បន្ទាយមានជ័យ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលបណ្តោះអាសន្នក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តល់សារអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ពិធីសំណេះសំណាលជាមួយប្រជាជនភៀសសឹក ១២០៧គ្រួសារ នេះ មានការចូលរួមពី លោកជំទាវ នួម សុភ័ណ្ឌ សមាជិករដ្ឋសភា និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកអូរជ្រៅ និងតំណាងក្រុមហ៊ុន Power 100។
ក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងរក្សាសន្តិសុខ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ និងបំពេញកាតព្វកិច្ចដោយមិនភ័យខ្លាច ក្នុងការជួយដោះស្រាយ និងផ្តល់នូវសេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការចូលរួមសោកស្តាយ និងការឈឺចាប់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះទុក្ខលំបាករបស់គ្រួសារដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ សម្តេចធិបតី បានចាត់ទុកការបាត់បង់ និងការឈឺចាប់របស់ប្រជាជនភៀសសឹក គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយការឈឺចាប់នេះ ត្រូវបានដាក់ចូលក្នុងរបៀបវារៈ និងកិច្ចសន្ទនាជាប្រចាំសម្រាប់ធ្វើការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ និងសន្តិភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងទៀតថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម ការបែកបាក់ និងការបំផ្លិចបំផ្លាញ រហូតដល់យល់យ៉ាងច្បាស់នូវតម្លៃពិតនៃសន្តិភាព។ ដោយសារតែប្រវត្តិសាស្រ្តនេះ កម្ពុជាជ្រើសយកការទទួលខុសត្រូវ ជំនួសឱ្យភាពធ្វេសប្រហែស ការឯកភាពជំនួសឱ្យការបែកបាក់ និងជ្រើសយកកម្លាំងដែលដឹកនាំដោយប្រាជ្ញា។ នេះមិនមែនជាភាពទន់ខ្សោយទេ តែជាកម្លាំងដែលបានមកដោយលំបាក របស់ប្រទេសដែលបានបន្តរស់រានមានជីវិត។
ឯកឧត្តម លី ធុជ គូសបញ្ជាក់ទៀតថា ក្នុងអំឡុងពេលដ៏លំបាកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិដ៏មុតមាំ ការវិនិច្ឆ័យស្ងប់ស្ងាត់ និងការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការការពារប្រជាជន និងរក្សាសន្តិភាព ខណៈពេលដែលប្រទេសត្រូវការបំផុត។ ក្រោមការដឹកនាំរបស់សម្តេច កម្ពុជាបានសម្តែងនូវសេចក្តីថ្លៃថ្នូរ ការអត់ធ្មត់ និងទំនុកចិត្ត ដែលជាលក្ខណៈសម្បត្តិចាក់ឫសនៅក្នុងប្រវត្តិសាស្រ្ត និងចាំបាច់សម្រាប់អនាគតជាតិខ្មែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ រក្សាសាមគ្គីភាព មានភាពជឿជាក់ និងទំនុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងឈររួមគ្នាជាជាតិខ្មែរតែមួយ ។ ឯកភាពជាតិ គឺជាកម្លាំងរបស់យើង ទំនុកចិត្តគឺជាខែលរបស់យើង ហើយការមានមោទនភាពក្នុងនាមជាប្រជាជនកម្ពុជា ធ្វើឱ្យយើងក្លាយជាជាតិសាសន៍ថ្លៃថ្នូរ និងទទួលបានការគោរពពីអន្តរជាតិ ៕ រក្សាសិទ្ធដោយ៖សុទ្ធ









