ការសម្រកទម្ងន់សម្រាប់នារីយើង គឺជារឿងមួយដែលពិបាកធ្វើ ប្រហាក់ប្រហែលនឹងការហាមចិត្ត មិនឱ្យដើរទិញទំនិញល្អៗ ដែលបញ្ចុះតម្លៃអ៊ីចឹងដែរ ទោះជាយើងខំព្យាយាម ធ្វើតារាងតមចំណីអាហារយ៉ាងម៉ឺងម៉ាត់ប៉ុនណាក៏ដោយ ក៏រឹតតែមើលទៅ ដូចជាជោគវាសនា វាធ្វើបាបឱ្យយើង ត្រូវតែចុះចាញ់របស់ឆ្ងាញ់ៗគួរឱ្យចង់ញ៉ាំគ្រប់ពេលអ៊ីចឹងដែរ។ តទៅនេះ គឺជារឿងរ៉ាវមួយចំនួនដែលធ្វើឱ្យនារីៗយើង ពិបាកក្នុងការសម្រកទម្ងន់ខ្លាំងជាងបុរស តើមានអ្វីខ្លះទៅ សូមតាមដានស្ដាប់ជាបន្ត…
-បណ្តាលមកពីប្រភេទអ័រម៉ូនភេទប្រុស និងភេទស្រី ខុសគ្នា
បុរសជាភេទមួយ ដែលមិនសូវញ៉ាំអ្វីកំប៉ិកកំប៉ុកស្រាប់ទៅហើយ តែបើញ៉ាំម្តងៗ គឺញ៉ាំច្រើនណាស់ ចំណែកនារីៗវិញ បាយមិនសូវញ៉ាំទេ តែអាចញ៉ាំនេះ ញ៉ាំនោះបានពេញ ១ថ្ងៃ ហើយក៏ចូលចិត្តរអ៊ូតាមក្រោយថា ខំតមបាយហើយ តែទម្ងន់មិនស្រកសោះ។ ចា៎ស វាប្រាកដជាអ៊ីចឹងហើយ ព្រោះពពួកនំញ៉ាំលេង នំបេគើរីឆ្ងាញ់ៗ តែគុជ កាហ្វេទឹកដោះគោទឹកកក ឬសូម្បីតែទឹកផ្លែឈើក្រឡុក
ត្រជាក់ៗ ដែលនារីៗតែងទិញយកទៅញ៉ាំក្រោយពេលអាហារថ្ងែត្រង់នោះ សុទ្ធតែធ្វើឱ្យធាត់ ឬឡើងទម្ងន់ទាំងអស់។
-ស្រីៗចូលចិត្តញ៉ាំ ទោះមិនដឹងថា ចង់ញ៉ាំអីក៏ដោយ
កញ្ញាៗណា ដែលចង់ឆាប់ស្គម សុំឱ្យបញ្ឈប់ទម្លាប់នេះយ៉ាងដាច់ខាតទៅ ព្រោះការចាប់នេះចាប់នោះដាក់ចូលមាត់នៅពេលដែលមិនដឹងថាចង់ញ៉ាំអីឱ្យប្រាកដនោះ វានឹងនាំមកនូវរូបរាងកន្ធាត់ក្នុងអំឡុងពេលដ៏ខ្លី ក្នុងខណៈដែលបុរសៗ នឹងដើរទៅទិញរបស់ញ៉ាំ ក៏នៅពេលដែលខ្លួនឯងឃ្លានតែប៉ុណ្ណោះ។ ដូច្នេះវិធីដែលល្អនោះគឺ បើមិនទាន់ដឹងថា ខ្លួនចង់ញ៉ាំអីទេនោះ ចូរញ៉ាំទឹក ១កែវសិនទៅ
ហើយសឹមគិតថា តើវាគ្រាន់តែជាការចង់ញ៉ាំលេង ឬក៏ឃ្លានមែនទែន?
