Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខ​ជា​ន់​ទុក្ខ! ផ្ទះ​ខ្ចី​លុយ​គេ​ធ្វើ​ជិត២ម៉ឺន$ ទើប​ចូល​នៅ​បាន​ប៉ុន្មាន​ខែ ត្រូវ​ទឹកជំនន់​បំផ្លា​ញ អ្នកគ្រូ​បង្រៀន និង​កូន២នាក់ សល់​តែ​សំបក​ខ្លួន ព្រោះ​តែ…

ផ្ទះ​តម្លៃ​ជាង ៤០០​លាន​ដុង (ជាង ១៦០០០ ដុល្លារ) របស់អ្នកគ្រូ​បង្រៀនម្នាក់ ដែលក៏​ត្រូវបានដឹងថា ជាផ្ទះ​ខ្ចីលុយគេធ្វើចំនួន ​៣០០ ​លាន​ដុង (ជាង ១២០០០ ដុល្លារ) និងទើបតែ​ចូលនៅបាន​ប៉ុន្មាន​ខែប៉ុណ្ណោះ ត្រូវ​ទឹកជំនន់ជន់លិច បំផ្លាញគ្មានសល់ ខណៈទ្រព្យសម្បត្តិ ​ក៏​ហូរ​តាម​ទឹកអស់ទៀត។

អ្នកស្រី La Thi Van (ឡា ធីវ៉ាន់) អាយុ ៣៦ ឆ្នាំ រស់នៅក្នុងភូមិ Hoa Son (ហោសុន) ឃុំ Ta Ca (តាកា) ស្រុក Ky Son (គីសុន) ខេត្ត Nghe An (ងឺអាន់) បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា ផ្ទះរបស់អ្នកស្រី និងសម្ភារៈប្រើប្រាស់ទាំងអស់ ត្រូវបានទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បំផ្លាញអស់ហើយ ដោយបន្សល់ទុកដីភក់ និងសំរាមមែកឈើប៉ុណ្ណោះ។

អ្នកស្រី​ វ៉ាន់ បាន​បន្ត​ថា​៖ «​ឥឡូវនេះ ​មិន​មាន​អ្វី​នៅ​សល់ទៀត​ទេ វាពិតខ្លោចផ្សារណាស់ ​ពេល​ឃើញ​ផ្ទះ​បែកបាក់ខ្ទេចខ្ទីបែបនេះ ខ្ញុំ​មិន​ដឹង​ថា ​ពេលណា​ខ្ញុំ​អាចមានលទ្ធភាព​សង់​ផ្ទះ​ឲ្យ​កូន​ខ្ញុំ​​រស់នៅ​ជាថ្មីបាន​ទៀតទេ​»។

អ្នកស្រីក៏បានឲ្យដឹងថា អ្នកស្រី​ជា​គ្រូ​មត្តេយ្យ​នៅ​ឃុំ Bao Nam (ស្រុក Ky Son, Nghe An)។ អ្នកស្រី​មាន​កូន​២​នាក់ ដែល​ម្នាក់​រៀន​ថ្នាក់​មធ្យម​សិក្សា និង​ម្នាក់​ទៀត​រៀន​នៅ​បឋមសិក្សា។ កាលពី៦ឆ្នាំមុន ប្តីរបស់គាត់បានស្លាប់ភ្លាមៗ ដោយជំងឺដាច់សរសៃឈាមខួរក្បាល។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នកស្រីត្រូវធ្វើការរកស៊ី​ចិញ្ចឹម​កូនៗតែម្នាក់ឯងប៉ុណ្ណោះ។

អ្នកស្រីបន្តថា ដើម្បីបានផ្ទះឲ្យកូនរស់នៅបានសមរម្យ អ្នកស្រី វ៉ាន់ បានសម្រេចចិត្តខ្ចីប្រាក់គេ ៣០០ លានដុង និងប្រាក់បន្តិចបន្តួចដែលនាងបានសន្សំ ដើម្បីសាងសង់ផ្ទះដ៏រឹងមាំមួយសម្រាប់កូនៗ។

អ្នកស្រី និងកូនៗ ពិតជារំភើបរីករាយណាស់ ដោយលែងបានរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមទៀតហើយ បន្ទាប់ពីបានផ្ទះថ្មីនៅដ៏សមរម្យ ដែលទើបត្រូវបានសង់រួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២២។​ ប៉ុន្តែ អ្វីដែលឈឺចាប់បំផុតនោះ គឺភាពរីករាយរបស់ម្តាយកូនទាំងបី មិនបានប៉ុន្មានខែផង ស្រាប់តែផ្ទះថ្មីត្រូវរលាយទៅវិញ ដោយសារតែទឹកជំនន់ដ៏ខ្លាំងនៅដើមខែតុលា នេះ បានបំផ្លាញគ្មានសល់។

