ប៉ុន្មានថ្ងៃមកនេះ រឿងអាជ្ញាធរចុះទៅណែនាំ ហាមមិនឲ្យចិញ្ចឹមមាន់ជល់ គឺថាល្បីមិនស្ទើរនោះទេ ដែលចាប់ផ្តើមបែកធ្លាយលើបណ្តាញសង្គមលើកដំបូង ចេញពីខេត្តកំពត ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយម្នាក់ៗយល់ឃើញថា អាជ្ញាធរប្រហែលអត់ការងារធ្វើ បានជានាំគ្នាធ្វើរឿងប្លែកៗ ឬក៏គ្មានសមត្ថភាពក្នុងការទប់ទល់ទៅនឹងកន្លែងភ្នាល់ប្រជល់មាន់ឬ បានជាគិតឃើញធ្វើលើសបែបនេះ។
ជាក់ស្តែង នេះបើលិខិតរបស់អាជ្ញាធរ ដែលបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ទៅលើម្ចាស់ផ្ទះចិញ្ចឹមមួយ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត បានសរសេរបញ្ជាក់ច្បាស់ៗថា «បញ្ឈប់ការចិញ្ចឹមមាន់ជល់ចាប់ពីពេលនេះតទៅ» និងបានបញ្ជាក់ថា អ្នកប្រព្រឹត្តខុសកិច្ចសន្យាខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន ពិតជាបានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះច្បាប់ថ្មីនេះ ហើយក្នុងនោះ គេក៏បាននិយាយថា ហាមចិញ្ចឹមមាន់ជល់! ចុះអាគកមាន់សម្ល ហាមចិញ្ចឹមដែរអត់លោកអាជ្ញាធរ? ព្រោះអាកកមាន់សម្ល ក៏ជល់មានដែរ ពោលគឺវាទាល់តែគ្មានមាន់ឈ្មោល ទើបគ្មានល្បែង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានដាក់ចំៗថា កន្លែងប្រជល់មិនទៅបិទទេ បែរជាមកបិទការចិញ្ចឹមមាន់ទៅវិញ ឬមួយអាជ្ញាធរខ្លាចក្រុមកាងល្បែងប្រជល់មាន់ ដេញកាប់ដូចអ្នកកាសែត!??។
តែក្រោយរឿងនេះបានផ្ទុះល្បីដ៏គួរឲ្យអាម៉ាស ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានធ្វើការបកស្រាយបែបនេះថា អាជ្ញាធរគ្រាន់តែចុះទៅណែនាំ អ្នកមានមាន់ជល់ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងជល់មាន់ទៀតប៉ុណ្ណោះ ហើយថាព័ត៌មានដែលបាននិយាយថា ហាមមិនឲ្យចិញ្ចឹមមាន់ គឺជាការបង្ខូចបង្កាច់ពីសំណាក់អ្នកញៀនល្បែងជល់មាន់។
ទោះជាយ៉ាងណា ទាក់ទងរឿងអាជ្ញាធរចុះហាមមិនឲ្យចិញ្ចឹមមាន់ក្នុងទ្រុង ដោយឲ្យព្រលែងក្រៅទ្រុង ស្រ្តីម្នាក់ជាអ្នកលក់ចំណីមាន់ និងក៏ដូចតំណាងឲ្យប្រជាជនខ្មែរចិញ្ចឹមមាន់ទូទាំងប្រទេស បានចេញមុខប្រតិកម្ម ឆ្លើយតបទៅកាន់អស់លោកអាជ្ញាធរ ដោយលើកយកហេតុផលដាក់កប់ៗថា៖ ហាមមិនឲ្យគេចិញ្ចឹមមាន់ក្នុងទ្រុង អស់លោកចង់បង្ហាញថា គ្មានមាន់ជល់ ចុះបើមាន់ចេញក្រៅផ្ទះ ទៅដើរស៊ីបំផ្លាញផលដំណាំអ្នកដទៃ តើអស់លោកមកចេញលុយសងគេមែន!?។ ស្រ្តីរូបនេះក៏បានបញ្ជាក់ទៅកាន់អាជ្ញាធរទៀតថា អស់លោកមានសិទ្ធិចុះចាប់អ្នកជល់មាន់ដល់កន្លែងសង្វៀន គឺត្រឹមត្រូវណាស់ ព្រោះស្រុកខ្មែរគ្មានច្បាប់ដូចស្រុកថៃ តែអស់លោកគ្មានសិទ្ធិមកហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យចិញ្ចឹមមាន់ដាក់ទ្រុង ឬទិញមាន់ មកបង្កាត់ពូជដើម្បីយកកូនចិញ្ចឹមលក់ទេ ព្រោះថា ដល់រដូវបុណ្យទាន ខែភ្ជុំ បុណ្យ ឬ ការ គឺបានមាន់ហ្នឹងហើយ ដែលប្រជាពលដ្ឋតាមតំបន់ស្រុកស្រែចំការ អាចលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











