ដូចដែលបានដឹងហើយ ផ្លូវល្បឿនលឿន គឺជាផ្លូវប្រៀបធៀបដូចបន្ទប់ VIP អ៊ីចឹង សម្រាប់អ្នកដំណើររថយន្ត ដែលប្រញាប់ និងមិនចង់កកស្ទះ ដោយសុខចិត្តត្រូវចំណាយការបង់លុយ ដើម្បីធ្វើដំណើរលើផ្លូវនេះងាយស្រួល។ ផ្លូវល្បឿនលឿន ក៏បានកំណត់មិនអនុញ្ញាតឲ្យម៉ូតូ ជិះឆ្លងកាត់នៅលើផ្លូវនេះទេ ដោយហេតុផលខ្លាចមានគ្រោះថ្នាក់ ព្រោះថាផ្លូវនេះ តម្រូវសម្រាប់តែរថយន្តបើកប៉ុណ្ណោះ ដែលបើកក្នុងល្បឿនចាប់ពី 60km/h រហូត 120km/h គឺលឿនៗណាស់។
តែដោយឡែក ថ្មីៗនេះ វីដេអូបង្ហាញគ្រួសារប្រជាពលរដ្ឋមួយ នាំគ្នាលើកម៉ូតូ ឆ្លងផ្លូវល្បឿនលឿន យ៉ាងត្រដាបត្រដួស បានកំពុងបង្កការវែកញែកយ៉ាងផុសផុល នៅលើបណ្តាញសង្គម ដោយមហាជនបានលើកពីហេតុផលផ្សេងៗយ៉ាងច្រើន ជុំវិញករណីដ៏ភ្ញាក់ផ្អើលមួយនេះ។
យ៉ាងណាមិញ ក្រោយពីបានសកម្មភាពរបស់ប្រជាពលរដ្ឋទាំងនោះ បង្កឲ្យមានការរិះគន់ ហើយក៏ការលើកឡើងថា ជួនកាលទីនោះគឺជាផ្លូវដែលគាត់ត្រូវឆ្លងកាត់ជាប្រចាំកាលពីមុនមក សម្រាប់កិច្ចការគាត់ នៅពេលសាងសង់ផ្លូវល្បឿនលឿនដោយមិនធ្វើស្ពានអាកាស ឬផ្លូវក្រោមដី ឱ្យគាត់ឆ្លងគាត់ មានតែធ្វើបែបនេះតែម្តងទៅ, ជាមួយគ្នានោះ អ្នកដែលបានដឹងច្បាស់ពីផ្លូវល្បឿនលឿនេះ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា ផ្លូវក្រោមដី (ផ្លូវក្រោមថ្នល់មានចំនួន 201 កន្លែង ក្នុងចំងាយផ្លូវ 187 km ព្រមទាំងស្ពានអកាសរំលងផ្លូវមានជាង 20 កន្លែងទៀត ) ប៉ុន្តែ មិនដឹងជាយ៉ាងម៉េចបានជាពួកគាត់ បែរជានាំគ្នាធ្វើរឿងមិនខ្លាចគ្រោះថ្នាក់បែបនេះសោះអ៊ីចឹង។
រីឯអ្នកផ្សេងទៀត ដែលធ្លាប់ឆ្លងកាត់ផ្លូវនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរ «តាមពិតគេមានផ្លូវភូមិ មានផ្លូវសំរាប់អោយពួកគាត់ធ្វើចរាចរណ៍ហើយ គេហាមឃាត់ពួកគាត់មិនអោយធ្វើដំណើរនៅលើផ្លូវល្បឿនលឿន គឺមិនចង់អោយពួកគាត់មានគ្រោះថ្នាក់ដល់ជីវិត និងអាចបង្ករគ្រោះថ្នាក់ដល់អ្នកដែលបើកបររថយន្តទៀត។ ខ្ញុំជួបផ្ទាល់ហើយពួកគាត់ចរាចរណ៍ម៉ូតូលើផ្លូវហ្នឹងពេលយប់ដោយគ្នានភ្លើងបំផ្លឺផ្លូវ ហើយគាត់ជិះបញ្ច្រាស់ផ្លូវទៀត បងគិតមើលបើពេលនោះ សំណាងមិនល្អ តើគាត់នឹងទៅជាយ៉ាងណា! ខ្ញុំលើកឡើងនេះមិនមែនន័យចង់ឈ្នះចាញ់ជាមួយពួកគាត់ទេ គ្រាន់តែមិនចង់អោយពួកគាត់មានបញ្ហា និងវិប្បដិសារី នៅពេលដែលមានការបាត់បង់អាយុជីវិតតែប៉ុណ្ណោះ»។
តែទោះជាយ៉ាងណា គេក៏មិនដឹងថា តើប្រជាពលរដ្ឋទាំងនោះ នឹងត្រូវជិះផ្លូវក្រោមដីឆ្លងកាត់ផ្លូវល្បឿនលឿន មានចំងាយឆ្ងាយៗ ឬយ៉ាងណានោះទេ ខណៈដែលអ្នកខ្លះបាននិយាយហាក់ត្រូវៗថា មូលហេតុមានតែ១ទេ គឺខ្ជិលវាង!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




