មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានការភ្ញាក់ផ្អើល និងហាក់ស្រង៉ាកចិត្តជាខ្លាំង នៅពេលដែលបានដឹងថា ឡានខូចនៅលើផ្លូវល្បឿន គឺដឹងតែធ្ងន់កហើយ ដោយមិនអាចអនុញ្ញាតឲ្យរថយន្តគ្នាឯង ឬអ្នកដំណើរដូចគ្នា មកសណ្តោងបានឡើយ គឺគេតម្រូវតែឡានសង្គ្រោះរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលមានសិទ្ធិមកសណ្តោង ឬស្ទួចបាន ហើយតម្លៃសេវាវិញ គឺចាប់ផ្តើម ១០ គីឡូម៉ែត្រដំបូងគិត 100$ និងលើសពី ១០ គីឡូ ឡើងទៅ គឺគិត១គីឡូ 0.3 $ (ស្មើ ១២០០ រៀល)។
នេះបើតាមអ្នករត់ឡានតាក់ស៊ីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Jing Ann ដែលបានជួបបទពិសោធន៍នេះផ្ទាល់ជាលើកដំបូង បានប្រាប់ថា ឡានរបស់គាត់ខូចនៅច្រកស្ទឹងហាវ ហើយពីចំណុចស្ទឹងហាវ មកកាន់កន្លែងជួសជុល (ផ្លូវជាតិលេខ៤) ចម្ងាយដីជាង ១៤ គីឡូម៉ែត្រ គេគិតជាង 100$ (ដោយមិនដឹងថាអស់ប៉ុន្មានទេ)។ បុរសរូបនោះ ក៏បានបញ្ជាក់ឲ្យដឹងថា សេវាកម្មវិលកង់ ១០ គីឡូម៉ែត្រដំបូង គឺ 100$ និងលើសពីហ្នឹង គឺបូកតម្លៃអូសបន្ថែម ១គីឡូ 0.3$ (ស្មើនឹង ១២០០ រៀលលុយខ្មែរ)។ នេះមានន័យថា ពេលអ្នកបើកបរខូចរថយន្ត នៅលើផ្លូវល្បឿនលឿន បើត្រូវការរថយន្តសណ្តោង គឺចាំបាចង់ត្រូវតែបង់លុយដំបូង ១០០ ដុល្លារ ជាមុនសិន និងបន្ទាប់មក គឺត្រូវគិតលុយថ្លៃអូសបន្តពី ១០ គីឡូម៉ែត្រ ដោយក្នុង១គីឡូតម្លៃ ១២០០ រៀល។
ជាមួយគ្នានេះផងដែរ បុរសអត់តាក់ស៊ីខាងលើ ក៏បានផ្តាំផ្ញើទៅដល់បងប្អូនអ្នកធ្វើដំណើរដទៃ ជាពិសេសអ្នករត់តាក់ស៊ីដូចគ្នា មុននឹងចេញដំណើរលើផ្លូវល្បឿនលឿន គឺលៃយ៉ាងណា ត្រូវពិនិត្យគ្រឿងគ្រៅម៉ាស៊ីនឡានឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីបង្ការការខូច អស់លុយថ្លៃអូសធ្ងន់.កដូចគាត់។
ដោយឡែក នៅពេលមានបងប្អូនមួយចំនួនមានការយល់ឡំ គិតថា ១០ គីឡូម៉ែត្រ 100$ ចុះ ៥០ គីឡូម៉ែត្រ មិនស្មើ 500$ ហើយហ្នឹង ក៏មានអ្នកលេងបណ្តាញសង្គមម្នាក់ ដែលយល់ច្បាស់ បានពន្យល់ឲ្យដឹងថា៖ «មិនមែន 10គីឡូ 100ដុល្លារ ហើយ 50គីឡូ 500ដុល្លារ ដូចគាត់គិតទេ ។ សេវាឡានសណ្ដោងក្នុងផ្លូវល្បឿនលឿន គឺឡានសណ្ដោងវិលកង់ក្នុងគីឡូប៉ុន្មានក៏ដោយ គឺគិតត្រឹមតែតម្លៃ 100 ដុល្លារ ប៉ុណ្ណោះ ហើយបន្ទាប់មកទើបគេគិតមួយគីឡូតម្លៃ 1200 រៀល ហើយគេអូសយើងទៅច្រកចេញដែលជិតបំផុត»។
តែទោះយ៉ាងណា ប្រជាពលរដ្ឋបានរអ៊ូថា តម្លៃសេវានេះ គឺពិតជាខ្ពស់ណាស់ ដោយសូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយសម្របសម្រួលពិភាក្សាជាមួយក្រុមហ៊ុន គួរដាក់ចេញនូវតម្លៃដែលសមស្របមួយ ដែលអាចទទួលយកបាន ជូនបងប្អូនប្រជាពលរដ្ឋទូទៅផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



