ហេតុការណ៍លិចទូកដឹកក្មេងៗសិស្សសាលាចំនួន ១៥ នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណជាង ៦ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានធ្វើឲ្យប្រពលរដ្ឋខ្មែរទូទាំងប្រទេស ពិតជាមានការតក់ស្លុត រន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹងនៃហេតុការណ៍នេះ និងជាពិសេសនោះ គឺអាណិតទៅដល់ក្មេងៗដែលបានស្លាប់ ដែលមិនគួរណាត្រូវបង់សង្ខារនៅក្នុងទឹកដ៏វេទនាបំផុតបែបនេះសោះឡើយ។
គួរបញ្ជាក់ថា មានក្មេងៗប្រុសស្រីចំនួន ១១ នាក់ បានស្លាប់ និង៤នាក់ បានរួចផុតពីអាយុជីវិតដ៏មហាសំណាងបំផុត។ បើតាមក្មេងៗដែលនៅមានជីវិតពីហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យលិចទូក គឺដោយសារតែផ្នែកខាងមុខទូក ពៀបខ្លាំង ហើយទឹកក៏បានហូរចូល ធ្វើឲ្យម្នាក់ៗមានការភ័យជ្រួលច្របល់ បណ្តាលឲ្យផ្អៀងទូកលិចតែម្តង ខណៈនៅសល់ចម្ងាយត្រឹមតែជិត ២០ ម៉ែត្រ ទៀតប៉ុណ្ណោះ ដល់ច្រាំង។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងបំផុតនោះ គឺក្រោយករណីនេះបានកើតឡើង ស្រាប់តែអាជ្ញាធរបែរជាចាប់ស្រ្តី២នាក់ជាម្ចាស់ទូកដរទៅវិញ។ ក្នុងនោះ ស្រ្តីម្នាក់ឈ្មោះ ឆឹង ស្រីនាង អាយុ ៦៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឆឹង វណ្ណា អាយុ ៥២ ឆ្នាំ ។ ស្រ្តីម្ចាស់ទូកទាំងពីរត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
ពិតណាស់ ជាមួយនឹងទង្វើហាក់ចម្លែកៗនេះផងដែរ មហាជនពិតជាមានការហួសចិត្តគ្រប់ៗគ្នាតែម្តង។ ក្នុងនោះ ពលរដ្ឋម្នាក់បានបញ្ចេញមតិដាក់ឲ្យបែបនេះថា៖ «បើជ្រុលជាឃាត់ខ្លួនម្ចាស់ទូកហើយ សូមឃាត់ខ្លូនអភិបាលស្រុក មេឃុំ មេភូមិ ប្រធានមន្ទីអប់រំ និងប្រធានមន្ទីសាធារណការផង ព្រោះសុទ្ធតែជាអ្នកត្រូវទទួលខុសត្រូវក្នុងរឿងនេះ។(ខំមិនរបស់អ្នកលេងបណ្តាញសង្គមម្នាក់) ឯណាការទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំ? ខុសតែពលរដ្ឋទេឬ? វាជាកំហុសរបស់ប្រព័ន្ធអភិបាលទាំងមូល»។
រីឯម្នាក់ទៀត ក៏បានដាក់ជាសំនួរលើកឡើងស្រដៀងគ្នាថា៖ «ស្អីគេ! ឃាត់ខ្លួនស្រ្តីពីរនាក់ដែលជាម្ចាស់ទូកដរ ចុះអាជ្ញាធរមូលដ្ឋានគួរតែមានចំណែកទទួលខុសត្រូវដែរទេ រឺ ទំលាក់កំហុសដាក់ម្ចាស់ទូកហើយអស់លោករួចខ្លួន? បើនៅស្រុកគេវិញ ប្រហែលអាជ្ញាធរគេសុំលាលែងដំណែង តាំងពីចៅហ្វាយខេត្ត រហូតដល់មេភូមិហើយ នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរ។
ពាក្យចាស់ពោលថា ទង្វើល្អ100ដង ខុសម្ដង រលាយរឿងល្អគ្មានសល់ ពេលកន្លងមក ពួកគាត់នេះហើយ ជាអ្នកចំម្លងក្មេងៗទាំងទៅទាំងមក សង្ឃឹមថា សមត្ថកិច្ចនឹងមានដំណោះស្រាយណាមួយសម្រាប់ពួកគាត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







