ក្រុមហ៊ុន Gournet Grubb របស់អាហ្វ្រិកខាងត្បូង បានបញ្ចេញទៅកាន់ទីផ្សារនូវប្រភេទទឹកដោះពិសេសម្យ៉ាងមានឈ្មោះថា Entomilk ដែលផ្សំឡើងពីកន្លាតចិញ្ចឹម ។ នៅលើគេទំព័ររបស់ក្រុមហ៊ុននេះ គេបានចុះផ្សាយអក្សរធំៗថា៖ «ចូរចាត់ទុក Entomilk ជាជម្រើសជំនួសឲ្យទឹកដោះនាថ្ងៃអនាគត ព្រោះវាមានក្លិនឈ្ងុយឈ្ងប់ ឱជារសឆ្ងាញ់ ពុំមានស្ករ សម្បូរសារជាតិបំប៉ុន ហើយស្និទ្ធស្នាលជាមួយបរិស្ថាន» ។
តាមក្រុមហ៊ុននេះដដែលបានបញ្ជាក់ថា ផលប្រយោជន៍ធំបំផុតរបស់ Entomilk គឺប្រភេទទឹកដោះនេះមានបរិមាណប្រូតេអ៊ីនខ្ពស់ ហើយសម្បូរសារធាតុរ៉ែ ជាអាទិ៍ ដែក, សង្ក័សី និងកាល់ស្យូម ។
Entomilk បានចាប់ផ្តើមលក់នៅលើទីផ្សារ តាំងពី២ឆ្នាំមុនម្លេះ ហើយវាមានឈ្មោះហៅថា «ទឹកដោះកន្លាត» ។ ប៉ុន្តែ ពុំមានកន្លាតដែលយើងធ្លាប់ដឹងនោះទេ វាជាអម្បូរកន្លាតមានឈ្មោះថា Diplotera punctata ។
អម្បូរកន្លាតពិសេសនេះ គេច្រើនឃើញមាននៅបណ្តាកោះ លើមហាសមុទ្រប៉ាស៊ីហ្វ្រិក ដូចជា ហាវ៉ៃ ហើយវាជាអម្បូរកន្លាតតែមួយគត់ ដែលបង្កើតកូនដោយផ្ទាល់ ពុំមានទម្លាក់ពងរួចញាស់នោះទេ ។
ការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រឥណ្ឌានៅឆ្នាំ២០១៦ បានបញ្ជាក់ថា ទឹកដោះកន្លាតផ្តល់ថាមពលលើសពីទឹកដោះគោដល់ទៅ៣ដងឯណោះ ។
ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រនៅមានការរេរែក ព្រោះតែប្រភេទទឹកដោះនេះ វាពុំទាន់ធ្វើការលក់សាកល្បង ក្នុងរយៈពេលមួយវែង ហើយវាយតម្លៃពីប្រយោជន៍ និងផលវិបាកទាំងឡាយ ប្រសិនមាន ៕ លីសា