Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បំភ្លឺករណីដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

spot_img

ភ្នំពេញៈ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានធ្វើការបំភ្លឺអំពីសាវតារនៃវិវាទការងាររួម និងការដោះស្រាយករណីវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចខាងក្រោម ៖

១. សាវតារនៃវិវាទ
ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍ សេវាកម្សាន្ត និងបដិសណ្ឋារកិច្ចនៅទូទាំង ពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ជួបផលលំបាកយ៉ាងធ្ងន់ធ្ងរ។ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានការបន្ត ធ្លាក់ចុះភ្ញៀវទេសចរណ៍ ការរៀបចំសកម្មភាពអាជីវកម្មឡើងវិញ និងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យស្របតាម ការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាលផ្សេងទៀត។ ដោយមូលហេតុនេះ នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានជូនដំណឹងដល់សហជីព និងប្រជុំជាមួយតំណាងកម្មករនិយោជិតអំពីគម្រោង កាត់បន្ថយបុគ្គលិកក្នុង ១២ផ្នែក ដែលមានចំនួន ១ ៣២៩នាក់ ដោយមានហេតុផលសមរម្យ និងស្របតាម នីតិវិធីនៃច្បាប់ផងដែរ។ ទន្ទឹមនឹងនេះ ក៏មានបុគ្គលិកចំនួន ២៩២នាក់ផ្សេងទៀត បានស្ម័គ្រចិត្តមកសុំលាឈប់ ពីការងារដោយខ្លួនឯង ដែលធ្វើឱ្យចំនួនបុគ្គលិក ដែលត្រូវកាត់បន្ថយបានកើនដល់ចំនួន ១ ៦២១នាក់ ដែល ក្នុងនោះមានបុគ្គលិកចំនួន ៣៧៣នាក់ មិនយល់ព្រមលើការបញ្ឈប់ពីការងាររួមនេះ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង អ្នកផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញ លិខិតបញ្ជាក់អ្នកតំណាងបុគ្គលិក ក្នុងការដោះស្រាយវិវាទការងាររួម ដែលមានសមាសភាពដូចការស្នើសុំ ចំនួន ៩នាក់ ដែលដឹកនាំដោយលោកស្រី ឈឹម ស៊ីថរ រួចបានធ្វើការផ្សះផ្សាលើបណ្តឹងទាមទារទាំង ៥ចំណុច របស់តំណាងបុគ្គលិក ដោយទទួលបានលទ្ធផលសះជាចំនួន ១ចំណុច និងមិនសះជាចំនួន ៤ចំណុច ដែល ត្រូវបានបញ្ជូនសំណុំរឿងទៅដោះស្រាយបន្តនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។
បន្ទាប់ពីភាគីទាំងពីរបានជ្រើសរើសអាជ្ញាកណ្តាលដោយខ្លួនឯង និងសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច អាជ្ញាកណ្តាលបានបើកសវនាការចំនួន ២លើក ទៅតាមនីតិវិធីជាធរមាន ហើយបានចេញសេចក្ដីបង្គាប់លេខ ០១២/២២ ណាហ្គាវើលដ៍ លីមីធីត ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយបដិសេធពិចារណាចំណុចទី១ (ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់គម្រោងកាត់បន្ថយបុគ្គលិក)និងចំណុចទី២ (ការបញ្ឈប់ការបំភិតបំភ័យបុគ្គលិក តាមរយៈការហៅទៅជួបអ្នកគ្រប់គ្រងក្រុមហ៊ុន), ហើយបានបង្គាប់ឱ្យអនុវត្តចំណុចទី៣ (ការផ្តល់ប្រាក់បំណាច់ ផ្តាច់កិច្ចសន្យាការងារតាមច្បាប់សម្រាប់អ្នកដែលយល់ព្រមឈប់) និងចំណុចទី៤ (ការបន្តផ្តល់ឡើងវិញនូវ ប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០២០ និងឆ្នាំ២០២១ ជូនបុគ្គលិកក្នុងឆ្នាំ២០២១ និងគណនាឱ្យបានត្រឹមត្រូវតាមច្បាប់)។ ប៉ុន្តែភាគីសហជីពបានប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឱ្យសេចក្តីបង្គាប់នេះមិនអាចអនុវត្តបាន។

