កំពង់ចាម ៖ ក្រោយពីមានការរិះគន់ លើបណ្តាញសង្គមហ្វេសប៊ុក អំពីការលង់លក់របស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា រហូតមកដល់ពេលនេះ មន្ត្រីនគរបាលទាំងបីរូបនោះ មិនត្រូវបានដាក់ពិន័យនោះ ប៉ុន្តែបែរជាមន្ត្រីនគរបាលពីររូបដែលថតនិងបង្ហោះរូបនោះ ត្រូវបានដាក់ពិន័យបញ្ឈជើងទៅវិញ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចេញលិខិតបង្គាប់ ដាក់ពិន័យមន្ត្រីនគរបាល២រូប។ លិខិតបង្គាប់ការ ត្រូវបានបង្គាប់លោកវរសេនីយ៍ត្រី យូ ភិរុណ អធិការរងទទួលដឹកនាំការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ឲ្យទទួលភារកិច្ច ជាអធិការស្តីទី ជំនួសលោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើដែលកំពុងជាប់វិន័យនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងចំណែកវរសេនីយ៍ត្រី ជីវ សេងរស់ នាយករងការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យទទួលភារកិច្ចជានាយការិយាល័យស្តីទី នៃការិយាល័យប្រឆាំងគ្រឿងញៀន ជំនួនលោកវរសេនីយ៍ឯក អ៊ឹម ស៊ាងឌី ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ដែលកំពុងជាប់វិន័យ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលជាអ្នកថត និងអ្នកបង្ហោះ ត្រូវបានដកមកបញ្ឈជើង។
ប្រភពបញ្ជាក់ថា អធិការស្រុកចំការលើជាអ្នកថត ហើយប្រធានការិយាល័យប្រឆាំងគ្រឿងញៀន គឺជាអ្នកបង្ហោះរូបថត។ ប៉ុន្តែលោកអធិការស្រុក គ្រាន់តែថត រួចបាញ់រូបថតចូលបណ្តាញទំនាក់ទំនង Whatsaap ទៅឲ្យលោក អ៊ឹម ស៊ាងឌី ប្រធានការិយាល័យគ្រឿងញៀន គ្រាន់ជាការលេងសើចតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រោយពីមានការរិះគន់លើបណ្តាញសង្គម Facebook អំពីការលង់លក់របស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានកិត្តិយស សូមបំភ្លឺនិងធ្វើការបកស្រាយជូនមតិសាធារណជននិងបណ្តាញសង្គម Facebook ទាំងអស់ឱ្យបានជ្រាបថា មន្ត្រីទាំង៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដ៏ទៃទៀតក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពាររហូតដល់ម៉ោង១រំលងអធ្រាត្រហើយដល់ម៉ោង២បានចេញដំណើរទៅចូលរួមកម្មវិធីហេតុនេះហើយបានជាទម្រេតខ្លួនបន្តិចមែន តែការទំរេតខ្លួនរបស់គាត់នេះគឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថាគឺពេលរង់ចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសុន្ទរកថានោះទេ នៅពេលដែលសម្តេចអញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្តលង់លក់ក្នុងដំណេកដូចក្នុងរូបភាពបង្ហោះតាមបណ្តាញសង្គមFacebook ឡើយ ។ ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គម Facebook ទាំងអស់មេត្តាជួយកែតម្រូវអត្ថបទ និងការបរិយាយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសបុគ្គលក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិទាំងមូលផងដែរ ។ ស្នងការនគរបាលខេត្ត សង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណមតិ និង បងប្អូនបណ្តាញសង្គម Facebook ទាំងអស់ពិតជាយល់ និងផ្តល់នូវកិត្តិយសសេចក្តីថ្លៃថ្នូរជូនដល់ពួកគាត់វិញឱ្យបានសក្តិសមតាមស្នាដៃដែលគាត់បានលះបង់តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមកនេះ ៕ ដោយ៖បញ្ញាស័ក្តិ