សៀមរាប ៖ អស់រយៈពេល២៥ឆ្នាំមកហើយ ដែលរមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ក្នុងរយៈពេល២៥ឆ្នាំនេះ ពិភពលោកទាំងមូល មានភាពរំជើបរំជួល ចំពោះសំណង់ស្ថាបត្យកម្ម នៃប្រាសាទអង្គរវត្ត ហើយពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវទេសចរ កាន់តែច្រើនបានមក ទស្សនារមណីយដ្ឋានអង្គរ។
ថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូត ក្រុមអ្នកជំនាញការជាតិ និងអន្ដរជាតិនានា សហប្រធានបារាំងនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ លោក Guillaun NARJOLLET បានបង្ហាញពីភាពរីករាយចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការជាតិ និងអន្ដរជាតិ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពលេចធ្លោមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងការអបអរសាទរ លោក Guillaun NARJOLLET ក៏បានរំលឹកដែរថា ការរីករាយជាមួយនឹងភាពជោគជ័យ នឹងអាចនាំឱ្យយើងបរាជ័យដែរ បើយើងធ្វេសប្រហែលនៅចំណុចណាមួយនៅក្នុងតំបន់អង្គរ។
សហប្រធានបារាំងរូបនេះ បានពន្យល់ថា អាយស៊ីស៊ី-អង្គរទទួលបានជោគជ័យយ៉ាងខ្លាំង ជាបន្ដបន្ទាប់ នៅក្នុងរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣មក ធ្វើឱ្យរមណីយដ្ឋានអង្គរប្រែក្លាយពីសម្បត្តិបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ក្លាយជាសម្បត្តិបេតិកភណ្ឌមួយដ៏ពេញលេញ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោក្នុងពិភពលោក ហើយភ្ញៀវទេសចរមានការកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែកំណើននេះក៏ជាការគំរាមកំហែងដល់អង្គរដែរ ដូច្នេះយើងមិនត្រូវរីករាយជាមួយនឹងភាពជោគជ័យនេះទេ។ យើងត្រូវផ្តោតសំខាន់នូវការរៀបចំគោលនយោបាយនិងអនុវត្តន៍នូវវិធានការផ្សេងៗដែលអាចឲ្យយើងធានាបាននូវតុល្យភាពរវាងកំណើនវិស័យទេសចរណ៍និងកិច្ចការអភិរក្ស។
ដូចគ្នាដែរ លោកស្រី Ann LEMEISTRS តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានបង្ហាញការពេញចិត្តជាខ្លាំង ពេលឃើញរមណីយដ្ឋាអង្គរ មានការអភិវឌ្ឍ ហើយអាជ្ញាធរជាតិអប្សរា បានគិតគូរហ្មត់ចត់ជាមុន ពីផលលំបាក និងចំណុចប្រឈមនានា ដែលអាចនឹងកើតឡើង ក្នុងរមណីយដ្ឋានអង្គរផងដែរ។ លោកស្រីក៏បានអរគុណដល់អ្នកចូលរួមទាំងអស់ក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលបានធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពលេចធ្លោរហូតមកដល់សព្វថ្ងៃ ហើយសង្ឃឹមថា អ្នកទាំងនោះនឹងបន្តការងារដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរបន្តទៀត។
លើសពីនេះទៀត គណៈកម្មការអាយស៊ីស៊ីអង្គរ ក៏បានបង្ហាញនូវសេចក្តីពេញចិត្ត ជាខ្លាំង ចំពោះការរីកចម្រើន នូវសមត្ថភាពរបស់អ្នកជំនាញ អាជ្ញាធរជាតិអប្សរា ជាពិសេស ភាពម្ចាស់ការ ក្នុងការដឹកនាំអនុវត្តន៍នូវគម្រោងជាច្រើន ក្នុងរមណីយដ្ឋាន ទាំងការងារស្រាវជ្រាវ ការងារអភិរក្សជួសជុល និងការងារអភិវឌ្ឍន៍ ប្រកបដោយចីរភាព តំបន់រមណីយដ្ឋានអង្គរ។
គួរបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣០របស់ខ្លួន នៅថ្ងៃទី៥និងទី៦ ខែមិថុនា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
របៀបវារៈនៃកិច្ចប្រជុំពេលនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានរបាយការណ៍នៃការងារអភិរក្ស ជួសជុល និងការងារស្រាវជ្រាវ ការអភិវឌ្ឍដោយចីរភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានពីការផ្តល់អនុសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គពីឆ្នាំ២០១៧ និងឆ្នាំកន្លងមក។
គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឱ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ (១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួមជាសមាជិកដែរ៕ ដោយ ៖ បញ្ញាស័ក្តិ