បន្ទាប់មក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទទួលបានលិខិតរបស់សហជីព ស្នើឱ្យក្រុមហ៊ុន ទទួលយកអតីតបុគ្គលិកចំនួន ៣៧៣នាក់ ចូលបម្រើការងារវិញ ដែលក្រសួងបានណែនាំឱ្យសហជីពគួរអនុវត្ត ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារដែលច្បាប់កំណត់ ដោយប្ដឹងបន្តទៅតុលាការនូវកម្មវត្ថុនៃបណ្ដឹង ដែលត្រូវបានដោះស្រាយរួចហើយដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងដាក់ពាក្យបណ្តឹងសាជាថ្មីមកក្រសួង ចំពោះកម្មវត្ថុទាមទារណាដែលមិនទាន់ត្រូវបានឆ្លងកាត់ការដោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សហជីពបានដាក់លិខិតមួយផ្សេងទៀតមកក្រសួង ដោយទាមទារ ៣ចំណុចថ្មី បន្ថែមទៀត។ ប៉ុន្តែ ដោយមិនទាន់បានឆ្លងកាត់នីតិវិធីដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផង សហជីពបានសម្រេចចិត្តរំលងចោលដំណាក់កាលនេះ និងដំណាក់កាលនៃការប្តឹងបន្តទៅតុលាការ ហើយបរជា យកការធ្វើកូដកម្មដើម្បីដោះស្រាយវិវាទការងារនេះ ដោយបានជូនដំណឹងទៅនិយោជក និងចម្លងជូនក្រសួង ពីការសម្រេចចិត្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទាររហូតដល់ចំនួន ៩ចំណុច ដែលខុសពីបញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលបានកំណត់ថាមានតែចំណុចដែលត្រូវបានដោះស្រាយ នៅក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ុណ្ណោះ ទើបអាចក្លាយទៅជាកម្មវត្ថុនៃការធ្វើកូដកម្ម។

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដោយបានសម្រេចហាមឃាត់ និងបានកំណត់គុណវុញ្ញិកូដកម្មនោះថាជាកូដកម្មខុសច្បាប់។ តុលាការបាន បញ្ចាក់ថា វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍នេះ ជាវិវាទដែលពាក់ព័ន្ធវិធានទាក់ទងនឹងដំណោះស្រាយ របស់អាជ្ញាកណ្តាល និងជាវិវាទដែលមានចំណុចទាមទារថ្មី ហើយមិនទាន់ត្រូវបានដោះស្រាយដោយអាជ្ញាកណ្តាល ដែលជាកម្មវត្ថុនៃការទាមទារដែលមិនអនុញ្ញាតឱ្យភាគីកម្មករនិយោជិតប្រើប្រាស់សិទ្ធិធ្វើកូដកម្ម ដូចមានចែងក្នុង ច្បាប់ស្តីពីការងារឡើយ។

បន្ទាប់មកទៀត ដោយមានការប្រព្រឹត្តសកម្មភាពផ្សេងៗខុសនឹងច្បាប់ មានអតីតបុគ្គលិកមួយចំនួន ត្រូវបានចោទពីបទព្រហ្មទណ្ឌចំពោះសកម្មភាពល្មើសរបស់ខ្លួន ហើយអតីតបុគ្គលិកទាំងនោះបានធ្វើលិខិត មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំជួយផ្ដល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់បាននៅ ក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីបានចូលរួមស្វែងរកដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនេះ ដោយ បានសន្យាថានឹងសហការជាមួយអាជ្ញាធរក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយក សំណាក មិនធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ សង្គមជាតិនោះឡើយ។ ក្នុងនាមជាអាណាព្យាបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈបានធ្វើលិខិត ទៅក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដល់កិច្ចអន្តរាគមន៍ តាមផ្លូវច្បាប់ឱ្យអតីតបុគ្គលិកទាំងនោះនៅក្រៅឃុំបណ្តោះអាសន្ន ដោយមានមេធាវីរបស់ក្រសួងជាអ្នកធានា លើអ្នកដែលត្រូវចោទទាំងនោះ។ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចអនុញ្ញាតឱ្យអតីតបុគ្គលិក ទាំងនោះនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

