Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩ខែ នៃឆ្នាំ២០២២ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ប្រមាណ ២,៤៧០គ្រឿង ត្រូវបានពិន័យ

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធានលេខាធិការដ្ឋាន ស្ថានីយជញ្ជីងទាំង ៣៣ និងសមាជិក សមាជិកានៃលេខាធិការដ្ឋាន។

យោងតាមរបាយការណ៍នៃការអនុវត្តការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ រថយន្តត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២.៧៤% ដោយនៃរថយន្តសរុប និងរថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង។

អង្គប្រជុំបានលើកឡើងពីការងារអនុវត្តបានក្នុងរយៈពេលបីត្រីមាសនេះ ដូចជាចុះផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ ឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចកទេស ស្ដីពីការដឹកជញ្ជូនដើម្បីបញ្ចៀស ឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ជាតិកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង។ បន្ថែមពីនេះ គណៈកម្មាធិការបានដាក់ប្រើប្រាស់ជញ្ជីងឌីណាមិចចំនួន ៤ស្ថានីយបន្ថែម និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពាររន្ទះនៅគ្រប់ស្ថានីយ ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ។

ក្នុងទិសដៅការងារបន្ទាប់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងបន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូនលើសទម្ងន់ជាពិសេសច្បាប់ផ្លូវថ្នល់មាត្រា៦០ ដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ និងសហការជាមួយភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ នឹងពង្រឹងការគ្រប់គ្រង និងការអនុវត្តការងារដូចជា ការសាងសងស្ថានីយថ្មី ការរុះរើ និងជួសជុលស្ថានីយ និងការតភ្ជាប់បណ្តាញបច្ចេកវិទ្យាពីគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ មកទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរដល់មន្រ្តីដែលបានខិតខំអនុវត្តការងារកន្លងមក និងជម្រុញមន្រ្តីទាំងអស់ឱ្យខិតខំ បន្តអនុវត្តការងាររឹតបន្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព និងសហការល្អជាមួយដៃគូពាក់ព័ន្ធ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×