-យល់ខុសពីពាក្យថា “កាឡូរី”
បុរសៗភាគច្រើន មិនសូវយកចិត្តទុកដាក់រឿងកាឡូរីនៅក្នុងអាហារប៉ុន្មានទេ ខុសពីស្រីៗដែលចាំតែគិតជាប់ជានិច្ចថា តើអាហារ ១មុខនេះ មានកាឡូរីប៉ុន្មាន? និងព្យាយាមជ្រើសរើសទិញរបស់ញ៉ាំណា ដែលមានកាឡូរីទាប ដើម្បីកុំឱ្យធាត់ តែការពិតវិញ កាឡូរីនៅក្នុងអាហារ មិនបានគួរឱ្យខ្លាចដល់ថ្នាក់ហ្នុងទេ ទោះជាចំណីអាហារខ្លះមានកាឡូរីខ្ពស់ រហូតគួរភ្ញាក់ផ្អើលមែន តែបើញ៉ាំក្នុងបរិមាណ
ដែលសមល្មម ក៏វាមិនធ្វើឱ្យធាត់ដែរ។
-ដាក់គោលការណ៍ម៉ឺងម៉ាត់ តែអត់ចាប់ផ្តើមធ្វើ
គ្រប់ពេលដែលនារីៗ មានគំនិតថា ចង់សម្រកទម្ងន់ ពួកគេច្រើនតែចាប់ផ្តើមពីការរើរកមើលក្បួនតម្រា ពាក្យណែនាំពីបណ្តាអ្នកចេះដឹងទាំងឡាយមកអាន រហូតដល់យល់ច្បាស់អស់ថា តើវិធីណាមួយ ធ្វើហើយបានទទួលលទ្ធផលល្អបំផុត តែគួរឱ្យសោកសៅណាស់ ដែលក្រោយពីអានចប់អស់ហើយ នារីៗយើងច្រើនតែតាំងចិត្ត ខំធ្វើតាមនោះ បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ខុសពីបុរសៗ ដែលនៅពេលដឹងខ្លួនថា ដូចជារាងធាត់ឡើងហើយ ក៏នឹងរិះរកវិធីហ្វឹកហាត់រាងកាយខ្លួនឯងឡើងវិញភ្លាមតែម្តង និងថែមទាំងចែករំលែកវិធីរបស់ខ្លួនឯង ឱ្យមិត្តភក្តិធ្វើតាមទៀតផង។
-នារីៗចូលចិត្តអត់អាហារ ច្រើនជាងការហាត់ប្រាណ
កុំទៅនឹកចម្លែកចិត្តអីកំលោះៗអ៊ើយ បើសិនជាឃើញនារីៗយើងម្តងធាត់ ម្តងស្គម ទម្ងន់មិនស្ថិតស្ថេនោះ សូមឱ្យដឹងទៅចុះថា ជាទូទៅ នារីៗមិនចូលចិត្តការសម្រកទម្ងន់ដោយការហាត់ប្រាណទេ ទោះវាជាវិធីដែលល្អបំផុតក៏ដោយ ហើយនៅក្នុងគំនិតរបស់នារីៗភាគច្រើន សម្លឹងឃើញថា ការហាត់ប្រាណ ធ្វើឱ្យក្រស្គមជាងការអត់អាហារ ក្នុងខណៈដែលបុរសៗ បែរជាច្បាស់លាស់ម៉ឺងម៉ាត់
ជាមួយការហាត់ប្រាណខ្លាំងទៅវិញ។ ពួកគេមិនដែលខ្ជិលក្នុងការធ្វើលំហាត់ប្រាណឡើយ ទោះជាការងាររវល់ប៉ុនណាក៏ដោយ ដូច្នេះនារីៗយើងបានដឹងបែបហ្នឹងហើយ គួរតែងាកមកមានវិន័យចំពោះខ្លួនឯង ក្នុងរឿងហាត់ប្រាណ ឱ្យដូចពួកកំលោះៗខ្លះហើយ។
ការពិតទៅ ការសម្រកទម្ងន់ មិនបានលំបាកលំបិនដល់ថ្នាក់ហ្នុងទេ សុំត្រឹមតែនារីៗយើងប្រើប្រាស់ថាមពលក្នុង ១ថ្ងៃៗ ឱ្យច្រើនជាងបរិមាណកាឡូរីរបស់អាហារ ដែលញ៉ាំចូលទៅនោះបានហើយ តែប៉ុនហ្នឹង ក៏គ្រប់គ្រាន់ទៅហើយ សម្រាប់ការមើលថែទាំទម្ងន់ខ្លួនឱ្យនៅស្ថិតស្ថេរនោះ៕