វ័យជំទង់ គឺជាវ័យដែលពោរពេញដោយភាពសប្បាយរីករាយ ដោយមានមិត្តភ័ក្តិជាច្រើន ដែលតែងតែជួបជុំគ្នាសម្រាប់សកម្មភាព ឬដើរលេងក្នុងសង្គម។ ប៉ុន្តែសម្រាប់នារីវ័យ១៨ឆ្នាំរូបនេះ នាងបែរជាត្រូវប្រឈមនឹងរឿងដ៏តក់ស្លុតមួយនេះទៅវិញ។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គេហទំព័រ Legit បានបង្ហាញពីរឿងរ៉ាវរបស់នារីវ័យក្មេងម្នាក់ មកពីប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីវីដេអូរបស់នាងត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះ បង្ហាញឲ្យឃើញក្រុមគ្រួសាររបស់នាងបានរៀបចំកក់បន្ទប់សណ្ឋាគារ ដើម្បីរៀបចំធ្វើខួបកំណើតរបស់នាងចូលវ័យ 18 ឆ្នាំ ប៉ុន្តែហាក់បីដូចជាពិធីជប់លៀងដ៏ប្រណីត បានប្រែក្លាយទៅជាព្រឹត្តិការណ៍ដ៏ស្ងាត់ជ្រងំទៅវិញ ព្រោះតែពុំមានភ្ញៀវណាម្នាក់ មកចូលរួមអបអរ។
វីដេអូឃ្លីប ដែលត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ TikTok @talitha.ci.okolo បានភ្ជាប់ជាមួយសារដ៏ក្រៀមក្រំថា “គ្មាននរណាម្នាក់មកចូលរួមកម្មវិធីខួបកំណើតគម្រប់អាយុ ១៨ ឆ្នាំរបស់បងស្រីខ្ញុំទេ” និងរួមជាមួយនឹងរូបថតបង្ហាញពីនារីវ័យក្មេងម្នាក់នោះ អង្គុយក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាត ជាមួយការតុបតែងមុខ និងសក់ធ្វើបានយ៉ាងល្អ ប៉ុន្តែ នាងបែរជាត្រូវអង្គុយតែម្នាក់ឯងនៅតុក្នុងពិធីជប់លៀងដែលបានរៀបចំយ៉ាងល្អ ដែលឃើញហើយពិតជាគួរឲ្យស្រណោះខ្លាំងណាស់។
វីដេអូ ក៏បានបង្ហាញព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំតុបតែងលម្អយ៉ាងប្រណីត ដោយមានតុសម្រាប់ភ្ញៀវអង្គុយញ៉ាំ ឆាកសម្រាប់និយាយអបអរ និងមានតន្រ្តីត្រៀមប្រគុំលេងកម្សាន្តផងដែរ។
បន្ទាប់ពីត្រូវបានផ្សព្វផ្សាយ វីដេអូនេះបានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សយ៉ាងច្រើន ដោយមានអ្នកចូលមើលជាង ២,៥ លានដង និងបានបញ្ចេញមតិជាច្រើន ទាំងការភ្ញាក់ផ្អើល និងក្តីអាណិតដល់នារីវ័យក្មេងរូបនេះ។ ដោយក្នុងនោះ មានការយល់ឃើញផ្សេងគ្នាថា៖ «ប្រសិនបើមិត្តរបស់នាង ពិតជាមិនបង្ហាញខ្លួនទេ នោះគឺពួកគេប្រហែលមិនមែនជាមិត្តពិតទេ», «បើជាការពិត នោះពិតជាគួរឲ្យអាណិតណាស់ សម្រាប់បរិយាកាសក្រៀមក្រំមួយនេះ» «បើមានមិត្តតិច នោះមិនប្រាកដថាគេមកទេ មិនគួរណា ធ្វើព្រឹត្តិការណ៍ធំបែបនេះសោះ?»។
តែយ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតមួយចំនួន បានមានការសង្ស័យថា តើវាជាព្រឹត្តិការណ៍ពិតទេ? ឬប្រហែលជាវាគ្រាន់តែជាការសម្តែង? ព្រោះមើលទៅវាជាព្រឹត្តិការណ៍មួយមុនពិធីជប់លៀងចាប់ផ្ដើម…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





@talitha.ci.okolo Charge it tho #fyp #18birthday ♬ yebbas heartbreak – 𝐉𝐫𝐱𝐳𝐳𝐢