Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានជញ្ជីងថ្លឹងរថយន្តនៅស្រុកសន្ទុក ផ្លូវជាតិលេខ ៦ ប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យ រថយន្តធំៗដឹកទំនិញលើសទម្ងន់ឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ តាមអំពើចិត្ត

spot_img

កំពង់ធំ ៖ ក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ ៦ បានប្រាប់ថា សព្វថ្ងៃនេះ ប្រធាន ជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់ នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ មិនរំខានសមត្ថកិច្ច ពាក់ព័ន្ធណាបន្តិចឡើយ នេះបើតាមការឱ្យដឹងពីក្រុមឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជា កសិកម្មឆ្លងកាត់ផ្លូវជាតិលេខ ៦ ក្នុងស្រុក សន្ទុក ខេត្តកំពង់ធំ បានឲ្យដឹង។

ក្រុមឈ្មួញដដែលបន្តទៀតថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ នោះដែរ ។

ក្រុមឈ្មួញ និងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ ក៏នៅតែចៀសមិនផុតពី បង់លុយឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិត្រើយម្យ៉ាមនោះឡើយ ។

ហេតុនេះហើយ ទើបមានការអំពាវនាវឲ្យលោក ងួន រតនៈ អភិបាល ខេត្តកំពង់ធំ ក៏ដូចជា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្ត ស្រុកសន្ទុក និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិត្រើយម្យ៉ាម ជាបន្ទាន់ ។

ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ ៦ ក្នុងស្រុកសន្ទុក គាបយកលុយពីឈ្មួញ និងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗ នៅខាងលើផងដែរ ។

ជាការពិតឈ្មួញមួយចំនួន បានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់ បង់លុយតាមការកំណត់ គឺជាការស្រេច ដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវខូចស្ពានឡើយ ។

បញ្ហានេះ គឺជារឿងដែលលោក ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៦ ក្នុងស្រុកសន្ទុក កំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់៕ រក្សាសិទ្ធិដោយ ៖ មួង សុវណ្ណារិទ្ធ

spot_img
×