បន្ទាយមានជ័យ ៖ ពលរដ្ឋរាប់រយនាក់បានតវ៉ា និង សម្តែងការខឹងសម្បារលើកទី២ ដើម្បីស្នើសុំថ្នាក់លើសម្រួលបើកច្រករបៀងចូលទៅផ្សារណាត់គោកស្បែងរបស់ថៃ ដើម្បីទិញទំនិញម្ហូបអាហារ របស់ប្រើប្រាស់ ១ព្រឹកក្នុង១សប្តាហ៍ ។ ពលរដ្ឋបានឆ្លងចេញចូលដោយជិះក្បូននិងជិះទូកឆ្លងអូរព្រំដែន រវាងភូមិនៃក្រុងប៉ោយប៉ែត ប្រទេសកម្ពុជានិងស្រុកអារញ្ញប្រទេសថៃ។
ពលរដ្ឋរស់នៅភូមិ សង្កាត់ក្នុងក្រុងប៉ោយប៉ែត បានប្រាប់កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ថា ច្រករបៀងគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ខណ:ច្រករបៀងគីឡូម៉ែត្រលេខ៤ -គោកស្បែងនេះបានបិទនាពេលនេះ ពោលគឺមិនបានបើកដូចសព្វ១ដង រាល់សប្តាហ៍ឡើយ។
ស្ត្រីពលរដ្ឋឈ្មោះ ឌីឡែន រស់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតប្រាប់ថា ៖ គាត់និងពលរដ្ឋឯទៀតបានខកចិត្តយ៉ាងខ្លាំងដោយសារច្រករបៀងគីឡូម៉ែត្រលេខ៤-គោកស្បែងនេះបានបិទនាថ្ងៃនេះ។ ពលរដ្ឋមានការខឹងសម្បារទៅលើមន្ត្រីកងកម្លាំងនគរបាលព្រំដែននិងអាជ្ញាធរដែនដី ។
ដូចគ្នានេះដែរ អ្នកស្រី តាន់ សាម៉េត ដែលមកលេងកូនរស់នៅក្រុងប៉ោយប៉ែត ,ប្អូនប្រុសឡូយ យ៉ា រស់នៅភូមិគីឡូម៉ែត្រលេខ៤ ជាប់នឹងច្រកព្រំដែននេះ បានទទូចអោយកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ ៨៩១ ដល់លោកចៅសង្កាត់ផ្សារកណ្តាល និងអភិបាលក្រុងប៉ោយប៉ែត ដើម្បីអន្តរាគមន៍ទៅថ្នាក់លើអោយបើកច្រករបៀងនេះឡើងវិញជាបន្ទាន់។
ចំណែកអ្នកស្រីឯម ចាន់សូភី រស់នៅសង្កាត់ផ្សារកណ្តាលដែរនិយាយប្រាប់ដែរថា ៖ អ្នកស្រីនៅចាំថា ច្រកនេះ លោកអភិបាលស្រុកអារញ្ញាខេត្តស្រះកែវប្រទេស ថៃបានស្នើសុំមកខ្មែរយើង(លោកអភិបាលក្រុងប៉ោយប៉ែត) អោយបើកសម្រាប់ពលរដ្ឋថៃមកលក់ទំនិញនៅផ្សារណាត់កន្លះថ្ងៃក្នុង១សប្តាហ៍ ។ ឯពលរដ្ឋខ្មែរអាចឆ្លងទៅទិញទំនិញម្ហូបអាហារនិងរបស់ប្រើប្រាសនៅទីនោះ។
ក្នុង១ថ្ងៃៗ កាលនៅបើក ច្រកនេះមានពលរដ្ឋចេញ-ចូលប្រមាណ ៥០០ នាក់ ទៅជាង ១.០០០ នាក់ ។ ពលរដ្ឋមិនបាច់ធ្វើសំបុត្រ ,មិនរង់ចាំយូរដូចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើយ។
ការបើកច្រនេះ ជាការសម្រួលជីវភាពពលរដ្ឋនៃតំបន់នៅព្រំដែនប្រទេសទាំង២ ។ ប៉ុន្តែ ធានាថា គ្មានពលករខ្មែរឆ្លងដែនខុសច្បាប់ គ្មានការរត់ពន្ធទំនិញឡើយ ។
ម្យ៉ាងទៀត មូលហេតុដែលនាំអោយពលរដ្ឋខ្មែរចង់ទៅទិញទំនិញថៃនៅផ្សារណាត់នោះ មកពីទំនិញថៃនៅទីនោះ ថោកសមរម្យ មានគុណភាពល្អ ។
