ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាស្ថានទ័ពជើងគោក នាយទាហាននៃកងរាជអាវុធហត្ថ បានប្រារព្ធមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧) ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអធិបតី។
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧ សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ដោយបានបញ្ជាក់ថា ការកែទម្រង់កងយោធពលខេមរភូមិន្ទ គឺជាកិច្ចការចាំបាច់ ដើម្បីលើកកម្ពស់ពង្រឹងសមត្ថភាពរបស់កងទ័ព ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ រួមចំណែករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គីម ស្ថិរភាពនយោបាយ នាំមកនូវភាពសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
សម្តេចពិជ័យសេនា បានថ្លែងបន្ថា កងយោធពលខេមរភូមិន្ទ បានឈរជើងការពារយ៉ាងរឹងមាំ នៅតាមបណ្តោយខ្សែបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាង ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់និងបង្ក្រាប់បានទាន់ពេលវេលានូវបទឧក្រិដ្ឋ បទល្មើសផ្សេងៗ ជាពិសេសក្នុងការបំពេញបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក អឺរ៉ុប និងមជ្ឈិមបូព៌ា។
សម្តេចពិជ័យសេនា ក៏បានអរគុណដល់លោកឪពុកអ្នកម្តាយបងប្អូនជនរួមជាតិ ទាំងអស់ ដែលបានលះបង់កូនចៅប្តីសីបងប្អូនសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ រាល់សមិទ្ធផលធំធេងដែលសម្រេចបាននាកន្លងមកនេះ គឺអាស្រ័យដោយការតស៊ូលះបង់ខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់នាយទាហានគ្រប់ជាន់ថ្នាក់៕ ដោយ៖កូឡាប