ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ធ្លាក់ពីលើសំណង់អគារមួយកន្លែង បណ្តាលឲ្យស្លាប់បានកើតឡើងនាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់អគារ កម្ពស់៦ជាន់ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិត្ត អាយុជាង២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានទីកន្លែងកំណើត នៅភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ រថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ នៃអង្គភាព៧១១ បានមកពិនិត្យជនរងគ្រោះឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ ក្រុមសង្គ្រោះបានត្រឡប់ ទៅវិញ។ ក្រោយមកម្ចាស់ការដ្ឋាន និងមេកាបានដឹកសព ជនរងគ្រោះចេញពីការដ្ឋានស្ងាត់ៗ ដោយមិន បានរាយការណ៍ទៅកាន់សមត្ថកិច្ចឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