ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃថា កំណើនចំនួនរោងចក្រ និងការបង្កើតការងារ បានមកដោយការបើកដំណើរសកម្មភាពសេដ្ឋកិច្ចសង្គម ឡើងវិញ និងដោយសារតែអត្រាចាក់វ៉ាក់សាំងខ្ពស់នៃជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។

ឯកឧត្តម បានថ្លែងដូចនេះ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តី ពី “ការបើករោងចក្រថ្មីបានបង្កើតការងារ និងរួមចំណែកធ្វើឱ្យស្ថានភាពការងារមានស្ថិរភាព។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយថា រោងចក្រកាត់ដេរ បានកើនឡើងដល់ ១,២៩១រោងចក្រ រហូតដល់ខែកក្កដា ដែលជាការកើនឡើង ៥.៩ ភាគរយ។ រោងចក្រ ដែលបាន ចុះបញ្ជី កើនឡើងដល់ជិត ១៦០០០ គិតត្រឹម ខែកក្កដា។ ចំនួនរោងចក្រ និងសហគ្រាសដែលបានចុះបញ្ជីនេះ បានកើនឡើង ១៦.៨ ភាគរយ គឺដល់ចំនួន ១៥.៨៥៩ គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ដោយផ្តល់ការងារដល់កម្មករចំនួន ១.៥៤ លាននាក់។

របាយការណ៍ បន្តថា ចំនួនរោងចក្រ ដែលមិនមែនជារោងចក្រកាត់ដេរ បានកើនឡើងដល់ ១៤.៥៦៨ រោងចក្រ ឬស្មើ ១៧.៩ ភាគរយ ដោយបន្ថែមថា រោងចក្រទាំងអស់ទាំងកាត់ដេរ និងមិនមែនកាត់ដេរ បានបង្កើតការងារសរុបចំនួន ១,៥៤ លានកន្លែង កើនឡើង ៧,៥ ភាគរយ។ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ គឺរកចំណូលពីបរទេស បានច្រើនជាងគេសម្រាប់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេររបស់កម្ពុជា មានទំហំទឹកប្រាក់៦.៦ ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ ដោយកើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