ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅឡោមព័ទ្ធទីតាំងមួយកន្លែង ដែលមានស្លាកយីហោឈ្មោះថា អឹមអិល និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់ ដោយនៅក្នុងនោះដែរ មានជនបរទេស និងជាតិខ្មែរ។
ប្រតិបត្តិការចុះបង្រ្កាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវប្រឡាយលូ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះ ដែរដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងការិយាល័យមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងកងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដោយមានការចូលរួមពីលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមនផងដែរ។
ប្រតិបត្តិការណ៍ចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៣៤នាក់ ស្រី៥៨នាក់ រួមមានកាំភ្លើងខ្លីចំនួន០២ដើម ដោយសង្ស័យជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន និងល្បែងស៉ីសង នៅក្នុងទីតាំងអគារមួយកន្លែង ដែលមានស្លាកយីហោ ឈ្មោះអឹមអិល។
គួរបញ្ជាក់ទៀតថា ការចុះបង្គ្រាបនៅទីតាំងដែលមានស្លាកយីហោ ឈ្មោះអឹមអិលខាងលើនេះ ដែរជាការចុះបង្ក្រាបជាលើកទី២ទៅហើយ ដោយកន្លងមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបម្តងរួចមកហើយ។
ក្រោយពីបើកប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួននោះ នៅកន្លែងយីហោឈ្មោះ អឹមអិល បច្ចុប្បន្នមនុស្សប្រុសស្រីដែលឃាត់ខ្លួនទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនយកទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សា មេត












