ហេតុអីបានថ្ងៃនេះ អ្វីៗហាក់ដូចជាមិនអំណោយផលសោះ មានអារម្មណ៍ថា សុខភាពផ្លូវចិត្ត ដូចជារាងយ៉ាប់យ៉ឺនជាងរាល់ថ្ងៃ អារម្មណ៍មិនល្អ មើលទៅខាងណា ក៏រាងដូចជាចង់តែមួម៉ៅ យ៉ាងម៉េចមិនដឹងទេ? អូខេ…ចិត្តត្រជាក់ៗសិន ព្រោះមូលហេតុ អាចបណ្ដាលមកពី ៥រឿងដូចតទៅ…
១-រឿងដែលបានជួបក្នុង ១ថ្ងៃៗ មិនដូចគ្នា
ក្នុង ១ថ្ងៃៗ យើងបានជួបនឹងរឿងរ៉ាវដែលខុសប្លែកពីគ្នា មិនថាតែរឿងក្នុងក្រុមគ្រួសារ មិត្តភក្តិ គូស្នេហ៍ នៅកន្លែងធ្វើការ ក្នុងសង្គម អ្វីៗដែលបានឃើញ និងព័ត៌មានដែលបានអាន ជាដើម គ្រប់យ៉ាងទាំងនោះ ហុចផលប៉ះពាល់ជាមួយយើង ខ្លាំងជាងយើងគិតទៅទៀត។ បើថ្ងៃណាដែលមានរឿងយ៉ាប់ៗ កើតឡើងតែ ១រឿង មនុស្សយើងនឹងច្បាស់ជាមានទំនោរក្នុងការសម្លឹងមើលរឿងផ្សេងទៀត ដែលចូលមកក្នុងថ្ងៃនោះ យ៉ាប់យ៉ឺនដូចតែគ្នាទាំងអស់មិនខាន។
២-ការប្រែប្រួលរបស់អ័រម៉ូន និងសារធាតុទំនាក់ទំនងប្រព័ន្ធប្រសាទ
ការប្រែប្រួលរបស់អ័រម៉ូន និងសារធាតុទំនាក់ទំនងប្រព័ន្ធប្រសាទ ក៏ហុចផលធ្វើឱ្យយើងមានអារម្មណ៍យ៉ាប់យ៉ឺនបានដូចគ្នា ដូចជា វដ្ដរដូវ នៅពេលកើតមានហើយ នារីៗអាចនឹងមានអារម្មណ៍ប្រែប្រួល ឆាប់ខឹងមួម៉ៅ មានផលប៉ះពាល់ទូទាំងរាងកាយ និងផ្លូវចិត្ត ហើយប្រាកដណាស់ វាធ្វើឱ្យមានអារម្មណ៍មិនល្អខ្លាំងតាមហ្នឹងដែរនៅថ្ងៃនោះ។
៣-គុណភាព និងបរិមាណនៃការគេងលក់
ការគេងសម្រាក ហុចផលដល់អារម្មណ៍ និងថាមពលរបស់យើងក្នុង ១ថ្ងៃៗខ្លាំងណាស់។ មានពាក្យដែលគេតែងនិយាយថា ថ្ងៃរបស់យើង ចាប់ផ្ដើមតាំងពីពេលគេង មិនមែនពេលភ្ញាក់ទេ។ ការសម្រាកបានតិច មិនគ្រប់គ្រាន់ ហុចផលឱ្យកើតអារម្មណ៍មួម៉ៅ ប្រសិទ្ធភាពក្នុងការធ្វើការថយចុះ ព្រមទាំងហុចផលឱ្យកើតមានក្ដីបារម្ភកង្វល់ អារម្មណ៍ប្រែប្រួល ដោយមិនដឹងមូលហេតុទៀតផង។
៤-ការញ៉ាំអាហារក្នុង ១ថ្ងៃៗ
អាហារការហូបចុក ហុចផលដល់អារម្មណ៍ ខ្លាំងជាងយើងគិតទៅទៀត បើមិនរាប់ពីការញ៉ាំអាហារមិនឆ្ងាញ់ហើយគ្មានសេចក្ដីសុខ សារធាតុអាហារ និងភោជនាការ ក៏ហុចផលដល់ខ្លួនយើងដូចគ្នាដែរ ដូចជា ការទទួលទានជាតិស្ករច្រើនពេក អាចធ្វើឱ្យយើងមានអារម្មណ៍ទន់ជ្រាយ អស់កម្លាំងបាន ដូចជាកាហ្វេអ៊ីន ទទួលទានច្រើនពេក ក៏នឹងហុចផលធ្វើឱ្យយើង អាចមានការបារម្ភកង្វល់ខ្លាំងឡើងបានដូចគ្នា។
៥-ដោយសារតែយើង មិនមែនជាគ្រឿងចក្រ
រឿង ១ទៀត គឺភាពជាមនុស្សហ្នឹងឯង ធ្វើឱ្យសុខភាពផ្លូវចិត្ត និងថ្ងៃរបស់យើង អាចឡើង-ចុះៗមិនទៀងទាត់ តែរឿងសំខាន់ យើងត្រូវចេះត្រេកអរចំពោះខ្លួនឯង យល់ចិត្តអាណិតអាសូរខ្លួនឯង ក្នុងថ្ងៃណាដែលវាអាចនឹងអាក្រក់ខ្លាំង ដើម្បីនឹងធ្វើឱ្យយើងបានឆ្លងកាត់ថ្ងៃអាក្រក់ៗនោះទៅបាន។
អ្នកខ្លះអាចនឹងមានរឿងផ្សេងៗចូលមកថែមទៀត ដែលធ្វើឱ្យមានអារម្មណ៍កាន់តែយ៉ាប់ខ្លាំងឡើង ដូចជា ទស្សនៈខាងសុខភាពផ្លូវចិត្ត ទស្សនៈចំពោះរឿងមួយចំនួនផ្លាស់ប្ដូរ មានរឿងចូលមកឱ្យគិតច្រើន កើតមានបញ្ហាខាងសុខភាព តែបើសិនមានអារម្មណ៍ថា វាហាក់ដូចជាច្រើនជ្រុល រហូតប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ គួរទៅប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីទទួលបានការណែនាំ៕