ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ដល់គោលនយោបាយរបស់គណបក្សនយោបាយមួយ ដាក់ចេញនូវគោលនយោបាយរបស់ខ្លួនថានឹងដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញឱ្យអស់ពីកម្ពុជា ដោយប្រើពេលត្រឹម៨ម៉ោង នៅពេលដែលគណបក្សយុវជនឈ្នះឆ្នោត ឡើងកាន់អំណាច។ សម្តេចប្រតិកម្មថា គោលនយោបាយនេះ ប្រៀបដូចទៅនឹងគោលនយោបាយរបស់ប៉ុលពត ។ សម្តេចបានបន្តទៀតថា កុំនិយាយរឿងជ្រុលនិយមបែបនេះ ហើយបញ្ជាក់ថា ប្រជាជនវៀតណាម គេគ្មានដៃ?
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក ការដាក់ចេញនូវគោលនយោបាយបែបនេះ គ្រាន់តែធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ ភូតភរអ្នកគាំទ្រប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តជាក់ស្តែង ដូចអ្វីដែលគណបក្សយុវជនកម្ពុជានេះ សន្យាជាមួយប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតនៅឡើយ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានមានប្រសាសន៍ថា៖ យន្តការរបស់ពួកបក្ខភូតភរ គេបើកស្អែកក៏បានដែរ រហូតមានអ្នកខ្លះគេថា គេប្រើពេល៨ថ្ងៃ ដើម្បីដេញអន្តោប្រវេសន៍ចេញពីស្រុកខ្មែរ។ សម្តេចថា ខ្ញុំថាស្លាប់ហើយ ៨ម៉ោង អ៊ីចឹងវាទាល់តែ យកកាំភ្លើងទៅបាញ់សម្លាប់ទាំងអស់ ប៉ុន្តែបើមានកាំភ្លើងសម្លាប់ ក៏មិនអាចសម្លាប់អស់ក្នុងរយៈពេល៨ម៉ោងដែរ។ “រហូតដល់ពេលអ្នកខ្លះ គេប្រើពេល៨ថ្ងៃ ដើម្បីដេញជនអន្តោប្រវេសន៍ចេញពីស្រុកខ្មែរ ។ ៨ថ្ងៃ អីចឹងទាល់តែយកកាំភ្លើងទៅបាញ់សម្លាប់ទាំងអស់ ប៉ុន្តែបើទោះបីជាយកមានកាំភ្លើងយកទៅសម្លាប់ទាំងអស់ ក៏គ្មានឱកាសដើម្បីនឹងសម្លាប់អស់ក្នុងរយៈពេល៨ថ្ងៃដែរ ។ កុំនិយាយរឿងជ្រុលនិយមបែបនេះ ឬរបៀបការគិតគូរបែបនេះ គំនិតវិជ្ជាបែបប៉ុលពតមិនអាចទៅរួចទេ។ ប្រជាពលរដ្ឋខ្មែរ២លាននាក់ សម្លាប់ប្រជាជនវៀតណាមឱ្យអស់៦០លាននាក់ ដូចជាស្រួលពេកទេដឹង ។ វៀតណាមគេគ្មានដៃ” សម្តេចបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា ក្នុងវេទិកាតុមូលស្តីពីការបង្ហាញគោលនយោបាយបក្ស ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងនូវគោលនយោបាយអាទិភាពមួយចំនួនរបស់ខ្លួន។ សម្រាប់បញ្ហាជនអន្តោប្រវេសន៍វិញ លោក ពេជ្រ ស្រស់ បានលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយបក្សរបស់លោកនឹងប្រើពេលតែ ៨ម៉ោងប៉ុណ្ណោះ ក្នុងការដេញជនអន្តោប្រវេសន៍ខុសច្បាប់ចែញពីក្នុងប្រទេសកម្ពុជា។ មានការចោទសួរថា រយៈពេល៨ម៉ោងនេះ រៀបចំតែឯកសារមិនទាន់ តើប្រធានបក្សរូបនេះ ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីកម្ពុជាយ៉ាងដូច្នេះ លោក ពេជ្រ ស្រស់ អះអាងថា ជនអន្តោប្រវេសន៍ខុសច្បាប់ គ្មានច្បាប់ឯកសារនោះទេ ដូច្នេះមិនចាំបាច់កសាងឯកសារ ដើម្បីបញ្ជូនចេញនោះឡើយ ពោលអ្នកមកតានយន្តហោះចេញទៅវិញតាមយន្តហោះ អ្នកមកតាមទូកត្រូវទៅវិញតាមទូក៕ ដោយ ៖ បញ្ញាស័ក្តិ