Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលកំពុងស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ស្ថិតក្នុងខេត្តព្រះវិហារ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

spot_img

សៀមរាប ៖ សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តទៀតផងដែរ។ សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារ ឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះឲ្យបានឆាប់។

ថ្លែងចេញពីភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រាសាទបុរាណជាច្រើន ត្រូវបានដូនតាខ្មែរសាងសង់ឡើង ក្នុងនោះមានមួយចំនួន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលនាំមកនូវប្រយោជន៍ ដល់ការថែរក្សាសម្បត្តិបេតិកភណ្ឌផង និងប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋផង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាប្រាសាទបុរណ ដែលជាមរតកដូនតាខ្មែរ ខិតខំកសាងបន្សល់ទុកឲ្យបានគង់វង្ស។

សម្តេចបន្តថា ឆ្លងកាត់ការចុះបញ្ជីប្រាសាទរបស់កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវការវាយតម្លៃយ៉ាងល្អិតល្អន់ណាស់ ពីអង្គការយូណេស្កូ គឺត្រូវមានគ្រប់លក្ខណៈសម្បត្តិ ទើបអាចចុះបញ្ជីបាន ហើយនៅពេលចុះបញ្ជីបាន ក៏អាចលុបចេញពីបញ្ជីវិញដែរ បើសិនមិនអនុវត្តតាមលក្ខខណ្ឌតម្រូវនោះ។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិវប្បធម៌ទាំងនោះ កុំដើម្បីផលប្រយោជន៍តិចតួចរបស់ខ្លួន ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដែលស្ថិតក្នុងខេត្តព្រះវិហារ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត ហើយប្រាសាទផ្សេងៗ ក៏កំពុងគិតគូរចុះបញ្ជីជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ករណីដែលអង្គការយូណេស្កូ គណៈកម្មការបេតិកភណ្ឌពិភពលោក សម្រាប់ការវាយតម្លៃឲ្យចូល ទាមទារនូវការគ្រប់លក្ខណៈសម្បត្តិ បើមិនគ្រប់លក្ខណៈសម្បត្តិ គេមិនទទួល ឬគេទទួលហើយត្រូវបានបណ្តេញចេញវិញ វាជាការខាតបង់។ យើងបានដាក់ប្រាសាទអង្គរ បន្ទាប់ទៅដាក់ប្រាសាទព្រះវិហារ បន្ទាប់ទៅដាក់ប្រាសាទសំបូរព្រៃគុក ឥឡូវយើងកំពុងដាក់ប្រាសាទមួយចំនួនទៀត យើងដាក់ប្រាសាទកោះកេរ យើងដាក់ជាបន្តបន្ទាប់នេះជាការយកចិត្តទុកដាក់។

សូមជម្រាបថា តំបន់ប្រាសាទកោះកេរ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ក្នុងនោះមានព្រះមហាក្សត្រខ្មែរចំនួន២អង្គ ដែលបានសោយរាជ្យនៅទៅនោះ គឺព្រះបាទជយវម៌្មទី៤ ឬជ័យវរ្ម័នទី៤ (៩២១-៩៤១) និងព្រះបាទហស៌វម៌្មទី២ ឬហស៌វរ្ម័នទី២ (៩៤១-៩៤៤)។ លុះដល់រជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ ឬរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានីវិលមកក្រុងអង្គរវិញ។

តំបន់កោះកេរ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគឦសានរាជធានីអង្គរ ដោយបច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តំបន់កោះកេរធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណថា «ឆោកគគ៌្យរ» ឬ «ឆោកគគីរ» ដែលជាទីប្រជុំជនមួយ របស់អាណាចក្រខ្មែរនាសម័យអង្គរ។

យោងតាមសៀវភៅ «ដែនដីអាថ៌កំបាំង អច្ឆិរយៈ ប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤» តំបន់អតីតរាជធានីកោះកេរនេះ មានក្រុមប្រាសាទ និងបុរាណដ្ឋានមិនតិចជាង១២៧កន្លែងឡើយ ក្នុងនោះមានប្រាសាទ៦៥កន្លែង ទម្រង់សិលា១៤កន្លែង សំណង់ថ្មបាយក្រៀម៦កន្លែង ទម្របែកបាក់រាយប៉ាយ១៣កន្លែង ថ្មគោល៩កន្លែង ស្រះទឹកបុរាណ១០កន្លែង រចនាសម្ពន្ធព្រែកជីក/ទំនប់/ផ្លូវបុរាណ៧កន្លែង ការដ្ឋានយកថ្មបុរាណ៣កន្លែង និងស្លាកស្នាមបុរាណនៅ៧កន្លែងទៀត។ បុរាណវិទូបានចាត់ទុកស្ថាបត្យកម្មក្នុងរជ្ជកាលព្រះអង្គ និងបុត្ររបស់ព្រះអង្គស្ថិតក្នុង «រចនាបថកោះកេរ»។
ក្រុមប្រាសាទសំខាន់នៅតំបន់នេះមានដូចជា៖

ក្រុមប្រាសាទកោះកេរខាងត្បូង៖ ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទសោភី ប្រាសាទបាក់ ប្រាសាទបុះល្ហុង ប្រាសាទក្រោល ប្រាសាទចិន ប្រាសាទត្រពាំងខាងត្បូង ប្រាសាទខ្នារឬប្រាសាទចាប់នាង ប្រាសាទក្ទម្ភ ប្រាសាទកណ្ដឹងដំរី ប្រាសាទបល្ល័ង្ក ឬហៅទួលគ្រឹះ ប្រាសាទពពិល ប្រាសាទសំភីជាដើម។

ក្រុមប្រាសាទកោះកេរខាងជើង៖ ប្រាសាទត្រពាំងឫស្សី ប្រាសាទត្រពាំងព្រៃ ប្រាសាទគោកក្រោល ប្រាសាទកកោះ ប្រាសាទបឹងវែង ប្រាសាទតាមាន ប្រាសាទដាន ប្រាសាទរលំ ប្រាសាទបី ឬប្រាសាទខ្យងហោង ប្រាសាទដងទង់ខាងជើង ឬប្រាសាទរាមកេរ ប្រាសាទដងទង់ខាងត្បូង ឬប្រាសាទទួលថ្មបាយក្រៀម ប្រាសាទក្រហម ប្រាសាទធំជាដើម។

ក្រុមប្រាសាទកោះកេរខាងកើត៖ ប្រាសាទច្រាប ប្រាសាទចម្រេះ ឬប្រាសាទឱបកូន ប្រាសាទបន្ទាយពីរជាន់ ឬប្រាសាទអណ្ដូងគុក ប្រាសាទផ្លែបេង ប្រាសាទថ្លឹង ឬប្រាសាទលិង្គទី១ ប្រាសាទអណ្ដូងគុក ឬប្រាសាទលិង្គទី៣ ប្រាសាទបល្ល័ង្ក ប្រាសាទឆ្នាំងជាដើម។

ក្រុមប្រាសាទកោះកេរខាងលិច៖ ទួលក្រួស ទួលបន្តុប ខ្លោងទ្វារ គ្រឹះលិង្គ ប្រាសាទស្រោងស្រឡៅ ប្រាសាទគុកស្រគុំ ប្រាសាទលិង្គ ប្រាសាទព្រះជ័យលិង្គ ទួលពេជ្រជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×