បូលីសចរាចរ ដែលហាក់មិនចេះខ្មាសអៀនទាល់តែសោះ ចំពោះសកម្មភាពស្ទាក់ចាប់ឡានម៉ូតូ នៅលើដងផ្លូវ ប្រៀបដូចចុះបង្ក្រាបចោរប្លន់អ៊ីចឹង ធ្វើយ៉ាងណា ដើម្បីបានលុយចូលហៅប៉ៅ ដោយមិនខ្វល់ធ្វើឲ្យប៉ះពាល់ដល់តំលៃប៉ូលីសជាតិ មួយរយៈនេះ ឃើញថា ប្រជាពលរដ្ឋរិះគន់ឡើងកក្រើក ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែរឿងស្ទាក់ផាកពិន័យ ដែលសូម្បីតែប្រជាពលរដ្ឋមិនខុស ហៅផាកថាខុសនេះខុសនោះ ជំរិតយកលុយទាល់តែបាន។
ទាក់ទងរឿងមិនខុស ក៏ហៅចូលលេងៗ ក្រែងលោហេងស៊យបាន «លាភ» នេះ អគ្គស្នងការ ធ្លាប់បានប្រកាសបញ្ជាក់ប្រាប់រួចហើយថា បើគេមិនល្មើសច្បាប់ មិនត្រូវឃាត់យានយន្តសួររកឯកសារគេឡើយ! ។ ប៉ុន្តែ ក្រុមប៉ូលីសឃ្មុំម៉ាស់ខ្មៅ ពាក់វ៉ែនតាខ្មៅ ដែលកំពុងខំប្រឹងឆ្លៀតរកលុយទាំងនោះ ហាក់ធ្វើមិនដឹងមិនឮ ដោយនៅតែប្រព្រឹត្តគ្មានការខ្មាសអៀនសូម្បីតែបន្តិចសោះឡើយ។
ជាការពិតណាស់ រាល់ថ្ងៃនេះ ប៉ូលិសអាចធ្វើស៊ីបានតែប្រជាពលរដ្ឋស្លូតត្រង់ ដែលពួកគាត់ពុំសូវបានស្វែងយល់ដឹងពីច្បាប់ជ្រៅជ្រះប៉ុណ្ណោះ ប៉ុន្តែ បើប៉ះចំគេអ្នកចេះដឹង គេអ្នកខ្លាំងដែរវិញ គឺដឹងតែ «អំបិល» ហើយ កុំសង្ឃឹមបានលុយកម្លាំងញើសឈាមគេស្រួលៗឲ្យសោះ។
ជាក់ស្តែង ដូចករណីដ៏ហួសចិត្តនេះអ៊ីចឹង បានធ្វើឲ្យមហាជនអស់ពាក្យនិយាយ ក្រោយពីបានឃើញប៉ូលិសមួយក្រុម ស្ទាក់ឃាតត់រថយន្តមួយគ្រឿង ដោយគ្មានកំហុសអ្វីសោះ ហើយនៅពេលសួរថាខុសអ្វី ក៏ប៉ូលិសម្នាក់ចំណោមនោះបានប្រាប់ថា អត់មានប័ណ្ណបើកបរ ដល់ពេលបង្ហាញប័ណ្ណបើកបរ ថាមកពីពន្ធផ្លូវផុតកំណត់ តែដល់ពេលលើកបង្ហាញឲ្យឃើញច្បាស់ដល់ភ្នែក ថាមិនទាន់ដល់ថ្ងៃត្រូវបង់ ស្រាប់តែចុងក្រោយឲ្យទៅ ដែលគួរឲ្យហួសចិត្តខ្លាំងបំផុត។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Tep Raksmey បានបង្ហោះឲ្យដឹងថា «ពេលនេះជួបហើយ!! ស្តុបក្តាន់ពីរ ឃាត់រថយន្តហើយបានដើរមកមុខឡានមើលរកឆៀក និងពន្ធផ្លូវ , ហេតុអ្វីយកលេសផុតឆៀក ផុតពន្ធផ្លូវ មកសួររកប័ណ្ណបើកបរ? ទាំងពេលដែលឆៀក និងពន្ធផ្លូវមិនទាន់ផុតកំណត់? កូនឃ្លានខ្ជិលឈ្លោះ»។
ក្រោយពីបានឃើញបែបនេះ មហាជនបានដាក់ឲ្យថា៖ «និយាយលែងចេញហ្មងរឿងប៉ូលីសចរាចរណ៍ហ្នឹង! រឿងដដែលៗ, ហៅលេងៗៗ… អស់លោកថ្នាក់លើៗ មេប៉ូលីសជួយមើលផង ព្រោះប្រជាជនខ្លះ គេប្រញាប់ការងារគេមិនមានពេលសំរាប់លេងមកសួរចឹងៗទេ, ចង់ធ្វើស៊ីគេតែស៊ីមិនបាន ពិតជាថោកទាបណាស់,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




