ភ្នំពេញ ៖ នគរបាលបានបង្ក្រាបករណីលក់និងចែកចាយបារី ៥៥៥ ក្លែងក្លាយជាង ១០០០ សុង នៅក្នុងផ្សារធំថ្មី និងផ្ទះ លេខ២៨Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រតិបត្តិការណ៍នេះធ្វើឡើងដោយសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនៅ ព្រឹកថ្ងៃអង្គារ ទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើ ឡើងដោយយោងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន British American Tobacco ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខលើបារី ៥៥៥ ក្នុងព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចក៏ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនៅថ្ងៃនេះ ដោយសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យលើទីតាំងចំនួន៣ ក្នុងនោះមាន ៖ តូបលក់បារីលេខ ០០១ និង ០០២ និងតូបគ្មានលេខជាប់គ្នាក្នុងផ្សារធំថ្មី ដកហូតបានបារី ៥៥៥ ក្លែងក្លាយសរុបចំនួន ៣២សុង និងបានបន្តទៅឆែក ឆេរផ្ទះលេខ ២៨ Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី០១ ខណ្ឌដូនពេញ ដែលមានម្ចាស់ឈ្មោះ ឈួន ឆេង ភេទ ប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ(ជាម្ចាស់តែមួយជាមួយតូបលេខ ០០១+០០២ នៅក្នុងផ្សារថ្មី ដោយសមត្ថកិច្ចបានរកឃើញបារី ៥៥៥ក្លែងក្លាយសរុបចំនួន ២០ប៊ិច និង ២៤សុង ស្នើនឹង១០២៤សុង និងបានដកហូតវត្ថុតាងទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