រឿងរ៉ាវមួយនេះ ក៏បានកំពុងក្តៅគគុកទៀតហើយ ទាក់ទងករណីប៉ូលិសចរាចរ លាយឡំនឹងមន្រ្តីអន្តរាគមន៍ នៅចំណុចស្ពានទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ធ្វើការផាកពិន័យនារីក្មេងៗ៣នាក់ និងអ្នកជិះម៉ូតូបង់រំលោះអត់ស្លាកលេខ ដោយគ្មានការអនុគ្រោះ ហើយគេក៏មិនដឹងថា អ្នកជិះម៉ូតូបង់រំលោះអត់ស្លាកលេខនោះ ត្រូវអស់លុយអស់កាក់យ៉ាងណាទេ បើមន្រ្តីមិនស្តាប់ពីហេតុផលទាល់តែសោះ។
តាមរយៈវីដេអូ បានបង្ហាញ និងបានលឺនារីវ័យជំទង់ៗទាំងបីនាក់ ដែលត្រូវបានផាកពិន័យ ដោយសារក្នុងនោះម្នាក់អត់មានពាក់មួកសុវត្ថិភាព បាននិយាយទាំងទឹកមុខជូរដាក់ប៉ូលិសថា អស់លុយរលីងពីខ្លួនហើយ។ ហើយនៅពេលអេះអុញហាក់ខ្លាចមិនចង់ហ៊ានធ្វើដំណើរទៅមុខទៀត ពួកនាងក៏បានសួរប៉ូលិសថា ទៅមុខទៀតបានលុយពីណា បើប៉ូលិសស្ទាក់ស្ទើរគ្រប់កន្លែង និងថា ចុះពេលមកវិញ តិចចាប់ទៀត មន្រ្តីអន្តរាគមន៍ម្នាក់ក្នុងចំណោមនោះ បាននិយាយធានាទាំងមិនច្បាស់ ដោយដេញឲ្យទៅៗ គ្មានអ្នកណាចាប់ទៀតទេ ថាទៅៗ…។
ទោះជាយ៉ាងណា ក្រោយពីបានឃើញនារីទាំង៣នាក់នោះ ហាក់ខ្លាចរអាមិនហ៊ានចង់ទៅ ព្រោះឲ្យលុយប៉ូលិសរួចហើយ តែពុំទទួលបានវិក័យបត្រផាកពិន័យ ស្រាប់តែបុរសម្នាក់ ដែលក៏ត្រូវប៉ូលិសហៅផាករឿងម៉ូតូបង់រំលោះអត់ស្លាកលេខ ក៏បានលើកទូរស័ព្ទថត និងបាននិយាយទៅកាន់នារីទាំងនោះ ដោយបង្គាប់ឲ្យពួកនាងត្រូវតែទាមទារយកក្រដាសវិក័យបត្រផាកពិន័យ ពុំនោះទេ ទៅមុខ គឺដឹងតែជាប់អន្ទាក់ទៀតហើយ កុំចាញ់បោក ព្រោះប៉ូលិសយកលុយហើយ និយាយស្រួលណាស់។
តែអ្វីដែលគួរឲ្យហួសចិត្ត និងអស់សំណើចខ្លាំងនោះ គឺនៅពេលបុរសរូបនោះ និយាយបែបនេះ ស្រាប់តែមន្រ្តីអន្តរាគមន៍រូបនោះ ដែលហាក់ដឹងពីទង្វើក្រុមខ្លួនកំពុងធ្វើខុស បានច្រឡោតខឹងទៅកាន់បុរសអ្នកថត ដោយដេញឲ្យទៅឆ្ងាយ កុំចេះដឹងរឿងគេ ដែលឃើញហើយពិតជាហួសចិត្តខ្លាំងតែម្តង។
ដោយឡែក ងាកមករឿងបុរសអ្នកថតនោះវិញ ដែលត្រូវបានសមត្ថកិច្ចឃាត់ទុក ព្រោះគ្មានស្លាកលេខ បើទោះជាគាត់បង្ហាញឯកសារ និងប្រាប់ហេតុផលថា ក្រុមហ៊ុនមិនទាន់ធ្វើស្លាកលេខឲ្យបានយ៉ាងណា ក៏មន្រ្តីអន្តរាគមន៍ក្បាលពោះធំវ័យចំណាស់ម្នាក់ទៀត មិនស្តាប់ហេតុផលនេះឡើយ ដោយបានបោះសម្តីថា ឲ្យទៅហៅក្រុមហ៊ុនមកធានា ក៏ហៅមក….។
ក្រោយពីរឿងរ៉ាវនេះ បានផ្ទុះឡើង នៅថ្ងៃនេះ (ទី៥ ខែតុលា ឆ្នាំ២០២២) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការបកស្រាយបំភ្លឺថា សមត្ថកិច្ចទាំងនោះ ហៅឃាត់ឈប់ ដើម្បីពិនិត្យមើលឯកសារផ្សេងៗ ដោយពុំបានធ្វើការផាកពិន័យអ្វីឡើយ និងគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ។ តែទោះជាយ៉ាងណា មហាជនជាច្រើន បានចូលទៅខមិនរិះគន់ថា ស្នងការបកស្រាយពុំទទួលកំហុស មិនចេះខុស ពោលគឺត្រូវរហូត។
ប៉ុន្តែ បើតាមការពិនិត្យសកម្មភាពនារីទាំង៣និយាយថា អស់លុយពីខ្លួន និងវីដេអូស្តែងៗ បានបង្ហាញប៉ូលិសចរាចរស្រីម្នាក់ បានដកក្រដាសស្អីម្យ៉ាង ចេញពីក្នុងកាតាបធំ ហុចទៅឲ្យនារីទាំងនោះ ទំនងជាលុយអាប់ផាកពិន័យ។ ហេតុនេះ មានតែសម៉ីខ្លួនប្អូនស្រីៗទាំងបីនាក់ ដែលដឹងច្បាស់ សូមជួយបង្ហាញការពិតផង ព្រោះពេលនេះ ពលរដ្ឋស្ទើរពេញមួយនគរបាល បានកំពុងហួសចិត្តទៅនឹងការបកស្រាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលថា គ្រាន់តែធ្វើការអប់រំ និងពុំបានទទួលលុយពីការបង់ផាកពិន័យឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