២.ដំណោះស្រាយរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈយន្តការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានកោះអញ្ជើញភាគីទាំងពីរមកចរចាទល់មុខគ្នាបាន ១៨លើក (បន្ទាប់ពី តំណាងអតីតបុគ្គលិកបាននៅក្រៅឃុំជាបណ្តោះអាសន្ន) និងជួបចរចាដោយឡែកជាច្រើនលើកផងដែរ ដើម្បី ស្វែងរកលទ្ធភាពជម្រើសដំណោះស្រាយ។ ប៉ុន្តែ វិវាទនេះមិនបានសះជាឡើយ ដោយចំណុចដែលមិនសះជា និងគ្មានដំណោះស្រាយនោះ គឺភាគីអតីតបុគ្គលិកនៅតែបន្តទាមទារឱ្យក្រុមហ៊ុនត្រូវតែទទួលយកអតីតបុគ្គលិក ដែលនៅសេសសល់ឱ្យចូលធ្វើការវិញ ចំណែកក្រុមហ៊ុនបានបន្តបដិសេធលើការទាមទារនេះ ដោយយល់ព្រម អនុវត្តការទូទាត់សំណងស្របតាមច្បាប់ជាធរមានជំនួសវិញ។ តាមច្បាប់ ក្រសួងមិនអាចបង្ខំឱ្យភាគីណាមួយ ត្រូវតែយល់ព្រមតាមអ្នកផ្សះផ្សាវិវាទឡើយ។ ការព្រម ឬមិនព្រមទទួលយកអតីតបុគ្គលិកឱ្យចូលធ្វើការវិញគឺ អាស្រ័យទៅលើការសម្រេចចិត្តរបស់ភាគីនិយោជកស្របតាមនីតិវីធីច្បាប់។

គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះ មានអតីតបុគ្គលិកសរុបចំនួន ២៤៤នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួន អតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែចំនួន ១២៩នាក់ ប៉ុណ្ណោះ។ ចំពោះអតីតបុគ្គលិក ដែលនៅសេសសល់ ក្រសួងនឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដើម្បីបន្តសម្របសម្រួល ដោះស្រាយវិវាទការងារនេះ។

ចំពោះបញ្ហាដែលជាប់គាំងកន្លងមកនេះ គឺមិនមែនជាការព្រងើយកន្តើយរបស់ក្រសួងឡើយ។ ជាក់ស្ដែង ក្រសួងបានខិតខំធ្វើការសម្របសម្រួល ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់ គូភាគី។ ការជាប់គាំងគឺដោយសារតែគូភាគីវិវាទមិនមានឆន្ទៈក្នុងការអនុវត្តនីតិវិធីដោះស្រាយវិវាទការងាររួម ឱ្យបានត្រឹមត្រូវដែលតាមជាក់ស្ដែង គឺត្រូវប្តឹងបន្តទៅតុលាការ។ ផ្ទុយទៅវិញ ភាគីអតីតបុគ្គលិកបែរជាជ្រើសរើស ធ្វើការតវ៉ាខុសច្បាប់ក្នុងអំឡុងពេលដែលកំពុងដោះស្រាយទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងនឹងបន្ត រៀបចំកិច្ចប្រជុំ និងសម្របសម្រួលករណីវិវាទនេះជាបន្តទៀត ហើយក្នុងករណីដែលភាគីវិវាទទាំងពីរនៅតែមិន អាចរកដំណោះស្រាយ និងសម្របសម្រួលគ្នាបាននោះ ក្រសួងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរយកករណីវិវាទ នេះប្ដឹងទៅតុលាការដើម្បីជម្រះសេចក្តី ស្របតាមបទប្បញ្ញត្តិនៃការដោះស្រាយវិវាទការងាររួមជាធរមាន។

សម្រាប់បងប្អូនអតីតបុគ្គលិក ដែលមិនទាន់មានការងារថ្មី ហើយមានបំណងស្វែងរកការងារធ្វើ សូម ទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន អាសយដ្ឋានស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនង តាមរយៈទូរសព្ទលេខ 077 232 378 / 016 786 655 ឬតាមរយៈគេហទំព័រ www.nea.gov.kh និងហ្វេសប៊ុក www.facebook.com/neakhmerដើម្បីក្រសួងស្វែងរកការងារថ្មីជូនដូចអតីតបុគ្គលិកមួយចំនួនបានធ្វើ កន្លងមកនេះ៕ រក្សាសិទ្ធិដោយៈ ពលជ័យ

spot_img
×