យើងនាំគ្នាមកដឹងថា តើក្រុមអ្នកសិក្សាស្រាវជ្រាវនៅក្នុងប្រទេសអាមេរិក គេរកឃើញអ្វីខ្លះ ពាក់ព័ន្ធនឹងសក្តានុពលរបស់មនុស្សវ័យជំទង់ ឬយុវវ័យ ដែលនឹងធ្វើឱ្យមនុស្សក្នុងវ័យនេះ មានគុណភាពជីវិតដ៏ល្អនាពេលអនាគត។
ប្រហែលជាគ្មានយុវជន-យុវនារីណាម្នាក់ មិនចង់ស្អាត មិនចង់ឱ្យមនុស្សជុំវិញខ្លួនរាប់អាន និងទទួលស្គាល់នោះឡើយ តែគន្លឹះល្អៗសម្រាប់រឿងទាំងអស់នេះ ការពិតទៅសុទ្ធតែអាចធ្វើបានដោយខ្លួនឯង។ ឥលូវយើងនាំគ្នាមកដឹងថា តើការមើលថែទាំខ្លួនរបស់មនុស្សដែលស្ថិតក្នុងវ័យនេះ ត្រូវធ្វើយ៉ាងណាខ្លះ?
១-ហាត់ប្រាណ
ការដើរលេង ដើរក្នុងហាងផ្សារទំនើប រត់ ហែលទឹក លេងស្បែកជើងកង់រំអិល ឬធ្វើកិច្ចការងារផ្សេងៗជាមួយមិត្តភក្តិ ដែលមិនធ្វើឱ្យរាងកាយនៅស្ងៀម រួមទាំងការធ្វើកិច្ចការងារជាមួយក្រុមគ្រួសារ និងមិត្តភក្តិ គឺជាការហាត់ប្រាណមួយដ៏ល្អខ្លាំងណាស់សម្រាប់យុវនារី។ ដោយសារតែវ័យជំទង់ ជាវ័យដែលត្រូវការមានមិត្តភក្តិ និងចង់បានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ការបានធ្វើកិច្ចការងារផ្សេងៗជាមួយមិត្តភក្តិរបស់ពួកគេ នឹងជួយឱ្យទាំងរាងកាយ និងផ្លូវចិត្ត ល្អប្រសើឡើងយ៉ាងគួរឱ្យចម្លែកចិត្ត។
២-ការញ៉ាំ
ការញ៉ាំអាហាររបស់មនុស្សវ័យជំទង់ទូទៅ អាចញ៉ាំអាហារបានគ្រប់បែប តែគួរញ៉ាំឱ្យបានគ្រប់ ៥ប្រភេទក្រុម និងគួរចៀសពី Junk Food និងអាហារដែលមានជាតិខ្លាញ់ច្រើន។ ការញ៉ាំអាហារជុំគ្នាជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក៏អាចរាប់បានថាជារឿងមួយល្អ សម្រាប់មនុស្សវ័យជំទង់បានដែរ តែគួរញ៉ាំបន្លែ និងផ្លែឈើឱ្យបានញឹកញាប់ផង។
ការតមអាហារ ដើម្បីគ្រប់គ្រងទម្ងន់ខ្លួន គឺជារឿងដែលមិនគួរធ្វើឡើយសម្រាប់នារីស្ថិតក្នុងវ័យជំទង់ ដោយសារតែជាអំឡុងពេលដែលរាងកាយកំពុងតែរិកធំធាត់។ ការសាងកោសិកាស្បែកដែលល្អ ក៏ជួយឱ្យនារីៗមើលទៅស្រស់ស្អាតបានដូចគ្នាដែរ ដូច្នេះគួរជ្រើសរើសញ៉ាំអាហារដែលមានកាឡូរីទាប និងហាត់ប្រាណវិញប្រសើរជាង។
