នេះជារឿងដ៏ញាក់សាច់ ដែលរថយន្តមួយគ្រឿង បានបង្កគ្រោះថ្នាក់បើកទម្លុះចូលក្នុងពិធីបុណ្យសពមួយទាំងយប់ បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅស្រុក Duc Hue ខេត្ត Long An ប្រទេសវៀតណាម។
យោងតាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោង ៨ និង ៣០ នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្ត៥កៅអី ពាក់ស្លាកលេខ ហូជីមិញ ធ្វើដំណើរតាមដងផ្លូវ ស្រាប់តែបាត់បង់ម្ចាស់ការ រអិលចេញពីផ្លូវ ចូលរោងបុណ្យសពតែម្តង ស្ថិតនៅក្នុងឃុំ My Thanh Dong ស្រុក Duc Hue។
ដោយសារតែហេតុការណ៍នេះបានកើតឡើងលឿនពេក ជាហេតុធ្វើឲ្យលមនុស្សជាច្រើនគ្មានពេលរត់គេចពីគ្រោះថ្នាក់បាន។ តាមព័ត៌មានបឋម បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប្រភពក៏បានឲ្យដឹងថា មុននឹងបើកទម្លុះចូលទៅក្នុងរោងបុណ្យសព (ចំងាយជាង១០ម៉ែត្រពីផ្លូវ) រថយន្តបង្កនោះ បានបុកម៉ូតូជាច្រើនគ្រឿងដែលចតនៅខាងក្រៅ នៃនៅកន្លែងកើតហេតុ។ រថយន្តនេះបានបង្កគ្រោះថ្នាក់ដល់មនុស្ស ម៉ូតូ តុ និងកៅអីមួយចំនួន រងការខូចខាតយ៉ាងដំណំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




