ភ្នំពេញ ៖ អតីតតារាសម្តែងដ៏ល្បីល្បាញអ្នកនាង អម្ពរ ទេវី បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ក្នុងពេលដែលអ្នកនាងឃើញទស្សនិកជនច្រើននៅតែគាំទ្រ និងរងចាំមើលការសម្តែងរបស់នាងជាថ្មី។
ក្តីរំភើបនេះបានកើតមានឡើង បន្ទាប់ពីអ្នកនាងត្រូវបានផលិតករជើងចាស់លោក ហ្វៃ សំអាង បានកោះហៅនាងឲ្យចូលរួមសម្តែងជាថ្មី នៅក្នុងរភាគខ្នាតធំមួយរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។
អ្នកនាង អម្ពរ ទេវី បានលើកឡើងថា នាងខ្ញុំពិតជារំភើបចិត្តនៅពេលដែលឃើញបងប្អូន នៅតែស្រឡាញ់គាំទ្រការសម្ដែង របស់នាងខ្ញុំ និងបងទេព រិនដារ៉ូ ថ្វីត្បិតតែនាងខ្ញុំ ជាប់រវល់ការងារផ្ទាល់ខ្លួន រវល់ជាមួយនឹងក្រុមគ្រួសា៛យ៉ាងណា ក៏នាងខ្ញុំត្រូវពុះជ្រៀកពេលវេលា បន្ទាប់ពីបានទទួលដំណឹង ពីបងប្រុស ហ្វៃ សំអាង ទូរស័ព្ទរៀបរាប់ពីសាច់រឿង និងតួអង្គដែលនាងខ្ញុំត្រូវសម្ដែង ។
អ្នកនាងបញ្ជាក់ថា ទីមួយគឺស្រឡាញ់សាច់រឿងល្អប្លែក មានទាំងអត្ថន័យ អត្ថរស បង្កប់រសជាតិនិយម ទីពីរ ជាសម័យកាលបុរាណ ដែលមិនធ្លាប់មានផលិតករណាផលិតឡើយ ។ នាងខ្ញុំ សប្បាយចិត្តនឹងត្រៀមខ្លួនដើម្បីទៅសម្តែង ភាពយន្តភាគខ្នាតធំរឿង : អប្សរាមហាអង្គរនេះ ផលិតដោយផលិតកម្ម ហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈ្មោះ ។
នាងខ្ញុំ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក អ៊ឹង សុខលាភនាយក គ្រប់គ្រងការផលិតរបស់ ផលិតកម្ម ហង្សមាស បងប្រុស ហ្វៃ សំអាង ដែលផ្ដល់កិត្តិយស ដល់នាងខ្ញុំ សម្ដែងជាតួអ្នកអង្គម្ចាស់ស្ត្រី កាមល នាងខ្ញុំសូមជូនពរលោកទាំងពីរ ព្រមទាំងបងប្អូនទស្សនិកជនទាំងអស់ ជួបតែបុណ្យសំណាងល្អ នៅក្នុងជីវិតជារៀងរហូត ។
ដោយឡែកផលិតករលោក ហ្វៃ សំអាង បានប្រកាសនៅលើបណ្តាញសង្គមថា Super stars លោក ទេព រិនដារ៉ូ លោក ស្រី អម្ពរទេវី រាប់រយរឿង ដែលបានសម្តែងរួមគ្នា ទាំងឈុតឆាក កុងកាច់លេបខាយពាក្យសម្តី ក្រមិចក្រមើម ស្នេហាផ្អែមល្ហែម ។ ល។ តារាទាំងពីរដួងនេះ បានឃ្លាតឆ្ងាយ ពីគ្នានៅក្នុងការសម្ដែងយ៉ាងយូរ ធ្វើឱ្យប្រិយមិត្ត អ្នកគាំទ្រស្ទើរតែភ្លេចរសជាតិ ។ នៅក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង : អប្សរាមហាអង្គរ ដែលផលិត ដោយផលិតកម្ម ហង្សមាស តារាទាំងពីរដួងត្រូវ បានអ្នកដឹកនាំសម្ដែង ហ្វៃ សំអាង ចាប់ឲ្យចរចួបគ្នាជាថ្មីម្តងទៀត ដោយអមមកជាមួយឈុតឆាកស្នេហា ផ្អែមល្ហែម ល្វីងជូរចត់ និយាយរួមទៅ គឺមានគ្រប់រសជាតិ ដើម្បីផ្តាំចាស់ នៅលើមាគ៌ាសិល្ប:ភាពយន្តនេះ។
អម្ពរទេវី ជាតួអង្គព្រះនាម អ្នកអង្គម្ចាស់ស្ត្រី កាមល ជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតក ដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ ។ ទេព រិនដារ៉ូ ជាតួអង្គបណ្ឌិតអក្សរសាស្ត្រ ឈ្មោះ ខីណាព្រាហ្មណ៍ ។ រាជនាដកាអប្សរា លង់ព្រះហទយ:ស្នេហ៍ស្និទ្ធបណ្ឌិតអក្សរសាស្ត្រ នៅរៀងរាល់ យប់ថ្ងៃ១៥កើត ខែពេញ បូរណ៍មី អ្នកអង្គម្ចាស់ស្ត្រី កាមល តែងតែយាងមកទ្រង់ព្រះសណ្តាប់ រឿងនិទានបេះដូងរបស់បណ្ឌិត ខីណាព្រាហ្មណ៍ ធ្វើឲ្យ នាង បារមី ដែលជានាដកាប្សរា ដែរ មានចិត្តច្រណែននិន្ទាឈ្នានីស ព្រោះតែបេះដូងរបស់នាង បានធ្លាក់ចូលទៅក្នុងជ្រោះស្នេហ៍ របស់បណ្ឌិតអក្សរសាស្ត្រ នោះដោយដកមិនរួច។ សង្គ្រាមបេះដូងក៏បានផ្ទុះឡើងពេញផ្ទៃរឿងទាំងមូល ។ តួអង្គនាងបារមីត្រូវបានធ្លាក់ទៅលើតារាសម្តែង លី ម៉ារីណា ជាអ្នកគ្រងតែមកលើកនេះត្រូវ អ្នកដឹកនាំសម្ដែងផ្លាស់ប្ដូររសជាតិ សម្តែងរបស់គាត់ដែល បងប្អូនមិនធ្លាប់បានឃើញ គាត់សម្ដែងបែបនេះពីមុនមកទេ រង់ចាំតាមដានតារាទាំងបីដួងនៅលើថ្នាល ស្នេហាត្រីកោណ លោកអ្នកនឹងមាន អារម្មណ៍ស្រលាញ់ ស្អប់ ខ្នាញ់ ខឹង លន្លង់លន្លោចទៅតាមផ្ទៃរឿង។
តាមគម្រោងភាពយន្តភាគខ្នាតធំរឿង អប្សរាមហាអង្គរនេះគ្រោងនឹងចាប់ផ្តើមចេញថត នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុខ វាសនា






