ជីវិតពិតរបស់មនុស្សយើង មិនដូចរឿងរ៉ាវនៅក្នុងរឿងភាគ ដែលបញ្ចប់ដោយការរៀបការ មានសេចក្ដីសុខរហូតទៅ របស់តួឯកប្រុសស្រីនោះទេ តែរឿងពិតវិញ ការរៀបការ គឺចំណុចចាប់ផ្ដើមរបស់ជីវិតថ្មី ដែលគ្មានអ្នកណាដឹងថា នឹងបញ្ចប់បែបណា? មានសេចក្ដីសុខយូរអង្វែង? ឬសម្ព័ន្ធស្នេហ៍ ដើរមកដល់ផ្លូវទ័ល រហូតទៅមុខទៀតលែងបាននោះឡើយ។
ស្នេហាមកដល់ផ្លូវទ័ល ត្រូវធ្វើយ៉ាងណា បើត្រូវលែងលះ?
មុននឹងសម្រេចចិត្តជាថ្មីម្ដងទៀតក្នុងជីវិត អ្នកត្រូវគិតឱ្យបានច្បាស់ ឱ្យល្អិតល្អន់ហ្មត់ចត់ ព្រោះការលែងលះ អាចមិនបានហុចផលប៉ះពាល់ត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ តែអាចប៉ះពាល់ដល់មនុស្សជុំវិញខ្លួនយើងទៀតផង។
១-សួរខ្លួនឯងឱ្យច្បាស់ម្ដងទៀត ឬច្រើនដងក៏បានដែរថា តើ បន្តនៅ ឬទៅល្អជាង?
យើងជឿថា ច្រើនដងណាស់ដែលជីវិតគូមានបញ្ហា ទាំងស្វាមី និងភរិយាប្រហែលជាត្រូវជួយគ្នារិះរកផ្លូវដោះស្រាយយ៉ាងអស់ពីកម្លាំងកាយចិត្តមិនខាន តែបញ្ហាខ្លះ ក៏មិនអាចកែខៃ ដោះស្រាយបានដែរ។ នៅពេលពិចារណាល្អិតល្អន់ហើយ អ្នកខ្លះសម្រេចចិត្តកាន់ដៃគ្នាទៅមុខបន្តទៀត ដោយសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើង តែសម្រាប់អ្នកខ្លះដែលគិតថា បញ្ហាវាហួសនឹងកែខៃបានទៅហើយ រឹតតែនៅ នឹងរឹតតែបំផ្លាញផ្លូវចិត្តគ្នា ទើបចាប់ផ្ដើមគិតដល់ការចែកផ្លូវ។ តែមិនថាចង់សម្រេចចិត្តបែបណានោះទេ មានតែរូបអ្នកប៉ុណ្ណោះ ដែលស្គាល់ខ្លួនឯងច្បាស់បំផុត សួរខ្លួនឯងឱ្យច្បាស់ កុំទៅសួរអ្នកដទៃជាដាច់ខាត។
២-រៀបចំផែនការជីវិតនាពេលអនាគត
ក្នុងខណៈដែលកំពុងថ្លឹងថ្លែងក្នុងចិត្តថា នឹងនៅត ឬក៏លែងលះនោះ អ្នកគួររៀបផែនការសម្រាប់អនាគតទុកខ្លះផង ព្រោះថា មានផែនការហើយមិនបានប្រើ វាគ្រាន់ជាងគ្មានផែនការអ្វីទាំងអស់ដែរ។ ផែនការដែលអ្នករៀបទុកនោះ មិនចាំបាច់ត្រូវពាក់ព័ន្ធនឹងការរស់នៅម្នាក់ឯង ក្រោយការលែងលះតែម្យ៉ាងនោះទេ អាចជាផែនការជាមួយស្វាមីថា បើសិនឆ្លងផុតហេតុការណ៍នេះទៅបានហើយ តើយើងទាំង២ នឹងកែសម្រួលខ្លួនយ៉ាងណា ដើម្បីឱ្យជីវិតគូ អភិវឌ្ឍទៅក្នុងផ្លូវដែលល្អប្រសើរឡើង និងមិនវិលមកឈ្លោះទាស់ទែងគ្នាដដែលៗទៀត។
ចំណែកអ្នកណាដែលសម្រេចចិត្តរួចហើយថា ត្រូវតែលែងលះគ្នានោះ អ្នកគួរតែមានផែនការក្នុងការរស់ម្នាក់ឯងថា ត្រូវធ្វើអ្វីខ្លះ? ជាពិសេសមនុស្សដែលជាស្រីមេផ្ទះ គឺចាំបាច់បំផុត ត្រូវរៀបផែនការរឿងលុយកាក់ ឬការចិញ្ចឹមជីវិតដោយខ្លួនឯង និងសំខាន់ជាងនោះទៀតគឺ បើសិនជាមានកូនជាមួយគ្នាផង រឿងការចិញ្ចឹមមើលថែកូន ក៏ជាប្រធានបទមួយដែលត្រូវរៀបផែនការឱ្យបានច្បាស់លាស់ដែរ។
៣-រឿងលុយកាក់ត្រូវតែឃ្លៀរ៍ឱ្យច្បាស់លាស់
ចំណុចនេះសម្រាប់អ្នកដែលសម្រេចចិត្តច្បាស់លាស់ហើយថា នឹងចែកផ្លូវគ្នាយ៉ាងពិតប្រាកដនោះ រឿងទ្រព្យសម្បត្តិ ទាំងផ្ទាល់ខ្លួន និងការខ្ចីបុល បំណុលផ្សេងៗដែលបានធ្វើរួមគ្នា ត្រូវប្រញាប់ជជែកគ្នា និងរិះរកវិធីឃ្លៀរ៍គ្នាឱ្យចប់ស្រួលបួល ព្រោះគូស្នេហ៍ជាច្រើន ពេលចរចា ច្រើនតែឯកភាពគ្នាយ៉ាងល្អល្អះ តែដល់ពេលត្រូវបែងចែកគ្នាមែនទែន បែរជាមានបញ្ហា ប្ដឹងផ្ដល់គ្នា រហូតចុងក្រោយ សឹងតែក្លាយជាសត្រូវនឹងគ្នាទៀតផង។
អ្នកណាដែលពុះពារ ទប់ប្រគងសេចក្ដីស្នេហា ឱ្យឆ្លងកាត់ឧបសគ្គបញ្ហាទៅបាន យើងសូមជួយត្រេកអរ ចំណែកអ្នកណាដែលពិចារណាច្បាស់លាស់ហើយថា នៅជាមួយគ្នាតទៅទៀត វាមានតែយ៉ាប់យ៉ឺនទៅ ហើយការបែកគ្នាបែបមិនស្អប់ខ្ពើមគ្នា ប្រហែលជាល្អជាងនោះ ក៏សូមឱ្យឆ្លងផុតគ្រប់បញ្ហាទៅបានដោយសម្រួលណា៎ចាស៕