ស្លាកសញ្ញាដ៏ចម្លែកមួយ មានរូប «ពូថៅដៃ» យ៉ាងច្បាស់ក្រឡែត លើផ្លូវល្បឿនលឿន កាលពីពេលកន្លងទៅនេះ គឺបានធ្វើឲ្យអ្នកធ្វើដំណើរជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំង ពុំម្នាក់ៗពុំដឹងថា ស្លាកសញ្ញានេះគេចង់មានន័យថាយ៉ាងម៉េច ព្រោះពុំធ្លាប់ឃើញពីមុនមក ពោលគឺគ្មានចែងក្នុងច្បាប់ចរាចរណ៍។
តែយ៉ាងណាមិញ ក្រោយពីបានឃើញប្រជាពលរដ្ឋ មានការងឿងឆ្ងល់ ទៅនឹងស្លាកសញ្ញាពូថៅដៃ នៅលើផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ព្រះសីហនុ ពេលនេះ ក្រសួងសាធារណៈការ បានបញ្ជាឲ្យដកចេញវិញហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាយ៉ាងដូច្នេះថា៖ ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំនិងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុន មុននឹងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា ៖ ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ។ ដោយមានចម្ងល់ជាច្រើនពីបងប្អូនតាមបញ្តាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានអោយក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ ។
សូមបងប្អូនមេត្តាជ្រាប និងសូមមេត្តាអធ្យាស្រ័យដែលក្រុមហ៊ុនមានការភ័ណ្ឌច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿន បានប្រកបដោយសេចក្តីសុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា។ សូមអរគុណ។
តែក្រឡេកមកមើលមតិអ្នកខមិនវិញ អានហើយស្ទើរគាំង ដោយម្នាក់ៗបាននាំគ្នាពន្យល់អត្ថន័យយ៉ាងទូលំទូលាយ ទៅលើរូបសញ្ញា «ពូថៅដៃ» នេះ លើសពីអ្វីដែលអ្នកនាំពាក្យក្រសួងសាធារណការ បកស្រាយ ដោយបានលើកឡើងគួរឲ្យអស់សំណើចថា៖ «ហាមកាប់ព្រៃ យកដីពុះឡូត៍, នៅខាងមុខមានក្រុមអ្នកលេងពូថៅ សូមប្រុងប្រយ័ត្ន, ហាមស៊ីប្លេម្ដុំនេះ ប្រយ័ត្នពូថៅហោះ, ហាមដេញកាប់គ្នាតាមផ្លូវ, សូមប្រយ័ត្ន ដល់ទឹកដីក្រុមពូថៅដៃហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


