កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ម្សិលមិញនេះ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជសារអំពាវនាវឲ្យកូនចៅព្រះអង្គទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ សម្តេចបន្តថា បណ្តាគណបក្សនយោបាយទាំង២០ សុទ្ធតែបានអំពាវនាវដល់សមាជិករបស់ខ្លួន ទៅចូលរួមបោះឆ្នោត ។
សម្តេចតេជោ បានបន្ថែមថា “ឥឡូវនេះខ្ញុំកំពុងរង់ចាំមើលគោលនយោបាយរបស់មនុស្សមួយក្រុម គឺដេកផ្ទះឈ្នះឯង ។ វាមិនដែលម៉ែអាណា ដេកផ្ទះឈ្នះឯងទេវើយ នៅពេលដែលផ្ទះ សូម្បីតែរកអង្ករច្រកឆ្នាំង ក៏រកមិនបានផង ទាល់តែទៅធ្វើការ ទើបបានអង្ករច្រកឆ្នាំង ។ មិនដែលម៉ែអាណាបង្កើតទ្រឹស្តី ដេកផ្ទះឈ្នះឯង ។ គេសំដៅទៅលើពលរដ្ឋ ដោយអំពាវនាវទៅលើពលរដ្ឋកុំចេញទៅបោះ ឆ្នោត ។ប៉ុន្តែខ្ញុំរងចាំមើល តើគេប្រឆាំងនឹងព្រះមហាក្សត្រ ឬយ៉ាងម៉េច ។ ការប្រឆាំងរាជរដ្ឋាភិបាល ហ៊ុន សែន គឺជារឿងម្ខាង ការ ប្រឆាំងជាមួយគណបក្សនយោបាយនានា ដោយលើកឡើងថាជាបក្សអាប ជាបក្សអំពិលអំពែក បក្សទប់ជើងគ្រែ បក្សរណប រហូតដល់មេដឹកនាំគណបក្សខ្លះអត់ទ្រាំពុំបាន បានឆ្លើយតបទៅវិញ។ តើឥឡូវនេះគេហ៊ានប្រឆាំងជាមួយនឹងព្រះរាជសារព្រះមហាក្សត្រឬទេ? បើគេចេញមុខប្រឆាំង សូមកុំភ្លេចថានេះជាទោសពានវាំងតែម្តង ។ ព្រោះទង្វើបែបនេះច្បាស់ណាស់ថា ថ្ងៃណាមួយគេនឹងបំផ្លាញរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងប្រឆាំងព្រះមហាក្សត្រ ផ្តួលរំលំរាជបល្ល័ង្កតែម្តង”។
នៅថ្ងៃនេះ បានថ្លែងថា ការអំពាវនាវកុំឱ្យប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតរបស់ “ក្រុមដេកផ្ទះឈ្នះឯង” គឺជាការប្រឆាំងនឹងព្រះមហាក្សត្រ ជាម្ចាស់ផែនដី មិនមែនជាការប្រឆាំងជាមួយសម្តេច ឬគណបក្សនយោបាយណាមួយ នោះឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយផ្សព្វផ្សាយទូលំទូលាយ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ដោយព្រះអង្គបានមានព្រះបន្ទូលអំពាវនាវ ឱ្យជនរួមជាតិខ្មែរទាំងអស់ ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាង រាស្ត្រ អាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ការចេញ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រខ្មែរ ក៏បានធ្វើឡើងស្របពេលដែល លោក សម រង្ស៊ី និងក្រុមប្រឆាំងមួយចំនួន អំពាវនាវតាមរយៈបណ្តាញសង្គម Facebook កុំឱ្យប្រជាពលរដ្ឋទៅ បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាការបោះឆ្នោតសកលដ៏សំខាន់មួយ ក្នុងរយៈពេល៥ឆ្នាំម្តង ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំប្រទេស។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីស្ថិតក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមអំពាវនាវ កុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ គឺជាក្រុមប្រឆាំងនឹងព្រះប្រមុខរដ្ឋ ហើយចាត់ទុកព្រះរាជសារដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការទះកំផ្លៀងយ៉ាងធ្ងន់ធ្ងរលើ លោក សម រង្ស៊ី និងក្រុមប្រឆាំង។
