ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានជួយសង្គ្រោះជនបរទេស ៤១១នាក់ ពាក់ព័ន្ធនឹងករណីជួញដូរកម្លាំងពលកម្ម និងបង្ខាំង ក្នុងនោះក៏មានការឃាត់ខ្លួនជនសង្ស័យ ៥៣នាក់ផងដែរ មានជាច្រើនជាតិសាសន៍។
ការជួយសង្គ្រោះនេះ ធ្វើឡើងតាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានចំនួន ៣៩៤សំណើ, បើតាមសំណើមានមនុស្សសរុប ៩៤៤នាក់ មាន១១សញ្ជាតិ និងតាមការស្រាវជ្រាវស៊ើបអង្កេតបឋម អនុវត្តបាន ២០១សំណើ, បិទក្រុមហ៊ុន ៥ទីតាំង, ផ្អាកអាជីវកម្មជាបណ្ដោះ បន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារក្រសួងមហាផ្ទៃបានទទួលសំណើចំនួន ២៨សំណើទៀត ដែលស្នើឱ្យស្រាវជ្រាវរកជនបរទេសចំនួន ៧៧នាក់។
ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជន ទាំងជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ សូមជួយសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តាំផ្ញើថា សូមឱ្យឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង ស៊ីសងខុសច្បាប់ និងជនប្រព្រឹត្តបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស បង្ខាំងចាប់ជំរិត និងឧក្រិដ្ឋកម្មឆ្លងដែន ហើយត្រូវស្រាវជ្រាវយក ជនប្រព្រឹត្តបទល្មើសទាំងនោះទៅផ្តន្ទាទោសតាមច្បាប់ ជាពិសេសត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសលទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ជាពិសេស កុំឱ្យកូនចៅរបស់យើង ក្លាយជាអ្នករងគ្រោះ ដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជម្រក នៃអំពើភេរវកម្ម ឧក្រិដ្ឋកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យបានត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












