តាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រទេសតុងហ្គា បានចូលរួមជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស បន្ទាប់ពីសាធារណរដ្ឋកោះម៉ាសាល់ ដែលបានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា នាពេលថ្មីៗនេះ។
ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជាបានកំណត់អាទិភាពប្រទេសចំនួនបី នៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន តុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដើម្បីជំរុញដល់ប្រទេសទាំងនេះ ចូលរួមជារដ្ឋភាគីអនុសញ្ញា។ ក្នុងដំណើរបេសកកម្មក្រៅប្រទេស ក្នុងឆ្នាំ២០២៤ កម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ របស់ប្រទេសទាំងបី ដែលរួមមានទាំងសមាជិកសភាផងដែរ ក្នុងគោលបំណងលើកទឹកចិត្ត និងស្នើដល់ប្រទេសទាំងបី ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយប្រទេសទាំងបីបានទទួលយកសំណើរបស់កម្ពុជា និងលើកបន្តទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យលទ្ធភាពចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។
នៅដើមឆ្នាំ២០២៥ សាធារណរដ្ឋកោះម៉ាសាល់ បានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ហើយក្នុងខែមិថុនានេះ ប្រទេសតុងហ្គាបានចូលជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សូមគូសបញ្ជាក់ថា អស់រយៈពេលប្រមាណ ៧ឆ្នាំមកនេះ មិនមានរដ្ឋមិនមែនភាគីណាមួយ បានស្នើចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ានោះទេ ហេតុនេះ ការចូលជារដ្ឋភាគីនៃប្រទេសទាំងពីរ ត្រូវបានទទួលស្គាល់ថាជាសមិទ្ធផលជាសាកលដ៏ធំធេង សម្រេចបានក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យ និងប្តេជ្ញាចិត្តខ្ពស់ ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌សាកល ដែលបានលើកមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងស្ថាប័នអន្តរជាតិជាច្រើន ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបាន ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ : សុទ្ធលី





