមបានបន្តថា បច្ចុប្បន្នក្រសួងបានរៀបចំជា Soft បណ្ដើរៗហើយ ហើយក្នុងពេលឆាប់ៗខាងមុខនឹងបោះពុម្ភជាខិត្តបណ្ណ កូនសៀវភៅ ឬ Pocket Guidebook សម្រាប់ចែកជូនដល់ភ្ញៀវទេសចរទាំងអស់នៅ តាមមណ្ឌលព័ត៌មានទេសចរណ៍គ្រប់រាជធានី-ខេត្ត។

ឯកឧត្ដម អាំង សុវណ្ណរ័ត្ន បានថ្លែងថា ផែនទីទេសចរណ៍ម្ហូបអាហារនោះគឺមានរំលេចអំពីរូបភាព បញ្ជាក់ពីឈ្មោះម្ហូបអាហារ ប្រវត្តិ របៀបធ្វើ ដើម្បីទាក់ទាញភ្ញៀវឱ្យងាយស្រួលក្នុងការឈ្វេងយល់ ពីព្រោះជូនកាលភ្ញៀវទេសចរបានភ្លក្សរសជាតិហើយ បើបានដឹងប្រវត្តិទៀតគឺពួកគេកាន់តែជក់ចិត្ត។ ក្រុមជំនាញក៏នឹងមានការបកប្រែជាភាសាអង់គ្លេស និងភាសាបរទេសផ្សេងៗ សម្រាប់បង្កើនភាពទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

ឯកឧត្ដមបានបញ្ជាក់ថា ទេសចរណ៍ម្ហូបអាហារនេះគឺជាសក្ដានុពលធំសម្រាប់គោលដៅទេសចរណ៍នីមួយៗ ហើយវាក៏ជាអនុវិស័យមួយក្នុងវិស័យទេសចរណ៍និងវប្បធម៌ ដែលមានភាពទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរ។

ក្រៅពីនេះ កម្ពុជាក៏ខិតខំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាជាគោលដៅម្ហូបអាហារ (Gastronomy) និងមានការផលិតស្ពតវីដេអូដែលមានទាំងភាសាខ្មែរ បកប្រែជាភាសាអង់គ្លេស និងភាសាចិន ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលយល់ដឹង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×