ជាក់ស្តែង ពីផ្ទះស្អាតដ៏ធំទូលាយ បន្ទាប់ពីទឹកជំនន់ គឺនៅសល់តែជញ្ជាំងប្រេះពីរ និងដំបូលប្រក់ក្បឿង រង់ចាំការដួលរលំបន្តទៀតប៉ុណ្ណោះ ខណៈ​ទ្រព្យ​សម្បត្តិ សម្ភារៈប្រើប្រាស់ ក៏ត្រូវ​បាន​ទឹក​ហូរនាំទៅអស់។

អ្នកស្រី វ៉ាន់ បន្ត​ថា នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​តុលា មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។ លុះ​ដល់​ល្ងាច​ថ្ងៃ​ដដែល ភ្លៀង​បាន​ធ្លាក់​កាន់តែ​ខ្លាំង ហើយ​ទឹក​ស្ទឹង​ក៏​បាន​ហក់​ឡើង។ អ្នកស្រី ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះផ្ទះ​ស្ថិត​នៅ​មាត់​អូរ ដូច្នេះ​ហើយ​អ្នកស្រីបានឱប​កូន​ពេញ​មួយ​យប់ ​គេង​មិន​លក់ទេ។ អ្នកស្រី​និង​កូន​ស្រី​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី “រត់ពី​ទឹក​ជំនន់”។

នៅម៉ោង​ ៧ ​ព្រឹក ទឹក​ជំនន់​បាន​ហក់​ចូលមកវិញ​យ៉ាង​លឿន។ ឃើញ​ដូច្នេះ អ្នកស្រី វ៉ាន់ បានជិះម៉ូតូមករកកូនស្រី និងប្រញាប់ប្រញាល់ដឹកកូន​​ទៅ​កន្លែង​ខ្ពស់ ​ដើម្បី​បញ្ចៀស​ទឹកជំនន់។ ប៉ុន្តែ​ ពេល​ចេញពីផ្ទះ​បាន​ប៉ុន្មាន​ម៉ែត្រ ទឹក​ក៏​ហក់​​យ៉ាង​លឿន ហើយក្រឡេកទៅផ្ទះ​ ឃើញ​ទឹក​ហូរ​ចូល ​ផ្ទះ​ក៏​លិច​បាត់អស់តែម្តង​។

នៅពេលដែលទឹកជំនន់ចាប់ផ្តើមថយចុះ ហើយទឹកបានស្រកអស់ អ្នកស្រី វ៉ាន់ ក៏បានប្រញាប់ប្រញាល់រត់មកមើលផ្ទះ និងទ្រព្យសម្បត្តិ ប៉ុន្តែ អ្វីៗស្ទើតែមិនជឿនឹងភ្នែក ព្រោះថា ផ្ទះបានបន្សល់​ទុក​តែ​ជញ្ជាំង​ឥដ្ឋ​ប្រេះ​ចំនួន​២។ នៅខាងក្នុង តុ កៅអី គ្រែ ទូរទស្សន៍ និងគ្រឿងសង្ហារិមទាំងអស់ ត្រូវបានទឹកជន់លិច។ ហើយជំនួស​ឱ្យ​ទ្រព្យ​សម្បត្តិ​ទាំង​អស់នោះ ​គឺមានតែដីភក់ សំរាម (​ដើម​ឈើ និង​ថ្ម)។

ជាលទ្ធផលនេះ​ អ្នកស្រី វ៉ាន់ បានរៀបរាប់ទាំងអួលដើមកថា ទឹក​ជំនន់​ហក់ឡើង​យ៉ាង​លឿន​ មិន​អាច​យក​អ្វី​មក​ជាមួយ​បាន​ទេ គ្រាន់​តែ​រត់យកតែជីវិតក៏សឹងតែមិនចង់រួច ឥឡូវ ​អត់​ដឹង​ទៅ​ណា​ទៀត​ហើយ ខ្ញុំពិតជា​ពិបាកចិត្តខ្លាំង មានតែ​ស្រែក​រក​ព្រះជួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីផ្ទះអ្នកស្រី វ៉ាន់ គឺនៅមានផ្ទះអ្នកជិតផ្សេងទៀត ក៏ត្រូវទឹកជំនន់បំផ្លាញគ្មានសល់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×