លោកវរសេនីយ៍ ហាំ វណ្ណ: មេបញ្ជាការកងនគរបាលការពារព្រំដែនគោកលេខ៨៩១ អោយដឹងថា ៖ ច្រករបៀងនេះ ពិតជាបានបិទតាមការណែនាំរបស់ថ្នាក់លើ និងគណ:បញ្ជាការកងឯកភាពរដ្ឋបាលក្រុងមែន។
ចំណែកលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតប្រាប់ថ្ងៃទី ៣ ខែមិថុនាថា ៖ តាមពិតច្រករបៀងគីឡូម៉ែត្រលេខ ៤ នេះ មិនបានបើកដំណើរការជាផ្លូវការស្របច្បាប់អីទេ ។
ប៉ុន្តែកាលពីអំឡុងខែមីនា ឆ្នាំ២០១៨ កន្លងមកលោកអភិបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានមកទំនាក់ទំនងនិងស្នើសុំរដ្ឋបាលក្រុងប៉ោយប៉ែតយើង ដែលជាក្រុងមានមេត្រីភាពជាមួយនោះ ដើម្បីបើកច្រករបៀងគីឡូម៉ែត្រលេខ ៤ ឈមនឹងច្រករបៀងគោកស្បែងរបស់ខ្លួនដើម្បីអោយពលរដ្ឋកម្ពុជាចេញ-ចូលទិញទំនិញម្ហូបអាហារ របស់ប្រើប្រាស់នៅផ្សារណាត់ក្នុងវត្តថៃ។
ផ្សារណាត់នោះ បើក១សប្តាហ៍ម្តង គឺនៅ១ព្រឹកថ្ងៃសៅរ៍ មិនមែនរាល់ថ្ងៃទេ។
លោកសាន ស៊ានហូ បន្តថា ៖ ប៉ុន្តែដោយសារមានការផ្សព្វផ្សាយពន្លើស បំភ័ន្តការពិត និងមានការណែនាំពីថ្នាក់លើផង ហើយស្របតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នោះគណ:បញ្ជាការរដ្ឋបាលក្រុងបានបញ្ជាអោយបិទច្រករបៀងនេះវិញ។
លោកទទួលស្គាល់ថា ពលរដ្ឋយ៉ាងច្រើនមានការខឹងសម្បារពីការបិទច្រករបៀងដែលបង្កប៉ះពាល់ជីវភាពនេះ ។ ប៉ុន្តែលោកបង្ហើបថា អ្វីៗត្រូវរង់ចាំគណ:កម្មាធិការចម្រុះមួយរបស់ក្រសួងមហាផ្ទៃនិងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធចុះអង្កេតស្រាវជ្រាវ វាយតម្លៃនិងសុំអនុសាសន៍ពីថ្នាក់ដឹកនាំសិន។
សូមបញ្ជាក់ថា ទោះបីជាមានបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអោយបិទច្រករបៀងទាំងអស់នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដោយ ក៏ជាក់ស្តែងច្រករបៀងជាច្រើននៅបានបើកតាមភាពចាំបាច់ សំណូមពរជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដើម្បីចេញ ចូលទៅប្រទេសថៃក្រោមរូបភាពទៅព្រឹក វិលល្ងាចដើម្បីធ្វើការស៊ីឈ្នួលតាមរដូវនៅទឹកដីថៃ។
ទោះយ៉ាងណា ក៏នៅមានច្រករបៀងនៃព្រំដែនខ្លះនៅលួចបើកដើម្បីលាភសក្ការ: ផលប្រយោជន៍សួនតួ របស់មេៗ របស់មន្ត្រី និងកងកម្លាំងការពារមួយចំនួន។
ដូចជាច្រករបៀងម្តុំកាស៊ីណូផ្កាយប្តាំដល់បឹងសាគូ, ច្រករបៀងទួលប្រាសាទ…នៃភូមិសាស្ត្រឈរជើងរបស់នគរបាលការពារព្រំដែន៩១១ ដែលចេញពលករខុសច្បាប់ ហើយយកលុយម្នាក់ៗ ពី៥០០ទៅ១.៥០០បាត និងនាំចូលទំនិញរត់ពន្ធពេលយប់មកវិញយ៉ាងគគ្រឹក៕ ដោយ ៖ បន្ទាយ