បុរស ដែលរស់ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច បានសង្គ្រោះកូនឆ្លាមតូចមួយ យកមកចិញ្ជឹមប៉ុន្តែចុងក្រោយ បន្ទាប់ពីចិញ្ជឹមវាឲ្យធំធាត់អស់រយៈពេល ២ឆ្នាំ ការធ្វើគុណរបស់គាត់បែរជាទទួលបានទោសទៅវិញ ដោយគាត់ត្រូវអស់ដៃម្ខាង និងស្ទើរបាត់បង់ជីវិត ដោយសារតែវាវាយប្រហារគាត់។ នេះបើតាមការចេញផ្សាយរបស់ World News Daily Report កាលពីពេលថ្មីៗនេះ។
ដំបូងឡើយ លោក Cesario Sancho Gonzales អាយុ ៤៩ឆ្នាំ សញ្ញាតិអាមេរិច ដើមកំណើតគុយបាន រស់នៅក្នុងទីក្រុង Miami បានប្រទះឃើញកូនត្រីឆ្លាមជាប់មងនៅលើឆ្នេរសមុទ្រកាលពីឆ្នាំ ២០១៥ រួចគាត់ក៏បានសង្គ្រោះវា និងយកវាមកចិញ្ជឹមរហូតដល់របួសវាជាសះ។
គាត់បានដាក់ឈ្មោះត្រីឆ្លាមនោះថា Snuggly និងបានឲ្យចំណីវាស៊ីជារៀងរាល់ថ្ងៃ ដូចជាត្រីស្រស់ មាន់ សាច់ជាដើម ដោយផ្តល់ ៣ដងក្នុងមួយថ្ងៃ។
គាត់ចិញ្ជឹមវានៅក្នុងអាងទឹក ក្នុងបន្ទប់ទឹកអស់រយៈពេល ២ឆ្នាំ ហើយវារីកធំធាត់បានប្រវែង ១,៥ម៉ែត្រ និងមានទម្ងន់ ៨១គីឡូក្រាម ប៉ុន្តែវាមើលទៅមិនបង្ហាញពីភាពកាចសាហាវទេ។
ប៉ុន្តែអ្វីៗ មិនដូចជាការគិតទុករបស់គាត់ឡើយ ដោយថ្ងៃមួយគាត់បានទៅបន្ទប់ទឹករបស់គាត់ ពេលព្រឹក ហើយត្រីឆ្លាមក៏មានវាយប្រហារដៃរបស់គាត់ម្ខាង នៅពេលគាត់បានយកដៃខាងឆ្វេងទៅអង្អែលលើក្បាលរបស់វា។
លោក Cesario Sancho Gonzales និយាយដូច្នេះថា “នៅពេលខ្ញុំអង្គុយលើបង្គន់ Snuggly ចាប់ផ្តើមរើខ្លាំង ដូច្នេះខ្ញុំក៏យកដៃរបស់គាត់ទៅអង្អែលក្បាលរបស់វា ហើយវាលោតខាំខ្ញុំតែម្តង”។
ក្រោយពេលវាយប្រហារម្ចាស់យ៉ាងសាហាវរួច ត្រីឆ្លាមនោះត្រូវបានគេបញ្ជូនវាយកទៅដាក់នៅអាងចិញ្ជឹមត្រីសមុទ្រ ដើម្បីចាប់ឲ្យអាជ្ញធរកំណត់ពីជោគវាសនារបស់វា៕ សុភ័ក្ត្រ