សម្តេចបានមានប្រសាសន៍ថា៖ “ព្រះមហាក្សត្រអំពាវនាវ តាមព្រះរាជសារ ឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បើគេអំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត គឺច្បាស់ណាស់ថា នេះជាការប្រឆាំងចំពោះព្រះមហាក្សត្រតែម្តង មិន មែនប្រឆាំងរដ្ឋាភិបាល ហ៊ុន សែន ទេ ឬប្រឆាំងនឹងគណបក្សនយោបាយទាំង២០នោះទេ គឺប្រឆាំងនឹងស្តេចផែនដីតែម្តង។ អ្នកឯងត្រូវចាំ អ្នកឯងត្រូវមួយកំផ្លៀងធ្ងន់ធ្ងរណាស់ ។ ព្រះរាជសារមួយនេះ បើអ្នកឯងបំពានព្រះមហាក្សត្រ ថ្ងៃក្រោយអ្នកឯងបំពានអ្វីក៏បានដែរ។ យើងត្រូវមើលឃើញឲ្យហើយ ។ រឿងស្អីអ្នកឯងមិនហ៊ានធ្វើ សង្គ្រាមអ្នកឯងហ៊ានបង្កើត ការផ្តួលរាជបល្ល័ង្កអ្នកក៏ហ៊ានធ្វើ ហើយត្រូវចងចាំទុក ពួកនេះឈ្នះឆ្នោត ពួកនេះនឹងបង្កើតសង្គ្រាមយ៉ាងពិតប្រាកដ ប៉ុន្តែសង្គ្រាមបានរសាត់ទៅឆ្ងាយហើយ ដោយសារតែអាមេរោគបង្កើតសង្គ្រាម ក៏រលាយទៅបាត់ដែរ”។
កាលពីពេលកន្លងទៅ លោក សម រង្ស៊ី មេចលនាសង្គ្រោះជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដេកផ្ទះ កុំទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះឱ្យសោះ ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ មានព្រះបន្ទូលថា៖ ជនរូបជាតិ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ។ ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះ ឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ និងជំរុញឲ្យកម្មករ កម្មការិនីទាំងអស់ ត្រូវធ្វើយ៉ាងណារួមគ្នាការពារសុខសន្ដិភាព ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍជាតិ ហើយត្រូវរួមគ្នាបង្កើតនូវសហគមការងារមួយល្អប្រសើរនៅតាមរោងចក្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពូមកកាន់ទីនេះក៏មានសំណូមពរចំពោះក្មួយៗ ខិតខំធ្វើយ៉ាងមិចដើម្បីចូលរួមរក្សាសន្ដិភាព ចូលរួមរក្សានូវស្ថេរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍ ហើយធ្វើយ៉ាងមិចប្រែក្លាយរោងចក្រមួយឲ្យក្លាយជាសហគមន៍ ប្រកបដោយសុខដុមរមនាមួយ តាមរយៈទំនាក់ទំនងល្អក្នុងវិស័យការងារ រវាងថៅកែរោងចក្រ ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជាមួយកម្មករ កម្មការិនី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផល និងអ្វីៗដែលកម្មករកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ មិនមែនបានមកពីបាតដៃរបស់បក្សប្រឆាំង ដែលត្រូវបានរំលាយព្រោះទង្វើក្បត់ជាតិនោះទេ។
សម្តេចតេជោ បានថ្លែងថា មុននេះមានពួកប្រឆាំង ឬហៅថាគណបក្សប្រឆាំង តែងនិយាយថាការតំឡើងបៀរវត្សរបស់កម្មករ កម្មការិនីគឺបានមកពីការទាមទាររបស់គេ ប៉ុនតែអីឡូវគណបក្សប្រឆាំងបានស្លាប់ទៅហើយតៀបៀរវត្សវានៅកើនទៀតទេ គឺវានៅតែកើនហ្នឹងអ៊ីចឹងមានន័យថា តាំងពីដើមរៀងរហូតមកបៀវត្សរ៍មិនមែន កើនដោយសារការទាមទាររបស់ពួកប្រឆាំងទេ គឺបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើហេតុអ្វីបានជាគេថា មិនមានភារកិច្ចកសាងផ្លូវថ្នល់ ឬប្រឡាយទឹក និងមិនមានភារកិច្ចសូម្បីតែសាងសង់បង្គន់មួយ សម្រាប់ពលរដ្ឋនោះទេ តែបែរមានគំនិតកេងចំណេញក្នុងចំណោមកម្មកររបស់យើងទៅវិញ ត្រង់ចំណុចនេះក្មួយៗ កាន់តែភ្លឺភ្នែកថាបក្សប្រឆាំងងាប់រលាយទៅជាផេះហើយ ប៉ុន្តែហេតុអីបានជាប្រាក់បៀរវត្សរបស់ម្មករ-កម្មការិនី នៅតែឡើងបូកបន្ថែមជាមួយប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតដូចជាក្មួយៗ កម្មការិនីដែលបានឆ្លងទន្លេ ដោតទួលបាននូវអត្ថប្រយោជន៍ ទៅលើការឈប់សម្រាក់រយៈពេល៣ខែ ជាមួយនឹងប្រាក់១២០ភាគរយផងដែរ៕ ដោយ៖បញ្ញាស័ក្តិ