មិនមែនមនុស្សស្រីទាំងអស់ សុទ្ធតែត្រូវការ ឬប្រាថ្នាក្នុងការនិយាយថា “ចាស យល់ព្រម” គ្រប់តែគ្នានោះទេ…តើព្រោះហេតុអីទៅ? តទៅនេះ គឺជាគោលគំនិត និងទស្សនៈរបស់នារីដែលមិនរៀបការ…
១. ព្រោះនារីខ្លះគិតថា មិនរៀបការ មិនមែនបានន័យថា យើងនឹងត្រូវរស់នៅម្នាក់ឯងឯណា?
នៅពេលរៀបការ យ៉ាងហោចណាស់ ក៏យើងនឹងមានមនុស្សម្នាក់ នៅក្បែរកាយជានិច្ចដែរ តែខ្ញុំចង់ប្រាប់ថា តឱ្យមិនបានរៀបការ ក៏យើងនៅតែមានមនុស្សម្នាក់នៅក្បែរកាយបានដែរ…យើងនៅមានមនុស្សឱ្យយើងស្រឡាញ់…ឱ្យយើងជឿទុកចិត្ត…ឱ្យយើងសើចជាមួយគ្នា…ឱ្យឈ្លោះគ្នា…ឱ្យនឹកគ្នា…រួមទាំងពឹងពាក់គ្នាទៅវិញទៅមកបានទៀតផង។ ការមិនរៀបការ មិនមែនបានន័យថា យើងត្រូវតែនៅម្នាក់ឯងនោះទេ តែយើងនៅមានពួកម៉ាកមិត្តភក្តិ មានមនុស្សស្រឡាញ់ មានបងប្អូន អ្នកជិតខាង និងមិត្តរួមការងារ គ្រាន់តែយើងមិនបាននៅជាមួយគូគ្រង តែប៉ុណ្ណឹងឯង។
២. ព្រោះស្នេហា គឺជាប្រស្នាដ៏អាថ៌កំបាំងមួយ
ការរៀបការ គឺជាកិច្ចសន្យាដែលមានចំណងរវាងគ្នា។ មានអត្ថន័យសាមញ្ញៗ ងាយៗ ហើយខ្ញុំក៏មិនត្រូវការនិយមន័យស្នេហាក្នុងន័យបែបធុរកិច្ច ឬច្បាប់ទម្លាប់អ្វីៗទាំងអស់។ ភាពស្រស់ស្អាតរបស់ស្នេហា គ្មាននិយមន័យមួយដោយឡែកតែឯងនោះទេ និងតែងតែប្រែប្រួលជានិច្ចទៀតផង។
៣. ព្រោះភាពស្ថិតស្ថេរគង់វង្សដ៏ពិតប្រាកដ ចេញមកពីការដឹងថា តើខ្លួនឯងជាអ្នកណា និងត្រូវការអ្វី?
នៅពេលនារីខ្លះ មានអារម្មណ៍ខកបំណងជាមួយនឹងរឿងរ៉ាវផ្សេងៗ ដែលកើតឡើងនៅក្នុងជីវិត ពួកគេមិនដែលគិតថា ការរៀបការនឹងអាចបញ្ឈប់រឿងទាំងអស់នោះបានឡើយ។ ព្រោះពួកគេគិតថា មនុស្សដែលស្រឡាញ់ និងបារម្ភអំពីយើង ដូចជាឪពុកម្ដាយ បងប្អូន សាច់ញាតិ មិត្តរួមការងារ និងមិត្តភក្តិជិតស្និទ្ធទៅវិញទេ ដែលជាសម្ព័ន្ធភាពស្ថិតស្ថេរគង់វង្សដ៏ធំធេងបំផុត លើសអ្វីៗទាំងអស់ ដែលយើងមិនមែនត្រូវតែបានពីគូអាពាហ៍ពិពាហ៍តែម្នាក់គត់នោះឡើយ។
4 . ព្រោះយើងអាចលែងលះវិញបាន…
នាងខ្ញុំ និងគូស្នេហ៍ សេពគប់គ្នាមក ១០ឆ្នាំហើយ នៅពេលណាយើងមានបញ្ហានឹងគ្នា (មិនខុសពីគូស្នេហ៍ដទៃទេ) យើងមានសេរីភាពជានិច្ច ក្នុងការបញ្ចប់សម្ព័ន្ធភាពបានគ្រប់ពេល។ ក្នុងអំឡុងពេលដែលអស់សង្ឃឹម និងសោកសៅបំផុតនោះ នាងខ្ញុំបែរជាមានអារម្មណ៍សប្បាយចិត្ត ដោយសារតែនាងខ្ញុំអាចសម្រេចចិត្តគ្រប់យ៉ាង ដើម្បីខ្លួនឯងបានយ៉ាងពេញលេញ។
5 . ព្រោះយើងអាចរៀបការនៅពេលណាក៏បាន មិនចាំបាច់ត្រូវប្រញាប់ទេ…
នាងខ្ញុំមិនមែនជាមនុស្សប្រឆាំងនឹងការរៀបអាពាហ៍ពិពាហ៍ទេ ហើយរឿងហ្នឹង ក៏មិនមែនជាបញ្ហាដែរ…វាគ្រាន់តែជាកម្មវិធីមួយប៉ុណ្ណោះ។ ចំណុចសំខាន់គឺ យើងនៅតែបើកចំហ ទាំងក្នុងរឿងការរៀបការ និងសម្ព័ន្ធភាពស្នេហ៍។ យើងត្រៀមរួចរាល់ជានិច្ចក្នុងការបើកទទួលយកផ្នត់គំនិត អារម្មណ៍ និងបទពិសោធផ្សេងៗ ទាំងរបស់យើង និងរបស់អ្នកដទៃ។ មិនសំខាន់ថា យើងកំពុងស្ថិតនៅក្នុងសម្ព័ន្ធភាពស្នេហ៍រយៈពេលវែង ឬសម្ព័ន្ធភាពនោះបានបញ្ចប់បែបឈឺចាប់ ឬទើបចាប់ផ្ដើមស្នេហាជាថ្មី ឬពេញចិត្តក្នុងការនៅតែម្នាក់ឯងនោះឡើយ គ្មានអ្នកណាម្នាក់ដឹងឡើយថា តើអនាគតនឹងទៅជាយ៉ាងណា? ដូច្នេះ ទុកឱ្យវាក្លាយជាការសម្រេចចិត្តរបស់យើងផ្ទាល់ ក្នុងការឈានទៅមុខ ឆ្ពោះទៅរកការផ្សងព្រេងជាថ្មីទៀត៕