ហេតុការណ៍លិចទូកដរ១គ្រឿងផ្ទុកក្មេងៗសិស្សសាលាវ័យជំទង់ៗជាង ១០ នាក់ ស្ថិតនៅជិតស្ពានអ្នកលឿង ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្កាល កាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកំពុងធ្វើឲ្យមហាជនសម្តែងនូវក្តីសង្វេគចិត្ត អាណិតដល់ក្មេងៗរងគ្រោះយ៉ាងខ្លាំង ដោយពុំដឹងថាពួកគេតស៊ូជីវិតនៅក្នុងទឹកវេទនាប៉ុណ្ណានោះទេ។
គិតមកទល់ម៉ោង ៩ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ កងកម្លាំងសង្គ្រោះចម្រុះទាំងអាជ្ញាធរមូលដ្ឋាន បានរាវរកក្មេងៗសិស្សសាលាប្រុសស្រីរងគ្រោះទាំងនោះ ដោយបានរកឃើញទាំងស្លាប់និងមានជីវិតសរុបចំនួន ១២ នាក់ និងនៅបាត់ខ្លួន ៣ នាក់ទៀត មិនទាន់រកឃើញ។
តែអ្វីដែលរំភើបជំនួសខ្លាំងបំផុតនោះ គឺក្មេងស្រីម្នាក់ ក្នុងចំណោមមិត្តភក្តិរបស់នាងដែលមានអាយុចន្លោះពី ១២ ឆ្នាំ ទៅ ១៤ ឆ្នាំ អាចរួចផុតពីអាយុជីវិតពីហេតុការណ៍លិចទូកនេះដ៏មិននឹកស្មាន។ ដំបូងឡើយ អ្នកលេងបណ្តាញម្នាក់បានប្រាប់ថា ក្មេងស្រីរូបនេះ មិនចេះហែលទឹកទេ ប៉ុន្តែ សំណាង នាងអាចស្រវ៉ាតោងមែកឈើនៅក្បែរកន្លែងលិចនោះទាន់ពេល។
ប៉ុន្តែ បើតាមក្មេងស្រីរូបនោះ ប្រាប់ឲ្យដឹង គឺពុំមានមែកឈើអ្វីនោះទេ ដោយនាងបានរៀបរាប់ថា ទូកដឹកច្រើនពេក ហើយនៅទូកពៀបខាងមុខខ្លាំងទៅហើយ ម្នាក់ៗនាំព្យាយាមទៅប្រមូលម្តុំអង្គុយបន្ថែម ទឹកហូរចូលលិចតែម្តង។ ដោយឡែក និយាយដល់រឿងអាចរួចផុតជីវិតដ៏អស្ចារ្យ នាងតូចដែលពុំចេះហែលទឹក បានប្រាប់ថា នៅពេលទូកលិច នាងក៏បានបោះកាតាបចោល និងខំស្រវេស្រវ៉ាបណ្តែតខ្លួន និងរុញជើងធាក់ទឹក ហើយនៅពេលអស់កម្លាំងខ្លាំង (អស់ដៃអស់ជើង) ឈប់ធាក់ ក៏ស្រាប់ចេះតែអណ្តែតទៅមុខ រហូតដល់ខាង អត់ដឹងថាយ៉ាងម៉េចទេ។
ក្រោយពីបានស្តាប់ការរៀបរាប់របស់នាង ចាស់ៗក៏បាននិយាយរំភើបត្រេកអរថា ប្រហែលមានទេវតាជួយចៅស្រីហើយ ជីវិតចៅថ្លៃណាស់ ចៅអើយចៅ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











