នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ គ្រាដែលស្រ្តីជាប្រពន្ធដើមម្នាក់ នៅក្នុងប្រទេសឥណ្ឌា បានអនុញ្ញាតឲ្យប្តីរៀបការជាមួយស្រ្តីផ្សេង ដែលជាអតីតសង្សារចាស់ និងមករស់នៅជុំគ្នាក្រោមដំបូលផ្ទះតែមួយថែមទៀតផង បន្ទាប់ពីបានដឹងថា ប្តី និងស្រ្តីនោះ នៅតែមានទំនាក់ទំនងល្អនឹងគ្នា។
រឿងរ៉ាវស្នេហាដ៏ចម្លែកនេះ បានកើតឡើងនៅក្នុងទីក្រុង Tirupati រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា។ លោក Kalyan ដែលត្រូវបានគេស្គាល់ថាជា Youtuber ម្នាក់ បានរៀបការស្របច្បាប់ជាមួយប្រពន្ធដើមឈ្មោះ Vimala បន្ទាប់ស្គាល់គ្នាតាមរយៈបណ្តាញសង្គម។
បន្ទាប់ពីរៀបការ អ្នកទាំងពីរបានរួមរស់ជាមួយគ្នាយ៉ាងល្អ ហើយ Kalyan ក៏ពុំបានមានទំនាក់ទំនងស្នេហាជាមួយស្រ្តីផ្សេងណានោះឡើយ។ ប៉ុន្តែ អ្នកណាទៅដឹងថា នាង Nittaya Sree អតីតមិត្តស្រីរបស់ Kalyan ផ្លាស់មករស់នៅក្នុងទីក្រុងជាមួយពួកគេនោះទេ ហើយ Kalyan ក៏បានចាប់ផ្តើមមានទំនាក់ទំនង រហូតនាង Vimala បានចាប់បានបុរសជាប្តី Kalyan កំពុងលួចមានស្នេហាជាមួយគ្នា។
យោងតាមសារព័ត៌មានឥណ្ឌាជាច្រើន បានឲ្យដឹងថា Kalyan និងអតីតសង្សារចាស់ Nitya បានបែកបាក់គ្នា ដោយសារតែបញ្ហាមួយចំនួន។ ពេលដែលនារីម្នាក់នោះផ្លាស់មករស់នៅ Tirupati ហើយបានទាក់ទងគ្នាឡើងវិញ ទើបដឹងថា ពួកគេនៅតែមានអារម្មណ៍ចំពោះគ្នា ដូច្នេះហើយអ្នកទាំងពីរបានអង្វរនាង Vimala ដែលជាភរិយារបស់ Kalyan ឱ្យគាត់រៀបការជាមួយអតីតសង្សាររបស់គាត់។
ពីដំបូង នាង Vimala មានការច្របូកច្របល់ ប៉ុន្តែបន្ទាប់ពីចំណាយពេលគិតគូរពីបញ្ហានេះ ទើបនាងសម្រេចចិត្តថា មិនត្រឹមតែអនុញ្ញាតិឱ្យស្វាមីនាង រៀបការទៅតាមពិធីសាសនាជាមួយនារីផ្សេងនោះទេ ប៉ុន្តែ នាងក៏បានចូលរួមក្នុងពិធី និងថតរូបជាមួយគូស្នេហ៍ជាមួយគ្នាយ៉ាងរីករាយផងដែរ។ លើសពីនេះ នៅពេលដែល Nittaya និង Kalyan បានស្នើឱ្យពួកគេរស់នៅក្រោមដំបូលតែមួយ នាង Vimala ក៏បានយល់ព្រម។
តែទោះជាយ៉ាងណា រឿងរ៉ាវស្នេហាដ៏ចម្រូងចម្រាសនេះ បានបង្កឲ្យមានការរិះគន់នៅលើបណ្តាញសង្គមឥណ្ឌា។ ក្នុងនោះ អ្នកខ្លះបានចោទប្រកាន់បុរសនេះថា បានធ្វើឱ្យប្រពន្ធរបស់គាត់អាម៉ាស់មុខ ចំពោះការរៀបការជាមួយអតីតមិត្តស្រីរបស់គាត់បែបនេះ ខណៈពេលដែលអ្នកផ្សេងទៀត បានសរសើរនាង Vimala សម្រាប់ភាពរឹងមាំនៃការគោរពតាមបំណងប្រាថ្នារបស់ស្វាមី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