៣-ចេះចាត់ការចំពោះបញ្ហាផ្សេងៗ
វ័យជំទង់ គឺជាវ័យដែលអ្វីៗក៏មើលទៅដូចជាច្របូកច្របល់រញេរញ៉ៃទាំងអស់ ការចាត់ការចំពោះបញ្ហាយ៉ាងត្រឹមត្រូវ ក៏ជារឿងសំខាន់មួយដែរ។ ការធុញថប់តានតឹងមួម៉ៅ រហូតគេងមិនលក់ ឬធុញថប់ រហូតដល់ត្រូវពឹងពាក់គ្រឿងស្រវឹង ឬថ្នាំញៀន ដើម្បីឱ្យទទួលបានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន គឺជារឿងមួយខុសធ្ងន់ធ្ងរណាស់។ គួរតែចេះប្រឹក្សាយោបល់ជាមួយមនុស្សលើសពី ១នាក់ និងត្រូវចេះបែងចែក វែកញែកមើលថា តើច្រកចេញបែបណា ស័ក្តិសមជាមួយខ្លួនយើង និងអនាគតរបស់យើងបំផុត។
៤-ចេះគិត និងមានក្តីស្រមៃ
ការគិតបែបចម្រើន និងមានក្តីស្រមៃ គឺជារឿងចាំបាច់ខ្លាំងណាស់សម្រាប់យុវវ័យ។ ការធ្វើកិច្ចការងារផ្សេងៗ គឺជាការជួយអភិវឌ្ឍកម្មវិធីការគិតនៅក្នុងផ្នែកនេះ មិនថាតែការលេងតន្រ្តី លេងកីឡា ច្រៀង ប្រកួតរាំ តែងបទចម្រៀង ទាត់បាល់ រួមទាំងការចិញ្ចឹមសត្វ ការបានលេងជាមួយសត្វ ការសើច និងការធ្វើកិច្ចការងារដែលមិនមែនធ្វើតែម្នាក់ឯង សុទ្ធតែអាចរាប់បានថា ជាការអភិវឌ្ឍខួរក្បាលផ្នែកខាងស្តាំទាំងអស់។
៥-ហ្វឹកហាត់ចំពោះរឿងដែលចូលចិត្ត
ជីវិតវ័យជំទង់ គឺជាអំឡុងជីវិតដ៏មានថាមពលពេញហូរហៀរ។ ក្រោយចេញពីរៀនហើយ ក៏នៅមានកម្លាំងថាមពលសល់ច្រើនដែរ។ ការហ្វឹកហាត់បន្ថែមចំពោះអ្វីដែលខ្លួនចូលចិត្ត និងខ្លួនឯងថ្នឹក គឺជារឿងមួយល្អណាស់។ ការបណ្តោយឱ្យជីវិតរសាត់អណ្តែតទៅទទេៗពី ១ថ្ងៃទៅ ១ថ្ងៃនោះ គឺជារឿងមួយដែលមិនគួរធ្វើទាល់តែសោះ ព្រោះថា បើសិនជាយើងមិនដឹងថា ខ្លួនយើងចូលចិត្តអ្វី ឬធ្វើអ្វីហើយថ្នឹកចំណាននោះ វាអាចនឹងហុចផលប៉ះពាល់ទៅដល់ការជ្រើសរើសប្រកបអាជីពនៅថ្ងៃអនាគតបាន។
យើងនឹងបានឃើញថា ការអភិវឌ្ឍគុណភាពជីវិតរបស់មនុស្សវ័យជំទង់ គឺការធ្វើកិច្ចការងារផ្សេងៗជាក្រុម នៅជាមួយមិត្តភក្តិខ្លះ នៅជាមួយក្រុមគ្រួសារខ្លះ និងការចេះរស់នៅរួមគ្នាជាសង្គមមួយ ក៏នឹងហុចផលល្អដល់ទាំងខ្លួនយុវជនខ្លួនឯង និងសង្គមជារួមនៅថ្ងៃអនាគតបានដែរ៕